ដោយៈ មេក វិ​ន បុគ្គលិក​មជ្ឈមណ្ឌល​ស​ន្តិ​ភាព​អន្លង់វែង​/ភ្នំពេញ៖​នៅ​ខែមីនា ឆ្នាំ​២០២៣ មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានរៀបចំ​ទទួល​ស្វាគមន៍​សិស្សានុសិស្ស​មកពី​វិទ្យាល័យ​តេ​ជោ​សែន សំរោង ចំនួន​២៨​នាក់ គឺ​ស្រី​ចំនួន​២០​នាក់ និង​ប្រុស​ចំនួន​០៨​នាក់ មក​ទស្សនកិច្ច​សិក្សា​ឈ្វេងយល់​អំពី «​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និង «​ប្រ​វ​ត្ដិ​សាស្ដ្រ​សហគមន៍​អន្លង់វែង​»​។



កន្លងមក មាន​សិស្សានុសិស្ស​ចំនួន​២៣​នាក់ មកពី​វិទ្យាល័យ​តេ​ជោ​សែន​សំរោង បានមក​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​មជ្ឈមណ្ឌល​ស​ន្តិ​ភាព​អន្លង់វែង​រួចហើយ​។ នេះ​ជាការ​ទទួល​ស្វាគមន៍​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​តេ​ជោ​សែន​សំរោង ជា​លើក​ទី​ពីរ​នៅក្នុង​ឆ្នាំ​២០២៣ នេះ​។ សិស្សានុសិស្ស​មួយចំនួន​ក៏បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​មុនពេល​ធ្វើដំណើរ​មកកាន់​តំបន់​ប្រវត្តិសាស្ត្រ​អន្លង់វែង​ថា «​ពិតប្រាកដ​ណាស់​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​គឺជា​រឿងរ៉ាវ ដែល​យុវជន​គ្រប់រូប​ត្រូវតែ​ដឹងឮ និង​ខិតខំ​សិក្សា​ឈ្វេងយល់​ឲ្យ​កាន់តែច្បាស់ ព្រោះ​វា​ជា​ប្រវត្តិសាស្ត្រ​ដ៏​ឃោរឃៅ​។

កេរដំណែល​ដែល​បាន​សេសសល់​ពី​សម័យ​ខ្មែរក្រហម​នៅ​តំបន់​ប្រវត្តិសាស្ត្រ ពិត​ជាមាន​អត្ថន័យ​ធំធេង​ណាស់​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​ដូចជា​ពួក​ខ្ញុំ ដោយសារ​ទីតាំង​នីមួយៗ​សុទ្ធតែ​មានការ​ចងចាំ មាន​អត្ថន័យ​ខុសៗ​ពីគ្នា ហើយ​មាន​ទាំង​រឿងរ៉ាវ​ល្អ និង​រឿងរ៉ាវ​អាក្រក់​។ អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ​គឺ យើង​បាន​ឈ្វេងយល់ និង​ដឹងឮ​ពីការឈឺ ចាប់ និង​ទុក្ខលំបាក​របស់​ប្រជាជន​នៅក្នុង​របប​ខ្មែរក្រហម​។ ប្រជាជន​ខ្មែរ​គ្រប់រូប​ត្រូវតែ​ការពារ​កុំ​ឱ្យ​ប្រទេសជាតិ​ធ្លាក់ចូល​ទៅក្នុង​អតីតកាល​ម្ដងទៀត​។ សង្គមជាតិ​មួយ ប្រសិនបើ​មិនមាន​អតីតកាល​ទេ ក៏​មិន​អាចមាន​អនាគតកាល​បានដែរ​»​។​

​ការសិក្សា​ឈ្វេងយល់​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ គឺ​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​ចំពោះ​សិស្សានុសិស្ស ក៏ដូចជា​យុវជន​យុវនារី​ជំនាន់​ក្រោយ​។ តំបន់​ប្រវត្តិសាស្ត្រ​អន្លង់វែង គឺជា​ទីតាំង​សំខាន់​សម្រាប់​ផ្ដល់នូវ​ចំណេះដឹង ការស្រាវជ្រាវ រួមទាំង​ការផ្ដល់​នូវ​គំនិត​ថ្មីៗ​ជាច្រើន​ដល់​អ្នកសិក្សា​។ ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ គឺជា​ប្រវត្តិសាស្ត្រ​ក៏​ឃោរឃៅ និង​ព្រៃផ្សៃ ដោយបាន​កាប់សម្លាប់​ប្រជាជន​ស្លូតត្រង់​អស់​ជាង​ពីរ​លាន​នាក់​។ ប្រជាជន​គ្រប់រូប​ត្រូវតែ​កត់ត្រា​ប្រវត្តិសាស្ត្រ​នេះ​។

