​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ បបែល​សមុទ្រ​យក្ស​រាប់សិប​ក្បាល​បាន​ទើរ​ពេញ​ឆ្នេរ​ខ្សាច់​ក្នុង​តំបន់​ហ្គា​ហ្សា​ស្ទ្រីប​កាលពី​ថ្ងៃ​ចន្ទទី​១៣​មីនា ខណៈ​អ្នកនេសាទ​ប៉ាឡេ​ស្ទីន​ក្នុង​តំបន់​បានប្រារព្ធ​ពិធី​ចាប់​បបែល​បាន​យ៉ាង​ច្រើន​បែប​នេះ​។​

​បបែល​ដ៏​កម្រ​ទាំងនេះ​បាន​មក​លេង​ទឹកសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេក្បែរ​ឆ្នេរ​ហ្គា​ហ្សា​ជា​រៀងរាល់​ឆ្នាំ​ក្នុង​ខែ​មីនា​និង​មេសា​។​

​ក្រៅពី​នេសាទ​បាន បបែល​ជាច្រើន​ហាក់​ទើ​រលើ​ច្រាំង​សមុទ្រ​នៅ​ទីនោះ ហើយ​ត្រូវបាន​ប្រមូល​ដោយ​អ្នកស្រុក​ដែល​ខំប្រឹង​ប្រវេប្រវា​រកប្រាក់​។ ពួកគេ​អាច​លក់បាន​ក្នុង​តម្លៃ​ប្រហែល ១២ សេ​កិល (Shekel) ឬ ៣,៣០ ដុល្លារ​ក្នុង​មួយ​គីឡូ​។​

​ការនេសាទ​គឺជា​សកម្មភាព​ពាណិជ្ជកម្មដ៏​សំខាន់នៅ​ក្នុង​តំបន់​ហ្គា​ហ្សា ដែល​ស្ថិត​ក្រោម​ការបិទផ្លូវ​ដោយ​អ៊ីស្រាអែល​តាំងពី​ឆ្នាំ ២០០៧ នៅពេល​ចលនា​អ៊ីស្លាម​ហា​ម៉ាស់​ចូល​កាន់កាប់​ទឹកដី​នេះ​។​

​នៅក្នុង​ការ​ចាប់បាន​ចុងក្រោយ​នេះ អ្នកនេសាទ​ឈ្មោះ បា​សៀ ស៊ូ​អេខ (Bashir Shoueikh) បាន​ចាប់​បាន​បបែល​ជាង ១០ ក្បាល ដែល​ក្បាល​នី​មួយៗ​មាន​ទម្ងន់​ពី ២០០ ទៅ ៣០០ គីឡូក្រាម​។​

​លោក​ស៊ូ​អេខ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​ទូក​នីមួយៗ​ផ្ទុក​បបែល​នេះ​ពី ២០ ទៅ ៣០ ក្បាល​។ មនុស្ស​ចូល​ចិត្ត​សាច់​វា​ខ្លាំងណាស់​”​។​

​តំបន់​នេសាទ​នៅ​សមុទ្រ​ហ្គា​ហ្សា ដែល​កំណត់​ដោយ​អ៊ីស្រាអែល ប្រែប្រួល​ពី ១០ ទៅ ៣០ គីឡូម៉ែត្រ អាស្រ័យ​លើ​ស្ថានភាព​សន្តិសុខ​។​

​បបែល​សមុទ្រ​យក្ស​នេះ (Manta Ray) មាន​ពីរ​ប្រភេទ គឺ ម៉ាន់​ត្រា អាល់​ហ្វ្រេ​ឌី (Manta Alfredi) និង ម៉ាន់​ត្រា បាយ​រ៉ូ​ស្ទ្រី​ស (Manta Birostris)​។​

​ស្លាប​របស់​សត្វ​ដ៏​ធំ​នេះ​អាច​មាន​រហូត​ដល់ ៥,៥ ម៉ែត្រ​សម្រាប់​ពូជ​អាល់​ហ្វ្រេ​ឌី និង ៧,៦០ ម៉ែត្រ​សម្រាប់​ពូជ​បាយ​រ៉ូ​ស្ទ្រី​ស​។​

​សត្វ​ទាំងពីរ​នេះ​ស្ថិតនៅ​ក្នុង​បញ្ជី​ក្រហម​របស់​សហភាព​អន្តរជាតិ​សម្រាប់​ការអភិរក្ស​ធម្មជាតិ​នៃ​ប្រភេទ​សត្វ​ដែល​រង​ការគំរាមកំហែង ដោយសារតែ​ចំនួន​របស់​វា​ថយចុះ​ខ្លាំង​៕

​ប្រជាជន​ប៉ាឡេ​ស្ទីន​នៅ​តំបន់​ហ្គា​ហ្សា​នាំគ្នា​ចាប់​បបែល​សមុទ្រ​យក្ស​កាលពី​ថ្ងៃ​ចន្ទ​