ដោយ៖ សុផល / ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំ ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ ដែលកំពុងដំណើរការ ប្រមូលចំណូលចំនួន ១២ និងបេក្ខភាពគ្រឹះស្ថានថ្មី ចំនួន១១ ផ្សេងទៀត ក្នុងគោលបំណង ធ្វើឱ្យប្រសើរឡើងនិង ផ្តល់ជម្រើសកាន់តែសំបូរបែប ដល់បងប្អូនប្រជាពលរដ្ឋ អាចបង់កម្រៃ​សេវាសាធារណៈ និងសេវាប្រើប្រាស់ផ្លូវល្បឿនលឿន នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយតំណាងក្រុមហ៊ុនផ្លូវល្បឿន និងគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារចំនួន ២៣ ស្ថាប័ន ដោយមានការចូលរួមពី​ថ្នាក់នាំអគ្គនាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ជាច្រើនរូប។

ក្នុងចំណោម ២៣ គ្រឹះស្ថាននោះ មាន ៧ គ្រឹះស្ថាន អាចបង់កម្រៃប្រើប្រាស់ផ្លូវល្បឿន លឿន រួមមាន ធនាគារ ACLEDA, CHIPMONG, ABA, WING, VATTANAC, CANADIA, និង LYHOUR។ ១២គ្រឹះស្ថាន អាចបង់កម្រៃ សេវាសាធារណៈ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន រួមមាន ៧ គ្រឹះស្ថានខាងលើ និងធនាគារ CAMPU, SATHAPANA, PIPAY, PRINCE និង FTB ។ ដោយឡែក ១១ គ្រឹះស្ថាន ផ្សេងទៀត គឺជាគ្រឹះស្ថានដែលមានបំណងចូលរួមបម្រើ ​សេវាសាធារណៈ និងសេវាពាក់ព័ន្ធ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ហើយ កំពុងក្នុងដំណើរការនីតិវិធីឯកសារ និងបច្ចេកទេស ដែលក្នុងនោះមានទាំង គ្រឹះស្ថាន VISA និង MASTER ផងដែរ។

កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើង ដើម្បីធ្វើបច្ចុប្បន្នភាព ឱ្យកាន់តែមានភាព ប្រសើរឡើង នូវនីតិវិធី ក្នុងការប្រមូល និងបង្វែរចំណូលសេវាសាធារណៈ និងកម្រៃ ពាក់ព័ន្ធ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ ចំនួន១២ ដែលកំពុងដំណើរការ ជាមួយក្រសួង និងក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ។ កិច្ចប្រជុំ ក៏មានការពិភាក្សាដាច់ដោយឡែក ដើម្បីពន្យល់ពីវិធី ក្នុងការស្នើសុំចូលរួមប្រមូលចំណូល អនុលោមតាមបែបបទ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ការចូលរួមពីគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ នឹងផ្តល់ភាពងាយស្រួល ដល់បងប្អូន ប្រជាពលរដ្ឋ អាចបង់កម្រៃសេវាសាធារណៈ និងសេវាប្រើប្រាស់ផ្លូវល្បឿនលឿន តាមជម្រើសគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារណាមួយ ដែលបងប្អូនប្រជាពលរដ្ឋ មានគណនីជាមួយ៕ V / N