​​នៅក្នុង​កម្មវិធី​នេះ បណ្ឌិត លី សុខ​ឃាង នាយក​មជ្ឈមណ្ឌល​សន្តិ​ភាព​អន្លង់វែង​ក៏បាន​ធ្វើការ​បង្ហាញ​នូវ​ប្លង់គោល និង​គម្រោង​អភិវឌ្ឍន៍​ស្រុក​អន្លង់វែង​ទាំងមូល ព្រម​លើកយក​ប្រវត្តិ​នៃ​ការកកើត​ខ្មែរក្រហម​រហូតដល់​មាន​រដ្ឋប្រហារ​ទម្លាក់​ស​ម្ដេច នរោត្តម សីហនុ ក្នុង​ឆ្នាំ​១៩៧០ មក​បង្ហាញ​ដល់​សិស្សានុសិស្ស​។ បន្ទាប់ពី​បណ្ឌិត លី សុខ​ឃាង ធ្វើ​បទ​បង្ហាញ​ដល់​សិស្សានុសិស្ស​រួច ក្រុមការងារ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​នាំ​សិស្សានុសិស្ស​ទៅ​មើល​សារមន្ទីរ​ផ្ទះ​តា​ម៉ុក​។ សារមន្ទីរ​នេះ​គឺជា​ទីកន្លែង​មួយ​សម្រាប់​ផ្ដល់នូវ​ចំណេះដឹង​ដល់​សិស្សានុសិស្ស និង​ជាទី​កន្លែង​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ចូលមក​ទស្សនា​។ បន្តម​កទៀត​សិស្សានុសិស្ស​បន្តដំណើរ​ទៅ​មើល​កន្លែង​ដុត​សព សុន សេន​, ចេតិយ តា​ម៉ុក និង​ទីកន្លែង​ដុត​សព​របស់ ប៉ុល ពត ដែលជា​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​។ ក្រោយពី​បាន​ពិនិត្យមើល​ពី​ទីតាំង​សំខាន់ៗ​ទាំង​៤​កន្លែង​ខាងលើនេះ​រួចរាល់ សិស្សានុសិស្ស​បាន​បន្តដំណើ​រ​ឡើងទៅ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង (​អតីត​ផ្ទះ​ប្រជុំ​តា​ម៉ុក​) ស្ថិតនៅលើ​ខ្នងភ្នំ​ដងរែក ដែល​បច្ចុប្បន្ននេះ​ត្រូវបាន​ប្រែក្លាយ​ទៅជា​ទីកន្លែង​អប់រំ​ស្តីពី សន្ដិភាព និង​សិទ្ធិមនុស្ស ដល់​យុវជន​ជំនាន់​ក្រោយ​។ នៅក្នុង​ដំណើរ​ទស្ស​កិច្ច​នេះ ក្រុមការងារ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់ ក៏បាន​ដឹកនាំ​សិស្ស​ទាំងអស់​ទៅ​ទស្សនា​វត្ត​អូរ​គ្រ​ញ៉ូ​ង ដើម្បី​សិក្សា​ឈ្វេងយល់ និង​គយគន់​ទេសភាព​នៅ​ទីនោះ​មុននឹង​ធ្វើដំណើរ​ត្រឡប់ទៅផ្ទះ​វិញ​។​

​​នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​នេះ សិស្សានុសិស្ស​បានបង្ហាញ​នូវ​ចំណាប់អារម្មណ៍​ទាក់ទង​នឹង​តំបន់​ប្រវត្តិសាស្ត្រ​អន្លង់វែង​ដូចខាងក្រោម​៖

​សឹង ប៊ុន​សុង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ គឺជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ តេ​ជោ​សែន​សំរោង បាន​និយាយ​រៀបរាប់​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន​បន្ទាប់ពី​បាន​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​ថា «​ជាការ​ពិតណាស់ ខ្ញុំ​ពិតជា​មានចិត្ត​សប្បាយរីករាយ​ជាខ្លាំង​នូវពេលដែល​ខ្ញុំ​បាន​មកដល់​ស្រុក​អន្លង់វែង​។ ទោះបីជា​ដៃ និង​ជើង របស់ខ្ញុំ​ពិការ​តាំងពី​កំណើត ដែល​បង្ករ​ឲ្យ​ខ្ញុំ​ពិ​កាក​ក្នុង​ការដើរ មិន​ដូច​មិត្តភក្តិ​ដទៃទៀត​ក៏ដោយ ប៉ុន្តែ​ខ្ញុំ​ពិតជា​សប្បាយរីករាយ​ដែល​បាន​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​។ មិត្ត​ភ​ក្កិ​ខ្ញុំ មិនមាន​ការរើសអើង​ខ្ញុំ​ដែលជា​ជនពិការ​ឡើយ​។ មិត្តភក្តិ​ខ្ញុំ​តែងតែ​លើកទឹកចិត្ត និង​ជួយ​ទុក្ខ​ធុរៈ​ខ្ញុំ​ជានិច្ច​។ ខ្ញុំ​យល់ថា​សង្គមជាតិ​យើង​បច្ចុប្បន្ននេះ​មិនមាន​ការរើសអើង​ជនពិការ មិន​រើសអើង​ពណ៌​សម្បុរ ឬ​ពូជសាសន៍​នោះទេ​។ ខ្ញុំ​រីករាយ​ដែល​បាន​ចូលរួម​កម្មសិក្សា​ឈ្វេងយល់​ពី​ប្រវត្តិសាស្ត្រ​នៅ​តំបន់​អន្លង់វែង​៕សរន

សិស្សានុសិស្ស​មកពី​វិទ្យាល័យ​តេ​ជោ​សែន សំរោង ចំនួន​២៨​នាក់ គឺ​ស្រី​ចំនួន​២០​នាក់ និង​ប្រុស​ចំនួន​០៨​នាក់ មក​ទស្សនកិច្ច​សិក្សា​ឈ្វេងយល់​អំពី «​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និង «​ប្រ​វ​ត្ដិ​សាស្ដ្រ​សហគមន៍​អន្លង់វែង​» នៅ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)