ដោយៈ មុនីរ័ត្ន ភ្នំពេញៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីក្នុងកម្មវិធី សម្ពោធ បញ្ចាំងភាពយន្តឯកសារ”ស្នាមញញឹមកម្ពុជា” ដែលសហការ រៀបចំឡើង ដោយវិទ្យុមិត្តភាពកម្ពុជា ចិន នៃ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិម ចិន និងទូរទស្សន៍ជាតិកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

ក្នុងឱកាសនេះ លោក ខៀវ កាញារីទ្ធ បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានរួម ជាមួយ ឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត ចិន ប្រចាំ នៅ កម្ពុជា មាន វត្តមាន ជាកិត្តិយស និងថ្លែងសុន្ទរកថា ក្នុងកម្មវិធី សម្ពោធ បញ្ចាំងភាពយន្តឯកសារ”ស្នាម ញញឹមកម្ពុជា” ដែលសហការ រៀបចំឡើង ដោយវិទ្យុមិត្តភាពកម្ពុជា ចិន នៃ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិម ចិន និងទូរទស្សន៍ជាតិកម្ពុជា។

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានកោតសរសើរ យ៉ាងខ្លាំង និងអស់ពីចិត្តចំពោះវិទ្យុមិត្តភាពកម្ពុជាចិន នៃ អគ្គស្ថានីយ វិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន ដែលបានផលិតនិងរៀបចំពិធីសម្ពោធបើកការចាក់បញ្ចាំងភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា” នា ដើមឆ្នាំមិត្តភាពកម្ពុជាចិន ឆ្នាំ២០២៣នេះ ។ មិត្តភក្តិមកពីប្រទេសចិនបានផ្ចង់ផ្ដោតកាមេរ៉ារបស់ពួកគេដោយយកចិត្តទុកដាក់ទៅលើសកម្មភាពនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងប្រទេសកម្ពុជា បង្ហាញពីការអភិវឌ្ឍ និងការផ្លាស់ប្តូរជីវភាព រស់នៅ របស់ប្រជាជនកម្ពុជា។ ខ្ញុំពិតជាចង់ដឹងចង់ឃើញ និងទន្ទឹងរង់ចាំមើល កម្ពុជាក្នុងក្រសែភ្នែកប្រទេសចិន និងពិភពលោក។

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបន្តថា ដូចយើងទាំងអស់គ្នាដឹងស្រាប់ហើយថា ឆ្នាំនេះគឺជាឆ្នាំពិសេស វា មិនត្រឹមតែជាឆ្នាំនៃមិត្តភាពកម្ពុជាចិនប៉ុណ្ណោះទេ ថែមទាំងជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជាចិន និងជាខួបលើកទី១០ នៃការ ដាក់ចេញ គំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ” ផងដែរ។ តួលេខទាំងនេះគឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា មិត្តភាពរវាងកម្ពុជានិងចិនបានស៊ូទ្រាំនឹងការសាកល្បងនៃពេលវេលា និងកាន់តែរឹងមាំតាមពេលវេលា ហើយកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ និងវិស័យផ្សេងៗទៀត កាន់តែមានភាពជិតស្និទ្ធ និងស្ថិរភាព។
លោកបានបញ្ជាក់ថា ជាការពិតណាស់ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងចិន ក្នុងវិស័យផ្សព្វផ្សាយ ព័ត៌មានមានប្រវត្តិយូរអង្វែងណាស់មកហើយ ហើយទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា ដែល ស្ថិតនៅ ក្រោមដែនសមត្ថកិច្ចរបស់ក្រសួងព័ត៌មានកម្ពុជា រួមទាំង ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាភាគច្រើន បានរក្សាកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយប្រព័ន្ធផ្សព្វផ្សាយចិន។ មិន ត្រឹម តែ ប៉ុណ្ណោះ នៅ លើ ឆាក មតិ សាធារណៈ អន្តរជាតិ កម្ពុជានិង ចិន ក៏ ជា “មិត្តដែកថែប” ដែល គាំទ្រ គ្នា ទៅ វិញ ទៅ មកយ៉ាងខ្លាំងក្លា។ ចិនតែងតែគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍របស់ខ្លួន ហើយគាំទ្រកម្ពុជាក្នុងការការពារឯករាជ្យជាតិនិងអធិបតេយ្យភាពជាតិ របស់ខ្លួន។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះ រាជាណាចក្រកម្ពុជា តែងតែគាំទ្រជំហររបស់ប្រទេសចិន ការអភិវឌ្ឍរបស់ប្រទេស ចិន និងសំឡេងរបស់ប្រទេស ចិនជាសាធារណៈ។

