ដោយៈ ទូច វណ្ណេត និងលី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម/ភ្នំពេញ៖នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ សិស្សានុសិស្សវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន សង្កើប ថ្នាក់វិទ្យាសាស្ត្រពិត ចំនួន៥៥នាក់ បានមកចូលរួមវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) រៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ វេទិកាថ្នាក់រៀននេះធ្វើឡើងក្នុងគោលបំណងបង្កើនចំណេះដឹងដល់សិស្សានុសិស្សស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជានាពេលអនាគត។
ជាកិច្ចចាប់ផ្ដើម លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា ចាប់ផ្ដើមធ្វើបទបង្ហាញរបស់ខ្លួនស្ដីពីប្រវត្តិសាស្ត្រខ្មែរក្រហម ដោយបានផ្ដោតទៅលើព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងរបបខ្មែរក្រហម រួមមាន ការធ្វើរដ្ឋប្រហាររបស់ លន់ នល់, ការផ្ទុះសង្គ្រាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម, ការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុង និងទីប្រជុំជន និងការកាប់សម្លាប់ទៅលើប្រជាជន។ ជាចុងក្រោយលោក ផេង ពង្សរ៉ាស៊ី ពន្យល់បន្ថែមទៅលើនិយមន័យ និងវិធីសាស្ត្រទប់ស្កាត់ឧក្រិដ្ឋកម្មឃោឃៅ និងប្រល័យពូជសាសន៍។
បន្ទាប់ពីការធ្វើបទបង្ហាញរបស់វាគ្មិនបានបញ្ចប់, លោក ស៊ាង ចិន្ដា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បន្តដឹកនាំកិច្ចពិភាក្សាទៅលើប្រធានបទការផ្ទុះឡើងសង្គ្រាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម។ មិនយូរប៉ុន្មានបន្ទាប់ពីរដ្ឋប្រហាររបស់ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សង្គ្រាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមបានផ្ទុះឡើង។ កងទ័ពរំដោះខ្មែរក្រហមបានធ្វើសង្គ្រាមប្រឆាំងទាហាន លន់ នល់។ សង្គ្រាមដែលកងទ័ពរំដោះខ្មែរក្រហមបានប្រយុទ្ធជាមួយទាហាន លន់ នល់ គឺរួមមាន៖ សង្គ្រាមផ្លូវគោក សង្គ្រាមផ្លូវទឹក និងសង្គ្រាមប្រជាជន។
នៅពាក់កណ្ដាលឆ្នាំ១៩៧០ កងទ័ពរំដោះខ្មែរក្រហមចូលមកដល់ភូមិសាស្ត្រនានានៅក្នុងខេត្តកំពង់ចាម។ ទាហាន លន់ នល់ បានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកនៅភូមិសាស្ត្រណាដែលមានវត្តមានកងទ័ពរំដោះខ្មែរក្រហមឈរជើង។ កងទ័ពរំដោះខ្មែរក្រហមអាចបានត្រឹមតែព្យាយាមបាញ់កាំភ្លើងពីដីសំដៅទៅលើយន្តហោះទម្លាក់គ្រាប់បែករបស់ទាហាន លន់ នល់ និងបានដកកងកម្លាំងរបស់ខ្លួនចេញពីភូមិសាស្ត្រទម្លាក់គ្រាប់បែក។ បន្ទាប់ពីការទម្លាក់គ្រាប់បែក ទាហានថ្មើរជើង លន់ នល់ ត្រូវបានបញ្ជូនទៅកាន់ភូមិសាស្ត្រទម្លាក់គ្រាប់បែក និងបន្តឈរជើងនៅទីនោះ។
ចន្លោះពីឆ្នាំ១៩៧១ និង១៩៧២ កងទ័ពរំដោះខ្មែរក្រហមធ្វើសង្គ្រាមផ្លូវគោកជាមួយទាហាន លន់ នល់ ដោយបានបើកការវាយប្រហារទៅលើបន្ទាយ លន់ នល់ និងរំដោះតំបន់ផ្សេងៗជាបន្តបន្ទាប់។ ចាប់តាំងពីឆ្នាំ១៩៧៣ ទាហាន លន់ នល់ ត្រូវបានដាក់ឲ្យឈរជើងនៅព្រំប្រទល់ទីរួមខេត្តកំពង់ចាម ដើម្បីត្រៀមប្រយុទ្ធតទល់ជាមួយកងទ័ពរំដោះខ្មែរក្រហមដែលបានដាក់កម្លាំងឡោមព័ទ្ធទីរួមខេត្ត។ ដោយមិនអាចឆ្លងកាត់តំបន់រំដោះតាមផ្លូវគោកបាន ទាហានលន់ នល់ ប្រើប្រាស់ផ្លូវទឹកតាមដងទន្លេមេគង្គ ដើម្បីដឹកសម្ភារសឹក និងស្បៀងចូលទៅទីរួមខេត្តកំពង់ចាម។ កងទ័ពរំដោះខ្មែរក្រហមតែងតែបើកការវាយប្រហារដោយបានបណ្ដែតគ្រាប់បែកបង្កៃកាត់ទន្លេ និងបាញ់ចេញពីច្រាំងទន្លេ។ កងទ័ពរំដោះខ្មែរក្រហមធ្វើសង្គ្រាមផ្លូវទឹកជាមួយទាហានម៉ារ៉ីន លន់ នល់ រហូតដល់ឆ្នាំ១៩៧៥។ បន្ថែមលើបទបង្ហាញដែលលោក ស៊ាង ចិន្ដា លើកឡើងខាងលើនេះ កងទ័ពរំដោះខ្មែរក្រហមក៏បានធ្វើសង្គ្រាមប្រជាជនក្នុងគោលបំណងរក្សាការគាំទ្ររបស់ប្រជាជនរស់នៅក្នុងមូលដ្ឋានចំពោះការធ្វើសង្គ្រាមយកឈ្នះទាហាន លន់ នល់។
ជាចុងបញ្ចប់នៃវេទិកាថ្នាក់រៀនចុងសប្ដាហ៍នេះ សិស្សទាំងអស់បានចុះទស្សនកិច្ចសិក្សាទៅកាន់ចេតិយរំឭកសម្រាប់សហគមន៍ និងការជួបសន្ទនាដោយផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅពេលមកដល់ទីតាំងចេតិយរំឭកសម្រាប់សហគមន៍លោក តុង សុភា និងអ្នកស្រី ប៊ុន ឈួមឡោម អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទទួលស្វាគមន៍សិស្សានុសិស្ស និងនិយាយប្រាប់អំពីបទពិសោធន៍ និងការបាត់បង់សាច់ញាតិក្នុងរបបខ្មែរក្រហម។
បន្ទាប់ពីវេទិកាថ្នាក់រៀនបានបញ្ចប់ យុវសិស្សចូលរួមបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនដូចខាងក្រោម៖ សិស្ស ធីម ស្រីពីន រៀនថ្នាក់ទី១២-A មុខវិជ្ជាវិទ្យាសាស្ត្រពិតនៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សង្កើប បង្ហាញទស្សនយល់ឃើញរបស់ខ្លួនថា «ខ្ញុំសប្បាយចិត្តនៅពេលមកដល់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ ខ្ញុំយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រខ្មែរក្រហម រួមមាន ប្រវត្តិមេដឹកនាំខ្មែរក្រហម, ការធ្វើការងារហួសកម្លាំង, ការបែកបាក់គ្រួសារ និងការបាត់បង់សាច់ញាតិ។ ខ្ញុំនឹងយកចំណេះដឹងដែលទទួលបានពីវេទិកាទៅចែករំលែកជាមួយមិត្តភក្តិ និងសាកសួរយាយអំពីបទពិសោធន៍របស់គាត់ក្នុងរបបខ្មែរក្រហម»។
សិស្ស នៅ ស្រីស រៀនថ្នាក់ទី១២-A មុខវិជ្ជាវិទ្យាសាស្ត្រពិតនៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សង្កើប លើកឡើងថា «វេទិកាថ្នាក់រៀនចុងសប្តាហ៍គឺល្អសម្រាប់ខ្ញុំដែលកំពុងរៀនថ្នាក់ទី១២ និងត្រៀមប្រឡង ពីព្រោះខ្ញុំទទួលបានចំណេះដឹងច្រើនបន្ថែមទៀតលើមុខវិជ្ជាដែលខ្ញុំបានរៀននៅក្នុងថ្នាក់»។
សិស្ស វួន សុភា រៀនថ្នាក់ទី១២-A មុខវិជ្ជាវិទ្យាសាស្ត្រពិតនៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សង្កើប និយាយថា «ការឃើញរូបភាព ការស្ដាប់បទបង្ហាញរបស់លោកគ្រូ ការស្ដាប់បទពិសោធន៍របស់អ៊ំៗដែលឆ្លងកាត់របបខ្មែរក្រហម និងការចុះទៅដល់ទីតាំងចេតិយរំឭក ធ្វើឲ្យខ្ញុំយល់ដឹងអំពីទុក្ខលំបាក និងវិនាសកម្មបន្សល់ទុកពីរបបខ្មែរក្រហម។ ខ្ញុំនឹងនាំយកចំណេះដឹងដែលខ្ញុំទទួលបានពីវេទិកានេះទៅប្រាប់មិត្តភិក្ដិផ្សេងទៀតដែលមិនបានមកចូលរួមវេទិកានេះ»៕សរន
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ សិស្សានុសិស្សវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន សង្កើប ថ្នាក់វិទ្យាសាស្ត្រពិត ចំនួន៥៥នាក់ បានមកចូលរួមវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) រៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)