ដោយ៖ ដេប៉ូ / កំពង់ស្ពឺ៖ វិធីសាស្រ្តការធ្វើកសិកម្ម បែបទំនើបថ្មីមួយ ពោលគឺ ការដាំដុះបន្លែលើទឹក (Hydroponic) ត្រូវបានសហគមន៍កសិកម្ម កសិករសាមគ្គី អមលាំង ខេត្តកំពង់ស្ពឺ បានទទួលជោគជ័យ សម្រាប់រកផលកម្រៃផ្គត់ផ្គង់គ្រួសារ។
ដោយសារតែការមានជំនាញច្បាស់លាស់ និងព្រមទាំងគួបផ្សំជាមួយទីផ្សារបន្លែ កំពុងមានតម្រូវការខ្ពស់ផង បានជួយឱ្យកសិករ និងក៏ជាប្រធានសហគមន៍ មួយរូប នៅខេត្តកំពង់ស្ពឺ អាចរកប្រាក់កម្រៃបានជាង ១ ពាន់ដុល្លារ ក្នុងមួយខែ។
សូមបញ្ជាក់ថា សហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
កសិករដែលទទួលជោគជ័យរូបនេះ គឺ អ្នកស្រី ទឹម សំណួល ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង បានឱ្យដឹងថាៈ បច្ចេកទេសដាំបន្លែលើទឹក ពោលគឺ ជាការដាំ ដោយមិនប្រើដីជា វិធីសាស្រ្តមួយ ដែលសហគមន៍របស់អ្នកស្រី បានទទួលជោគជ័យ និងព្រមជាមួយគ្នា ថែមទាំងបានឈានទៅដល់បណ្តុះបណ្តាល ដល់សហគមន៍ដទៃ សម្រាប់សិក្សារៀនសូត្រជំនាញ ដើម្បីអនុវត្តក្នុងសហគមន៍ របស់ខ្លួនថែមទៀត។
ជាមួយការអភិវឌ្ឍន៍ខ្លួន យ៉ាងឆាប់រហ័ស ពីប្រជាពលរដ្ឋ ដែលមិនមានមុខជំនាញអ្វី សោះ កាលពីមុនមក អ្នកស្រី ទឹម សំណូល បានឱ្យដឹងថាៈ ឆ្លងកាត់តាមរយៈអ្នកស្រី បានរៀនវគ្គបណ្តុះបណ្តាលជំនាញ ពីអង្គការនានា ទីបំផុត អ្នកស្រី បានរៀនចេះជំនាញ ការដាំបន្លែលើទឹក និងជំនាញកសិកម្មដទៃទៀត ធ្វើឱ្យអ្នកស្រី អាចរកចំណូល សម្រាប់ផ្គត់ផ្គង់គ្រួសារ និងសហគមន៍ បានល្អប្រសើរ បើប្រៀបធៀប កាលពីមុនមក គឺខុសគ្នាឆ្ងាយខ្លាំងណាស់។
ប្រធានសហគមន៍រូបនេះ បានប្រាប់ឱ្យដឹងថាៈ “ចាប់ពីដាំ រហូតប្រមូលផល គឺប្រើរយៈ ពេល ២៨ ថ្ងៃឡើងទៅ។ ខ្ញុំដាំបន្លែច្រើនមុខ ដូចជា ស្ពៃក្រញាញ់ សាលាដ និងខាត់ណា”។
អ្នកស្រី បានបន្តឱ្យដឹងថាៈ ក្នុងរយៈពេល១ខែ ដែលមាន២៣ ធ្នើរ គឺអាចហុចផល ប្រមាណ ១តោន ៥០០ គីឡូក្រាម ដោយបានថវិកាសរុបជាង ១ពាន់ដុល្លារអាមេរិក ក្នុង១ខែ ឬបើមានការដាំចម្រុះថវិកា ដែលទទួលបានក៏ច្រើនជាងនេះដែរ ពោលគឺ អាស្រ័យទៅលើការហុចផល និង តម្លៃលើទីផ្សារប៉ុណ្ណោះ។
ក្នុងរយៈពេលដាំបន្លែលើទឹក ជាង ៥ ឆ្នាំមកនេះ អ្នកស្រី ទឹម សំណូល បានឱ្យដឹងថាៈ ជួបឧបសគ្គខ្លះៗ ពិសេសពេលដំបូង អ្នកស្រី អាចដាំបានត្រឹម ៣ ទៅ ៤ ធ្នើរ ហើយក៏ បានចាប់ផ្តើមបង្កើនចំនួន បន្តបន្ទាប់ រហូតមកដល់ពេលបច្ចុប្បន្ន បានពង្រីកដល់ជាង ២០ ធ្នើ ហើយការរកចំណូល ក៏បានខ្ពស់ទៅតាមនោះដែរ។
អ្នកស្រី ទឹម សំណូល បានបញ្ជាក់ប្រាប់ថាៈ ក្រៅពីការដាំបន្លែលើទឹកនេះ អ្នកស្រី ក៏បានធ្វើការបណ្តុះបណ្តាល ប្រជាសហគមន៍ ដែលកាលពីមុនមក មិនចេះដាំបន្លែ ចិញ្ចឹមសត្វ តែក្រោយការបង្កើតសហគមន៍ ពួកគាត់បាននាំគ្នាដាំបន្លែបង្ការ និង ចិញ្ចឹមសត្វ ធ្វើឱ្យជីវភាពផ្លាស់ប្តូរ ។ កាលពីមុន ពួកគាត់ខ្លះ បានចូលព្រៃកាប់ឈើ និងបរបាញ់សត្វ ខ្លះធ្វើចំណាកស្រុក ខ្លះស៊ីឈ្នួលធ្វើស្មៅ តាមចំការអំពៅឱ្យគេ តែបច្ចុប្បន្ន បានងាកមកដាំបន្លែ ចិញ្ចឹមសត្វ ហើយបើក្រឡេកមកមើលជីវភាពពួកគាត់ ឃើញថា ល្អប្រសើរឡើងបន្តបន្ទាប់។
គួរបញ្ជាក់ថា ក្រសួងកសិកម្ម បានបង្ហាញអំពីអត្ថប្រយោជន៍យ៉ាងច្រើនដែលកសិករ ទទួលបាន ក្នុងការដាំបន្លែលើទឹក ក្នុងនេះដូចជា កសិករ អាចដាំបន្លែបាន ទោះស្ថិតក្នុង តំបន់ដីមិនសូវសម្បូរជីជាតិ។ កសិករ មិនចាំបាច់ត្រូវការផ្ទៃដីធំ សម្រាប់ដាំបន្លែ និងមិន ចាំបាច់ភ្ជួររាស់ដី។ ការដាំបន្លែលើទឹក កសិករងាយគ្រប់គ្រងសត្វល្អិត និងជំងឺលើបន្លែ ហើយក៏មិនចាំបាច់ចំណាយលើការប្រើប្រាស់ថ្នាំគីមី។ ជាមួយគ្នានេះ ការដាំបន្លែលើទឹក មិនប្រឈមការកើតជំងឺផ្សិត និងជំងឺផ្សេងៗ ដែលបង្កឡើងពីដី។ ពិសេស គេអាចដាំ បន្លែលើទឹកទាំងរដូវប្រាំង និងរដូវវស្សា ព្រោះវាមិនចាំបាច់ស្រោចទឹកនោះទេ៕ V / N