ប្រយោគដ៏ពេញនិយមដូចជា”សហគមន៍ជោគវាសនារួម កម្ពុជា-ចិន”, “គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល”, “សន្តិភាពនិងការអភិវឌ្ឍពិភពលោក”, “កម្ពុជានិងចិនជាបងប្អូន ជួយគ្នា ទៅវិញទៅមក ” បានក្លាយជាការបញ្ចេញមតិ និង ការ តាមដាន រួម គ្នា របស់ប្រជាជននៃប្រទេសទាំងពីរ តាមរយៈការផ្សព្វផ្សាយព័ត៌មាន។
ថ្មីៗនេះ ក្នុងនាមក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបានចុះហត្ថលេខាលើ “អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយ វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងក្រសួងព័ត៌មានកម្ពុជា” ជាមួយឯកឧត្តម Shen Haixiong អគ្គ នាយកនៃ អគ្គស្ថានីយ វិទ្យុនិងទូរទស្សន៍មជ្ឈិម ចិន។ ភាគីទាំងពីរបាន យល់ព្រម ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ ផ្សេងៗ ដូចជា ការផ្លាស់ប្ដូរព័ត៌មាន ទំនាក់ទំនង ធនធានមនុស្ស នវានុវត្តន៍បច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ ជំរុញ ទំនាក់ទំនងកម្ពុជាចិន បន្តឈានដល់កម្រិតថ្មី និងរួមចំណែកជាកម្លាំងនៃ ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួម កម្ពុជាចិនប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់នៅក្នុងយុគ សម័យថ្មី។ ខ្ញុំគិតថា ភាពយន្តឯកសារដែល ផលិតដោយវិទ្យុមិត្តភាពកម្ពុជា ចិន នៃអគ្គស្ថានីយ វិទ្យុនិងទូរទស្សន៍មជ្ឈិមចិននេះ គឺជាអំណោយមួយសម្រាប់ឆ្នាំមិត្តភាពកម្ពុជាចិន ហើយវាគឺជាសក្ខីភាព ថ្មី និងស្រស់ស្អាតបំផុតនៃមិត្តភាពកម្ពុជានិងចិន។

ថ្មីៗនេះ ប្រទេស ចិន ទើប តែ បាន រៀបចំ ”មហាសន្និបាតសភាទាំងពីរ” យ៉ាង ជោគជ័យ ។ នៅ ទីនេះលោកក៏ សូម ជូនពរ ឱ្យ ប្រទេស ចិន ទទួល បាន សមិទ្ធផល អភិវឌ្ឍន៍ កាន់ តែ ធំ បន្ថែម ទៀត នៅ លើ ដំណើរថ្មីនា យុគសម័យថ្មី សង្ឃឹម ថា ការ បន្ត ជំរុញ ទំនើបកម្ម បែបផែនចិន នឹង នាំ មក នូវ កាលានុវត្តភាព និង កម្លាំង កាន់ តែ ច្រើន បន្ថែម ទៀត ដល់ ពិភពលោក ។

ចំណែកលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាក្នុងនាមស្ថានទូតចិនប្រចាំនៅកម្ពុជា សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និង អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលបានសហការរៀបចំកម្មវិធីសម្ពោធការចាក់បញ្ចាំងភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា”នេះឡើង។
ឯកអគ្គរដ្ឋទូតចិនបានបញ្ជាក់ថា ភាពយន្តឯកសារនេះផ្តោតសំខាន់លើជីវភាពរបស់ប្រជាពលរដ្ឋទូទៅនៅប្រទេសកម្ពុជា ដោយបានរៀបរាប់ពីកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមករវាងប្រទេសចិន និងកម្ពុជា និងរឿងរ៉ាវពិត និង រស់រវើក នៅក្នុងវិស័យ “ហេដ្ឋារចនាសម្ព័ន្ធ” “សេដ្ឋកិច្ច” និង”វប្បធម៌” បានកត់ត្រានូវសមទ្ធិផលនៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម វប្បធម៌ និងវិស័យផ្សេងៗទៀត ព្រមទាំងបំណងប្រាថ្នាចង់បានជីវភាពកាន់តែល្អប្រសើររបស់ប្រជាជនកម្ពុជា នៅក្រោមការតភ្ជាប់គ្នាយ៉ាងមានប្រសិទ្ធភាព នៃគំនិតផ្ដួចផ្ដើម”ខ្សែក្រវាត់ និងផ្លូវ” និង”យុទ្ធសាស្ត្រចតុកោណ”របស់កម្ពុជា។ ភាពយន្តឯកសារនេះគឺពិតៗ និងទាក់ទាញ ជាមួយនឹងរូបភាពដ៏ល្អប្រណិត មិនត្រឹមតែបង្ហាញពីសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” ចិន-កម្ពុជា ទៅកាន់ទស្សនិកជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្នាដៃដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជាក្នុងការកសាងជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយនេះក៏ជាអំណោយដ៏ថ្លៃថ្លាសម្រាប់ខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ឆ្នាំមិត្តភាពកម្ពុជាចិន និងខួបគម្រប់១០ឆ្នាំ នៃការដាក់ចេញនូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”ផងដែរ។
ឯកអគ្គរដ្ឋទូតចិនបានបន្តថា ឆ្នាំ នេះ ជា ខួប លើក ទី ៦៥ នៃ ការ បង្កើត ទំនាក់ទំនង ការទូត រវាង ចិន និង កម្ពុជា។ ក្នុងរយៈពេល ៦៥ ឆ្នាំកន្លងមកនេះ មិត្តភាពជាប្រពៃណីរវាងចិន និងកម្ពុជា ដែលថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសទាំងពីរបានខិតខំផ្ចិតផ្ចង់បណ្ដុះឡើង ត្រូវបានពង្រឹងជាបន្តបន្ទាប់។ ប្រឈមមុខនឹងការផ្លាស់ប្ដូរធំៗដែលមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្សកន្លងទៅនេះ សារៈសំខាន់ជាយុទ្ធសាស្ត្រនៃមិត្តភាពចិនកម្ពុជាកាន់តែលេចធ្លោឡើងជាលំដាប់។ កាលពីខែមុន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបំពេញទស្សនកិច្ចប្រកបដោយជោគជ័យនៅប្រទេសចិន។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងកម្រិតខ្ពស់ អំពីការកសាងសហគមន៍ជោគវាសនារួមចិនកម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ នាយុគសម័យថ្មី បង្កើតឱ្យមាន ក្របខណ្ឌកិច្ចសហប្រតិបត្តិការ”ត្បូងពេជ្រ” កសាង “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងត្រី និងស្រូវ” ដែលនេះបានចង្អុលបង្ហាញទិសដៅ និងគូសប្លង់ផែនការ សម្រាប់វឌ្ឍនភាពទំនាក់ទំនងកម្ពុជាចិន នៅជំហានបន្ទាប់។ ពួកយើងជឿជាក់ថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិននាយុគសម័យថ្មី នឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើងសម្រាប់ប្រជាជន និងប្រទេសទាំងពីរប៉ុណ្ណោះ ប៉ុន្តែក៏នឹងដើរតួនាទីកាន់តែធំក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោកផងដែរ។

