ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថាៈ សូមជឿជាក់ មកលើរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ព ជើងគោក ក្នុងការប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ព្រមទាំង រួមគ្នាការពារសុខសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេស ក្នុងអំឡុងពេលព្រឹត្តិការណ៍សំខាន់ៗ ក្នុងឆ្នាំ២០២៣ នេះ ជាអាទិ៍៖
ព្រឹត្តិការណ៍កីទ្បាស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលជាឱកាសនាំមកនូវមោទកភាពជាតិ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ និងការលើកស្ទួយកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ទាំងកម្រិតតំបន់ និងសាកលលោក ព្រមទាំងដំណើរការនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ជាមួយនឹងការធានាថា ព្រឹត្តិការណ៍ជាលក្ខណៈប្រវត្តិសាស្ត្រ ដ៏សំខាន់ ទាំងអស់នេះ អាចប្រព្រឹត្តទៅបាន ក្នុងបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខពេញលេញ។
ការបញ្ជាក់នេះ ក្នុងពិធីសមោ្ពធសមិទ្ធផលនានា របស់កងពលតូចថ្មើរជើងលេខ៥២ និងកងឯកភាពចំណុះ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។
មេបញ្ជាការកងទ័ពជើងគោក បានបន្តថាៈ ក្នុងរយៈកាលកន្លងមកនេះ សន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខសាធារណៈ ដែលជាមូលដ្ឋាន គ្រឹះសម្រាប់ការអភិវឌ្ឍ និងជីវភាពរស់នៅ ប្រកបដោយភាពសុខសាន្តរបស់ប្រជាជន ត្រូវបានរក្សាការពារ យ៉ាងគត់មត់ ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គី យ៉ាងរឹងមាំ ជុំវិញរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ ជាពិសេស ការរួមចំណែកមិនអាចខ្វះបាន ពីសំណាក់កងយោធពលខេមរភូមិន្ទ ក្នុងនាមជា កងកម្លាំងប្រដាប់អាវុធជាតិ ដែលមានភក្តីភាពជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថាៈ យោធភូមិភាគទី៥ គឺជាតំបន់ដែលមានប្រវត្តិញាំញី ដោយសង្គ្រាមក្តៅជាងគេ ដែលជាហេតុនាំឱ្យមាន អតីតយុទ្ធជន និងក្រុមគ្រួសារយុទ្ធជនពលីច្រើន។ មកទល់បច្ចុប្បន្ន រាជរដ្ឋាភិបាល តែងបានយកចិត្តទុកដាក់ ជាប់ជាប្រចាំលើសុខទុក្ខរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើន សំដៅធ្វើយ៉ាងណា រក្សាឱ្យបាននូវទំនាក់ទំនងជាប់ជិតដិត និងកក់ក្តៅជាមួយកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ដែលបានចប់ភារកិច្ច ចេញពីជួរ ពីព្រោះនេះ គឺជាជាគុណធម៌ និងការសម្តែង នូវការដឹងគុណចំពោះគុណូបការៈ ដែលអ៊ុំពូមីងអតីតយុទ្ធជន បានលះបង់ ក្នុងបុព្វហេតុ បម្រើជាតិ មាតុភូមិ និងប្រជាជន។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ ចំពោះការសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីបញ្ជាការ និងសមិទ្ធផលនានា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនកងពលតូចថ្មើរជើងលេខ៥២ និងកងឯកភាពចំណុះ។
ក្នុងរយៈកាលជាង ២០ ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើត ក្នុងឆ្នាំ២០០២ កងពលតូចថ្មើរជើងលេខ៥២ និងបណ្តាកងឯកភាពចំណុះ ពិតជាមានការអភិវឌ្ឍ រីកចម្រើនប្រែមុខប្រែមាត់ គួរជាទីមោទនៈ ជាពិសេសនៅក្រោមការយកចិត្តទុកដាក់ផ្ទាល់ ពីសំណាក់សម្តេចទាំងទ្វេ។ មួយវិញទៀត វឌ្ឍនភាពទាំងនេះ ក៏មិនអាចកាត់ផ្តាច់បាន ឡើយ ពីការជួយឧបត្ថម្ភរបស់ក្រសួង-ស្ថាប័នស៊ីវិល ជាអង្គភាពសម្ព័ន្ធមេត្រីភាព និងសប្បុរសជននានា ក៏ដូចជាការខិតខំប្រឹងប្រែងចូលរួមចំណែក ប្រកបដោយការ លះបង់ និងគំនិតច្នៃប្រឌិតរបស់ថ្នាក់ដឹកនាំ និងយោធិនទាំងអស់ នៅក្នុងការកសាង ពង្រឹងអង្គភាពរឹងមាំ លើគ្រប់វិស័យ៕ V / N