ដោយៈ យោធិន / កំពង់ស្ពឺៈ ប្រតិភូយោធាជាន់ខ្ពស់អូស្ត្រាលី ដឹកនាំដោយឧត្តមសេនីយ៍ ត្រី Tony Mc Cormack មេបញ្ជាការកងទ័ពអូស្ត្រាលី នៃកម្មវិធី Indo-Pacific Endeavour 2023 (IPE-23) បានអញ្ជើញទៅធ្វើទស្សនកិច្ច វិទ្យាស្ថានបណ្តុះបណ្តាល កងកម្លាំងរក្សាសន្តិភាពឧដុង្គ នាខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ។

ជាកិច្ចស្វាគមន៍ និងជួបពិភាក្សាការងារជាមួយប្រតិភូយោធាជាន់ខ្ពស់អូស្ត្រាលី នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានសំដែងនូវមនោសញ្ចេតនា រំភើបរីករាយ ចំពោះ វត្តមានរបស់ប្រតិភូ យោធាជាន់ខ្ពស់អូស្ត្រាលី ជាថ្មីម្តងទៀត បន្ទាប់ពីខកខាន អស់រយៈពេល ១៧ ឆ្នាំ នៅវិទ្យាស្ថានរក្សាសន្តិភាពឧដុង្គ ដែលកាលនោះ ជាសាលា បណ្តុះបណ្តាលហ្វឹកហ្វឺន បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ក្រោមកិច្ចជួយ ជ្រោមជ្រែងរបស់ យោធាចារ្យអូស្ត្រាលី ដែលផ្តល់គ្រប់លក្ខណៈសម្បត្តិជំនាញ វិស័យរក្សាសន្តិភាព និងផ្តល់លទ្ធភាព ឲ្យដល់កងយោធាកម្ពុជា ចូលរួមបេសកកម្មរបស់ អង្គការសហប្រជាជាតិ នាឆ្នាំ២០០៦។

ប្រមុខកងយោធាមួកខៀវកម្ពុជា បានបញ្ជាក់ថាៈ ក្រោមកិច្ចជួយបណ្តុះបណ្តាលជំនាញ វិស័យរក្សាសន្តិភាព និងជ្រោមជ្រែងពីសំណាក់អូស្ត្រាលី នាខែមេសា ឆ្នាំ២០០៦ យោធាមួកខៀវកម្ពុជា កងលេខ១៣៥ ដែលជាកងដំបូង បានចេញបេសកកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់។

១៧ ឆ្នាំកន្លងទៅនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅបំពេញបេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ​បានចំនួន ៩ ប្រទេស រួមមានៈ ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ ស៊ីរី សាយប្រឹស ម៉ាលី លីបង់ អាហ្វ្រិកកណ្តាល និង យេមែន ដែលមានកម្លាំង សរុប ៨.៩៥១នាក់ លើជំនាញបោសសម្អាតមីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មសំណង់ ផ្តេក-បញ្ឈរ វិស្វកម្មព្រលានយន្តហោះ ពេទ្យកម្រិត២ អាវុធហត្ថ នាយទាហាន សេនាធិការ និងនាយទាហានសង្កេតការណ៍។

ក្នុងកិច្ចពិភាក្សានេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានស្នើសុំទៅភាគីអូស្ត្រាលី ជួយបណ្តុះបណ្តាលលើជំនាញរក្សាសន្តិភាព ជួយផ្តល់ជំនួយលើសម្ភារៈបោសសម្អាត មីន ជួយបណ្តុះបណ្តាលភាសាអង់គ្លេស ដល់សិក្ខាកាម ទាហានមួកខៀវកម្ពុជា និងធ្វើការផ្លាស់ប្តូរទស្សនកិច្ច ផ្នែករក្សាសន្តិភាព នៃប្រទេសទាំង២។

ពាក់ព័ន្ធទៅនឹងការស្នើឡើង របស់ប្រមុខកងយោធាមួកខៀវកម្ពុជានោះ លោក ឧត្តមសេនីយ៍ត្រី Tony បានបញ្ជាក់ថាៈ លោកនឹងលើកយកសំណើ ខាងលើនេះ ទៅជម្រាបជូនថ្នាក់ដឹកនាំ ក្រសួងការពារជាតិអូស្ត្រាលី ដើម្បីធ្វើការសម្រេច។

សូមបញ្ជាក់ផងដែរថាៈ ក្នុងឆ្នាំ២០២៣ ថ្មីៗកន្លងទៅនេះ អូស្ត្រាលី បានបណ្តុះបណ្តាល ផ្នែកយ៉េនឌ័រ ដល់កម្លាំងនារីមួកខៀវកម្ពុជា ផងដែរ ក្រោយពេលខកខាន អស់រយៈកាល ១៧ ឆ្នាំ បើគិតតាំងពីការចាប់ផ្តើមជំនួយ លើវិស័យជំនាញរក្សាសន្តិភាព នាឆ្នាំ២០០៦ ៕ V / N