ឯកអគ្គរដ្ឋទូតចិនបានបានបញ្ជាក់ដែរថា កាលពីម្សិលមិញ មហាសន្និបាតសភាទាំងពីររបស់ប្រទេសចិន បានបញ្ចប់ដោយជោគជ័យ។ លោក ស៊ី ជីនពីង (Xi Jinping )ត្រូវបានបោះឆ្នោតជ្រើសរើសដោយសំឡេងគាំទ្រទាំងស្រុង ធ្វើជាប្រធានរដ្ឋ ចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន។ លទ្ធផលបោះឆ្នោតនេះបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវសេចក្តីប្រាថ្នារួមរបស់បក្ស យោធា និងប្រជាជននៃក្រុមជនជាតិទាំងអស់នៅក្នុងប្រទេសចិន។ ក្រោមការដឹកនាំរបស់លោក ប្រធានរដ្ឋ ស៊ី ជីនពីង ប្រជាជនចិននឹងបន្តខិតខំប្រឹងប្រែងកសាងប្រទេសសង្គមនិយមទំនើបខ្លាំងក្លាគ្រប់ជ្រុងជ្រោយ និងតស៊ូសម្រេចឱ្យបាននូវការស្ដារឡើងវិញដ៏អស្ចារ្យនៃប្រជាជាតិចិន។ ប្រទេសចិននឹងតែងតែប្រកាន់យកសន្តិភាព ការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ និងគោលការណ៍ឈ្នះឈ្នះ ហើយប្រកាន់ខ្ជាប់ជានិច្ច នូវគោលជំហរនយោបាយការបរទេសដែលរក្សាសន្តិភាពពិភពលោក និងលើកកម្ពស់ការអភិវឌ្ឍន៍រួម ជំរុញការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ព្រមទាំង បន្ថែមស្ថិរភាព និងថាមពលវិជ្ជមានកាន់តែច្រើន ដល់សន្តិភាព និងការអភិវឌ្ឍន៍នៃពិភពលោក។

រីឯលោក ស្រី Kong Siqi ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនបានថ្លែងថា ក្នុងនាមជាអ្នកទទួលខុសត្រូវ វិទ្យុមិត្តភាពកម្ពុជា ចិននៃ អគ្គស្ថានីយ វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង ព័ត៌មាន កម្ពុជា និង ស្ថានទូត ចិន ប្រចាំ នៅ កម្ពុជា ដែល បាន ផ្ដល់ ការគាំទ្រ និងជួយជ្រោមជ្រែងដ៏រឹងមាំដល់ វិទ្យុ មិត្តភាព កម្ពុជា ចិន តាំង ពី ដើមរៀង មក។ ក្នុងនាមជាសាក្សី និងជាអ្នកផ្សព្វផ្សាយអំពី ចំណងមិត្តភាពកម្ពុជា ចិន វិទ្យុមិត្តភាពកម្ពុជា ចិន បានប្រើប្រាស់ សំឡេង អមដំណើរជាមួយ ប្រជាជនកម្ពុជាអស់រយៈពេល ១៤ ឆ្នាំមក ហើយ ។ ក្នុងរយៈពេល ១៤ ឆ្នាំកន្លងមកនេះ វិទ្យុមិត្តភាពកម្ពុជា ចិន បានមើល ឃើញ ដោយផ្ទាល់នូវការផ្លាស់ប្តូររបស់ប្រទេសកម្ពុជា ជាពិសេសបន្ទាប់ពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” បាន តភ្ជាប់ កិច្ចសហប្រតិបត្តិការ ជាមួយ “យុទ្ធសាស្ត្រចតុកោណ ” របស់កម្ពុជារួចមក ។ ពួក យើងបានមើលឃើញពី សមិទ្ធផលគួរឱ្យកត់សម្គាល់របស់ កម្ពុជាលើ គ្រប់ វិស័យ ដូច ជា ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម បច្ចេកវិទ្យា ជាដើម ហើយ ពួក យើង ក៏ បានមើលឃើញពីជីវភាព កាន់តែល្អ ប្រសើរ របស់ប្រជាជនកម្ពុជាផងដែរ។

លោកស្រីបន្តថា ឆ្នាំនេះ គឺជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជាចិន និង ជា ឆ្នាំ ខួបទី១០នៃការ ដាក់ ចេញ នូវ គំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ”ផងដែរ ។ ក្នុង ឆ្នាំ ពោរពេញ ទៅ ដោយ អត្ថន័យ ដ៏ជ្រាលជ្រៅ នេះ វិទ្យុ មិត្តភាព កម្ពុជា ចិន មានបំណង នាំ យក ភាពយន្ត ឯកសារ “ស្នាមញញឹម កម្ពុជា” ចំនួន បីភាគ មក ជូន អ្នកទាំងអស់គ្នាទស្សនា ។ ពួក យើង ចង់ ប្រើ ស្នាមញញឹម កម្ពុជា ដើម្បី រំលាយ ទឹកកក បំបែក របាំង លើក កម្ពស់ ការ យោគយល់ គ្នា និង បន្ថែម ភាព កក់ក្តៅ នៅក្នុងដួង ចិត្ត ប្រជាជន។

