សមាជិក​ក្រុម Pussy Riot ត្រូវបាន​ចោទប្រកាន់​ក្នុងការ​តវ៉ា​លើ​ទីលាន​បាល់ទាត់​វើ​ល​ខាប់​វគ្គ​ផ្តាច់ព្រ័ត្រ​

1045
ចែករម្លែក

​អាជ្ញាធរ​នៅ​ទីក្រុង​មូ​ស្គូ​បាន​ចោទប្រកាន់​សមាជិក​ក្រុម​តន្ត្រី​ឃោសនា​ការតវ៉ា Pussy Riot ថា បាន​រំលោភ​លើ “​សិទ្ធិ​របស់​អ្នកទស្សនា​” និង​ពាក់​និមិត្តសញ្ញា​ប៉ូលិស​ដោយ​ខុសច្បាប់ នៅពេល​ពួកគេ​រត់​អុកឡុក​លើ​ទីលាន​បាល់ទាត់ អំឡុង​ការប្រកួត​វើ​ល​ខាប់​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃអាទិត្យ​ទី ១៥ កក្កដា​។​

​ទីភ្នាក់ងារសារព័ត៌មាន Interfax បាន​រាយការណ៍​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ថា មនុស្ស​ទាំង​៤​នាក់​នោះ​អាច​ប្រឈម​នឹង​ការពិន័យ​រហូតដល់ ១១.៥០០ រូប្លិ៍ (១៨៥ ដុល្លារ​) ឬ ធ្វើ​ការងារ​សហគមន៍ ១៦០ ម៉ោង​។​

​បុរស​៣​នាក់​និង​ស្ត្រី​ម្នាក់​ស្លៀកពាក់​ឯកសណ្ឋាន​ប៉ូលិស​បាន​រំខាន​ការប្រកួត​ដណ្តើមពាន​រវាង​បារាំង​និង​ក្រូ​អាត​នៅ​ដើមតង់​ទី ២ នៅឯ​កីឡដ្ឋាន Luzhniki នៃ​ទីក្រុង​មូ​ស្គូ​ដែលមាន​ចំណុះ ៨១.០០០ កៅអី​។ ការរំខាន​នេះ​ត្រូវបាន​មើលឃើញ​ដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី​វ្ល៉ា​ឌី​មៀរ​ពូ​ទីន​ពី​ប្រអប់​អង្គុយ VIP និង​ដោយ​ទស្សនិកជន​អន្ដរជាតិ ដែល​ទស្សនា​ព្រឹត្តិការណ៍​កីឡា​ដែល​គេ​មើល​ច្រើន​បំផុត​មួយ​ក្នុង​ពិភពលោក​។​

​ក្រុម Pussy Riot បានចេញ​សេចក្តីថ្លែងការណ៍​នៅលើ​បណ្តាញ​សង្គម ដោយ​អំពាវនាវ​ឱ្យមាន​ការកាត់បន្ថយ​អំណាច​របស់​ប៉ូលិស និង​កំណែទម្រង់​ផ្សេងៗ​នៅក្នុង​ប្រទេស​រុស្ស៊ី​។ ក្រុម​នេះ​បាន​ប្រឆាំងនឹង​លោកពូ​ទីន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​សមាជិក​ជាច្រើន​បាន​ជាប់ពន្ធនាគារ​ក្នុងការ​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​ជាច្រើន​៕ ដោយ៖ កញ្ញាដាលីស

សមាជិក​ក្រុម Pussy Riot ដែល​ចាប់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​អាច​ប្រឈម​នឹង​ការពិន័យ​រហូតដល់ ១១.៥០០ រូប្លិ៍ (១៨៥ ដុល្លារ​) ឬ ធ្វើ​ការងារ​សហគមន៍ ១៦០ ម៉ោង

ទីតាំងផ្សាយពាណិជ្ជកម្ម