ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ ភាគហ៊ុននៅក្នុងធនាគារជុំវិញពិភពលោកបានធ្លាក់ចុះកាលពីថ្ងៃចន្ទទី១៣មីនា បើទោះបីជាមានការធានាឡើងវិញពីប្រធានាធិបតីអាម៉េរិកថា ប្រព័ន្ធហិរញ្ញវត្ថុរបស់អាម៉េរិកមានសុវត្ថិភាពក៏ដោយ។
រឿងនេះកើតឡើងបន្ទាប់ពីអាជ្ញាធរត្រូវបង្ខំអោយចូលខ្លួនការពារប្រាក់បញ្ញើរបស់អតិថិជន នៅពេលក្រុមហ៊ុនផ្តល់ប្រាក់កម្ចីអាម៉េរិក គឺធនាគារ Silicon Valley Bank (SVB) និងធនាគារ Signature Bank បានដួលរលំ។
លោក ចូ បៃដិន បានសន្យាធ្វើ “អ្វីៗដែលចាំបាច់” ដើម្បីការពារប្រព័ន្ធធនាគារ។
ប៉ុន្តែវិនិយោគិនបារម្ភថាធនាគារផ្តល់ប្រាក់កម្ចីផ្សេងទៀតអាចនៅតែរងការវាយប្រហារដោយការដួលរលំនេះ ជាហេតុបង្កឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃភាគហ៊ុននៅទូទាំងពិភពលោក។
កាលពីព្រឹកថ្ងៃចន្ទ ធនាគារ Santander របស់អេស្ប៉ាញ និងធនាគារ Commerzbank របស់អាល្លឺម៉ង់បានឃើញតម្លៃភាគហ៊ុនរបស់ពួកគេធ្លាក់ចុះជាង ១០ ភាគរយ។
ធនាគារអាម៉េរិកតូចៗមួយចំនួនបានទទួលរងការខាតបង់អាក្រក់ជាងសមភាគីអឺរ៉ុបកាលពីថ្ងៃចន្ទ ត្បិតមានការធានាដល់អតិថិជនថា ពួកគេមានសាច់ប្រាក់ងាយស្រួលលើសពីគ្រប់គ្រាន់ដើម្បីការពារខ្លួនពីផលប៉ះពាល់។
ការប្រែប្រួលមិនទៀងនេះបាននាំឱ្យមានការរំពឹងទុកថា ធនាគារកណ្តាលអាម៉េរិកឥឡូវនេះនឹងផ្អាកផែនការរបស់ខ្លួនក្នុងការបន្តដំឡើងអត្រាការប្រាក់ ដែលធ្វើឡើងដើម្បីទប់ទល់នឹងអតិផរណា។
លោកបៃដិនបាននិយាយថា មនុស្សនិងអាជីវកម្ម ដែលបានដាក់ប្រាក់ជាមួយធនាគារ Silicon Valley នឹងអាចទទួលបានសាច់ប្រាក់ទាំងអស់របស់ពួកគេចាប់ពីថ្ងៃចន្ទ បន្ទាប់ពីរដ្ឋាភិបាលបានឈានជើងចូលការពារប្រាក់បញ្ញើរបស់ពួកគេយ៉ាងពេញលេញ។
អតិថិជនអាជីវកម្មជាច្រើនបានប្រឈមមុខនឹងការរំពឹងទុកអំពីការមិនអាចបង់ប្រាក់ដល់បុគ្គលិកនិងអ្នកផ្គត់ផ្គង់ បន្ទាប់ពីមូលនិធិរបស់ពួកគេត្រូវបានបង្កក។
អ្នកឆ្លើយឆ្លងព័ត៌មាន លោក ជែមស៍ ក្លេតុន (James Clayton) បាននិយាយថាមានមនុស្សជាច្រើនតម្រង់ជួរពេញមួយថ្ងៃនៅខាងក្រៅសាខាធនាគារ SVB នៅសួនមេនឡូ (Menlo Park) រដ្ឋកាលីហ្វ័រញ៉ា ដើម្បីចូលប្រើប្រាស់មូលនិធិរបស់ពួកគេ។
ដោយសារធនាគារលែងផ្តល់សេវាផ្ទេរប្រាក់តទៅទៀត ពួកគេបានដកប្រាក់ចេញគិតជាមូលប្បទានបត្រ៕
លោកបៃដិនអះអាងថាប្រព័ន្ធធនាគារអាម៉េរិកគឺមានសុវត្ថិភាព