ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌ ទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ យកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចរការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ នៅពេលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ ដោយប្រកួតកីឡាស៊ីហ្គេមនេះនៅសល់តែ ៥២ ថ្ងៃទៀតប៉ុណ្នោះ។
ការជំរុញបែបនេះ លោក ឃួង ស្រេង បានធ្វើឡើង នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៣ នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅសាលា រាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថាៈ កិច្ចប្រជុំនេះ ធ្វើឡើងមួយផ្នែក ដើម្បីពិនិត្យ ពីវឌ្ឍនភាពការងារ ត្រៀមសហការរៀបចំ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាមួយអនុគណៈកម្មការចំពោះកិច្ច និងការពង្រឹងកិច្ចការរងារ ការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងការប្រកួតកីឡានេះ។
លោក ឃួង ស្រេង បានបន្តទៀតថាៈ ការងារធំរបស់យើង គឺកិច្ចការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ។ ដូច្នេះទេ អាជ្ញាធរខណ្ឌទាំង ១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ ឱ្យបានខ្ពស់បំផុត កុំឱ្យមាន បទល្មើសកើតឡើង នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសថែមទៀតនោះ គឺកិច្ចការពារ សន្តិសុខ ជូនប្រតិភូកីឡាករ ភ្ញៀវជាតិ អន្តរជាតិ ដែលមកចូលរួម ក្នុងពិធីដ៏ធំនេះ។
លោក ឃួង ស្រេង បានបន្តទៀតថាៈ ចំពោះមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញ ត្រូវយកចិត្តទុកដាក់ ក្នុងការជួសជុលផ្លូវ តុបតែងភ្លើងបំភ្លឺសាធារណៈ ដើម្បីលើក សោភ័ណភាព រាជធានីភ្នំពេញ ឲ្យកាន់តែមានភាពស្រស់បំព្រង ពិសេសផ្លូវសំខាន់ ចូលទៅក្នុងពិធី ដូចជាផ្លូវជាតិលេខ៥ លេខ៦ ផ្លូវ២ ខ្សែថ្មី ចូលទៅកាន់មហាវិថី ឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ នេះតែម្តង។ ចំពោះអាជ្ញាធរខណ្ឌទាំង ១៤ ក្រៅពី ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ហើយការសំអាតអនាម័យបរិស្ថាន ក៏ត្រូវយកចិត្តទុកដាក់ ជាមួយនឹងការចលនាប្រជាពលរដ្ឋ ឱ្យដាក់ទង់ជាតិ ព្រោះនេះជាមុខមាត់របស់ប្រទេស យើងទាំងមូល។
គួរបញ្ជាក់ថា ការរៀបចំ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនបានអនុវត្តការងារ ដាច់ដោយឡែកតែឯង នោះទេ តែជាការងារដែលត្រូវសហការ ជាមួយអនុគណៈកម្មការចំពោះកិច្ច មានទាំង ការរៀបចំសណ្តាប់ធ្នាប់ ការងារអនាម័យបរិស្ថាន ការជួសជុលកែលំអរផ្លូវ និងការងារ ចរាចរណ៍ជាដើម បើទោះបីការងារនេះ ស្ថិតក្នុងការគ្រប់គ្រង និងទទួលខុសត្រូវ ទាំងស្រុងរបស់អាជ្ញាធររាជធានីភ្នំពេញក្តី៕ V / N