ដោយ: ភ្នំខៀវ / បាត់ដំបង:សមត្ថកិច្ចកំណត់មុខសញ្ញាគប់កញ្ចក់រថយន្តដោយឃាត់ខ្លួន ពីរនាក់ ក្រោយធ្វើសកម្មភាពនៅរំលងអធ្រាត្រ។
នគរបាលស្នងការខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថាអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៣នេះ កម្លាំងផ្នែកជំនាញអធិការដ្ឋាននគរបាលស្រុកសង្កែ បានស្រាវជ្រាវលើករណីគប់កញ្ចក់រថយន្តមួយលើក ចុងក្រោយឃាត់ខ្លួនជនបង្កបានចំនួន ពីរនាក់នាំមកការិយាល័យជំនាញ។
ជនបង្កឈ្មោះញ៉ិល វី ភេទប្រុស អាយុ ១៤ឆ្នាំ និងឈ្មោះរេន មេសា ភេទប្រុស អាយុ ១៥ឆ្នាំ ទាំង ០២នាក់មានទីលំនៅក្នុងក្រុមទី០៧ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ យុវជនខាងលើនៅយប់រំលងអធ្រាត្រ ថ្ងៃទី ១៣ ខែមីនា នៅត្រង់ចំណុចកើតហេតុកំណាត់ផ្លូវជាតិលេខ ៥ ក្នុងក្រុមទី ០៦ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែបានយកដុំថ្មគប់កញ្ចក់លើរថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌សលាយពណ៌ទឹកក្រូច ស៊េរីឆ្នាំ ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ ៣E-៩៧៦២ ជារថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស បណ្តាលឱ្យខូចខាតបែកកញ្ចក់ផ្នែកខាងមុខ និងរងរបួសមនុស្សម្នាក់ផងដែរ។
មន្ត្រីនគរបាលបានបន្តថាជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថាខ្លួនពិតជាបានគប់ទៅលើរថយន្តខាងលើពិតប្រាកដមែនមិនមែនជាគំនុំទេ គ្រាន់តែគប់លេងតែប៉ុណ្ណោះ។ នៅពេលនេះសមត្ថកិច្ចនគរបាលកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅអនុវត្តតាមនីតិវិធី៕សរន