​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កិច្ចព្រមព្រៀង​នាវាមុជទឹក​នុយក្លេអ៊ែរ​ដ៏​សំខាន់​មួយ​រវាង​សហរដ្ឋ​អាម៉េរិក អូស្ត្រាលី និង​អង់គ្លេស​បាន​គូសបញ្ជាក់​ពី​ការព្រួយបារម្ភ​អំពី​អំណាច​យោធា​កើន​ឡើង​របស់​ចិន ប៉ុន្តែ​វា​នឹង​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ទៀត​មុន​ពេល​នាវា​ថ្មី​នេះ​អាច​ជួយ​ទប់ទល់​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ការពង្រីក​ឥទ្ធិពល​របស់​ខ្លួន​។​

​កិច្ចព្រមព្រៀង ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង AUKUS នឹង​ឃើញ​អូស្ត្រាលី​ជំនួស​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​ប្រេងម៉ាស៊ូត​របស់ខ្លួន​ជាមួយនឹង​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអែរ ដែល​មាន​សមត្ថភាព​បំបាំងកាយ​ជាង​មុន និង​បើក​បាន​ឆ្ងាយ​ជាង​មុន ដែល​ដំបូង​នឹង​ទិញ​តាមរយៈ​សហរដ្ឋ​អាម៉េរិក ហើយ​បន្ទាប់​មក​នាវាមុជទឹក​នេះ​នឹង​ផលិត​ក្នុង​ប្រទេស​អូស្ត្រាលី​តែម្តង​។​

​ប៉ុន្តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ជួប​នឹង​បញ្ហា​ប្រឈម​ជាច្រើន រួម​ទាំង​ការ​កំណត់​កាលបរិច្ឆេទ​យូរ​និង​តម្រូវការ​សម្រាប់​ការពង្រីក​សមត្ថភាព​ផលិតកម្ម ខណៈ​ចិន​កំពុង​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​កងកម្លាំង​ប្រដាប់អាវុធ​របស់​ខ្លួន​និង​បន្ត​ការទាមទារ​ទឹក​ដី​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​យ៉ាង​ខ្លាំងក្លា ដោយ​គំរាមកំហែង​ដល់​ឧត្តមភាព​ខាង​យោធា​ដែល​កាន់កាប់​ជា​យូរ​មក​ហើយ​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅក្នុង​តំបន់​នេះ​។​

​លោក ឆា​ល អេ​ឌែ​ល (Charles Edel) ទីប្រឹក្សា​ជាន់ខ្ពស់​នៅ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​បាន​និយាយ​នៅក្នុង​ព្រឹត្តិការណ៍​ថ្មីៗ​នេះ​ថា “​ប្រទេស​នីមួយៗ​មាន​ហេតុផល​ខុសគ្នា​បន្តិចបន្តួច​សម្រាប់ AUKUS ប៉ុន្តែ​ចិន​ជា​ហេតុផល​ចម្បង​”​។​

​លោក​បាន​និយាយថា “​ចិន​មិន​ត្រូវ​បាន​លើកឡើង​ទេ នៅពេល​ដែល​កិច្ចព្រមព្រៀង​AUKUS ត្រូវបាន​ប្រកាស​ជា​លើកដំបូង ទោះបីជា​ការកើនឡើង​នៃ​អំណាច​យោធា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ការប្រើប្រាស់​ភាព​គឃ្លើន​របស់​ខ្លួន​កាន់តែ​ខ្លាំងក្លា​ឡើង​ក្នុង​ទសវត្សរ៍​កន្លងមក គឺ​ជា​កម្លាំង​ជំរុញ​នៅ​ពីក្រោយ​វា​ក៏​ដោយ​”​។​

​សហរដ្ឋ​អាម៉េរិក​ចាត់ទុក​ចិន​ជា​បញ្ហា​ប្រឈម​ដ៏​វិសេសវិសាល​បំផុត​របស់​ខ្លួន ហើយ​កំពុង​ព្យាយាម​រារាំង​សកម្មភាព​យោធា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ជាពិសេស​នៅពេល​និយាយ​អំពី​តៃវ៉ាន់​។​

​ក្រុមមន្ត្រី​អាម៉េរិក​បាន​និយាយថា ចិន​ចង់ឱ្យ​យោធា​របស់​ខ្លួន​ត្រៀម​ខ្លួន​ដើម្បី​ឈ្លានពាន​តៃវ៉ាន់​នៅ​ត្រឹម​ឆ្នាំ ២០២៧​។​

​ប៉ុន្តែ​អូស្ត្រាលី​នឹង​មិន​ទទួលបាន​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអែរ​ដំបូង​របស់​ខ្លួន ដែល​ជា​នាវា​ក្នុង​ប្រភេទ​ថ្នាក់ Virginia ដែល​បាន​ទិញ​ពី​សហរដ្ឋ​អាម៉េរិក រហូត​ដល់​ទសវត្សរ៍​ឆ្នាំ ២០៣០ ដែល​នេះ​មានន័យថា​ពួកគេ​នឹង​យឺត​ពេល​ក្នុង​ការជួយ​កម្ចាត់​សកម្មភាព​យោធា​របស់​ចិន​មុន​ពេល​នោះ​៕

នាវាមុជទឹក​ប្រភេទ​ថ្នាក់ Virginia ឆ្លងកាត់​ការសាកល្បង​នៅ​សមុទ្រ​ប្រា​វ៉ូ (Bravo) ក្នុង​ឆ្នាំ ២០០៩