ឆ្នាំ២០២៣ គឺជាឆ្នាំដំបូងសម្រាប់ប្រទេសចិនក្នុងការអនុវត្តយ៉ាងពេញលេញនូវស្មារតីនៃសមាជបក្សកុម្មុយនិស្តចិនលើកទី២០។ ជាមួយនឹងការរៀបចំ យ៉ាង ជោគជ័យនូវ មហាសន្និបាត សភាទាំងពីរ របស់ប្រទេសចិននាពេលថ្មីៗនេះ វិធានការជាបន្តបន្ទាប់ដែលដាក់ ចេញ ដោយប្រទេសចិននឹងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និង កសាងប្រទេសចិន ដែល មានស្ថានភាពអភិវឌ្ឍន៍ កាន់ តែ សមស្រប យន្តការ កាន់ តែ ពេញ លេញ ការ បែងចែក ទ្រព្យ ធន កាន់ តែ ស្មើភាព អរិយធម៌ខាងសម្ភារៈនិង អរិយធម៌ខាង ស្មារតី កាន់តែចុះសម្រុងគ្នា រវាងមនុស្សនិងធម្មជាតិកាន់ តែ មាន សុខដុមរមនា នឹងបន្តជំរុញទំនើបកម្មតាមបែបផែន ចិនជាបន្តបន្ទាប់ ដើម្បីចែករំលែកកាលានុវត្តភាព អភិវឌ្ឍន៍កាន់ តែ ច្រើន បន្ថែមទៀតជាមួយពិភពលោក ជាពិសេសប្រទេសជិតខាង និងក្នុង តំបន់ ព្រមទាំងរួមចំណែកថ្មី និង កាន់ តែច្រើនបន្ថែម ទៀត ដល់បុព្វហេតុដ៏ថ្លៃថ្លានៃសន្តិភាព និងការអភិវឌ្ឍរបស់មនុស្សជាតិ។

ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនបានបន្តទៀតថា ក្នុងដំណើរការនេះ វិទ្យុមិត្តភាពកម្ពុជា ចិន នឹងបន្តធ្វើការផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ដោយសង្ឃឹមថា យកឱកាសនៃកម្មវិធី សម្ពោធការចាក់បញ្ចាំងភាពយន្តឯកសារ “ស្នាមញញឹម កម្ពុជា” ទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយប្រព័ន្ធផ្សព្វផ្សាយទាំងអស់ នៅកម្ពុជា ដូចជា ការរួមគ្នា ផលិត និងផ្សាយកម្មវិធីទូរទស្សន៍ កម្មវិធីសហការរៀបចំសកម្មភាពប្រព័ន្ធផ្សព្វផ្សាយជាដើម។ ពួកយើង ទន្ទឹង រង់ ចាំ ទំនាក់ទំនង ឱ្យកាន់តែទូលំទូលាយបន្ថែម ទៀតជាមួយ ប្រព័ន្ធផ្សព្វផ្សាយដែលមានបំណងធ្វើកិច្ចសហប្រតិបត្តិការ ។ស្របពេលជាមួយគ្នានេះ វិទ្យុមិត្តភាពកម្ពុជាក៏មានក្ដីរីករាយជាខ្លាំង ក្នុងការផ្ដល់ភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា” ជូនស្ថានីយទូរទស្សន៍ធំៗទាំងអស់យកទៅចាក់ផ្សាយ។ បើមានប្រព័ន្ធផ្សព្វផ្សាយណាមានបំណងចាក់ផ្សាយ អាចផ្ដល់លេខទំនាក់ទំនងទៅក្រុមការងារនៅខាងក្រោយវេទិកាបាន៕សរន / N