ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ថ្ងៃទី១៤មីនានេះគឺជាថ្ងៃចុងក្រោយ ហើយ ដែលក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំ របស់កម្ពុជាបោះជម្រំហ្វឹកហាត់នៅកោះសាមុយប្រទេសថៃ។
ថ្ងៃទី១៥មីនាស្អែកនេះពួកគេនឹងចេញដំណើរពីកោះសាមុយមកកាន់ប្រទេសកម្ពុជាវិញដើម្បីបន្ដហ្វឹកហាត់ត្រៀមចេញទៅ ប្រកួតក្នុងព្រឹត្តិការណ៍Merlion Cup 2023នៅប្រទេសសឹង្ហបូរីហើយក្រោយពីចប់ព្រឹត្តិការណ៍ Merlion Cup 2023 ក្រុមកម្ពុជានឹងចេញទៅបន្តបោះជំរំហ្វឹកហាត់នៅប្រទេសថៃរហូតកៀកស៊ីហ្គេមទើបត្រឡប់មកវិញ។
សម្រាប់ព្រឹត្តិការណ៍ Merlion Cup 2023មានក្រុមចំនួន៤ចូលរួមគឺកម្ពុជា សឹង្ហបូរីដែលជា ម្ចាស់ផ្ទះ ហុងកុង និងម៉ាឡេស៊ី។ដោយសារតែមានក្រុមបែបនេះការប្រកួតនឹងចាប់ផ្ដើមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្ដង ។
ក្រុមដែលឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះនឹងប្រកួតគ្នាដណ្ដើមថានៈជាជើងឯក។រីឯក្រុមដែលចាញ់ប្រកួតគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣។នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះកម្ពុជាត្រូវជួបជាមួយម៉ាឡេស៊ីថ្ងៃទី២៤មីនាចំពោះសឹង្ហបូរីជួបជាមួយហុងកុងថ្ងៃទី២៤មីនាដូចគ្នា៕សរន-PC