ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ដ្រូន MQ-9 របស់យោធាអាម៉េរិកបានធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅកាលពីថ្ងៃអង្គារទី១៤មីនា បន្ទាប់ពីត្រូវបានស្ទាក់ចាប់ដោយយន្តហោះចម្បាំងរុស្ស៊ី ក្នុងឧបទ្ទវហេតុបែបនេះជាលើកដំបូងចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនជាងមួយឆ្នាំមុន។
មន្ទីរបញ្ចកោណបាននិយាយថា យន្តហោះចម្បាំងរុស្ស៊ី Su-27 មួយគ្រឿងបានហោះប៉ះស្លាបចក្ររបស់ដ្រូន ដែលធ្វើឱ្យវាមិនអាចដំណើរការបាន ខណៈក្រសួងការពារជាតិរុស្ស៊ីបានស្តីបន្ទោស “ការហោះលឿនស្លេវកាច់កុងពេក” នៃដ្រូនសម្រាប់ការធ្លាក់នេះ ហើយថាយន្តហោះរបស់ខ្លួនមិនបានបើកប៉ះនោះទេ។
ទោះបីជាគ្មានមនុស្សបាត់បង់ជីវិតក៏ដោយ ក៏ប៉ុន្តែវាជាការរំលឹកអំពីហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងសហរដ្ឋអាម៉េរិកនិងរុស្ស៊ីជុំវិញអ៊ុយក្រែនដែលរដ្ឋាភិបាលក្រុងមូស្គូបានឈ្លានពានកាលពីមួយឆ្នាំមុន និង ដែលសម្ពន្ធមិត្តលោកខាងលិចបានគាំទ្រជាមួយការផ្តល់ព័ត៌មានស៊ើបការណ៍សម្ងាត់និងសព្វាវុធ។
មេបញ្ជាការសម្ពន្ធមិត្តកំពូលប្រចាំអឺរ៉ុបរបស់អង្គការណាតូ លោកឧត្តមសេនីយ៍កងទ័ពអាម៉េរិក គ្រីស្តូហ្វើ ខាវ៉ូលី (Christopher Cavoli)បានរៀបរាប់សង្ខេបប្រាប់សម្ពន្ធមិត្តណាតូអំពីឧបទ្ទវហេតុនេះ ដែលត្រូវបានថ្កោលទោសយ៉ាងខ្លាំងដោយសេតវិមាននិងមន្ទីរបញ្ចកោណ កន្លែងដែលក្រុមមន្ត្រីបានព្រមានពីហានិភ័យនៃការកើនឡើងជម្លោះ។ ក្រសួងការបរទេសអាម៉េរិកបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីជុំវិញឧបទ្ទវហេតុនេះ។
យន្តហោះចម្បាំងរុស្ស៊ី Su-27ចំនួនពីរគ្រឿងបានអនុវត្តនូវអ្វីដែលយោធាអាម៉េរិកពណ៌នាថាជាការស្ទាក់ចាប់ដ្រូនស៊ើបការណ៍អាម៉េរិកយ៉ាងខ្ជីខ្ជា។ យោធាអាម៉េរិកនិយាយថាយន្តហោះចម្បាំងរុស្ស៊ីបានស្រោចប្រេងឥន្ធនៈលើដ្រូន MQ-9 ដែលប្រហែលជាព្យាយាមធ្វើឱ្យវាមើលមិនឃើញឬធ្វើឱ្យវាខូច ហើយហោះពីមុខវាក្នុងចលនាដែលគ្មានសុវត្ថិភាព។
យោធាអាម៉េរិកបាននិយាយថា បន្ទាប់ពីប្រហែលពី ៣០ ទៅ ៤០ នាទី នៅម៉ោង ៧៖០៣ ព្រឹក យន្តហោះមួយបានបុកជាមួយដ្រូន បណ្តាលឱ្យវាធ្លាក់។
ឧត្តមសេនីយ៍កងទ័ពជើងអាកាសអាម៉េរិកលោក ជែមស៍ ហេកឃើ (James Hecker) ដែលមើលការខុសត្រូវកងកម្លាំងអាកាសអាម៉េរិកក្នុងតំបន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដ្រូន MQ-9 របស់យើងកំពុងធ្វើប្រតិបត្តិការជាប្រចាំនៅក្នុងដែនអាកាសអន្តរជាតិ នៅពេលដែលវាត្រូវបានស្ទាក់ និងបុកដោយយន្តហោះរុស្ស៊ី បណ្តាលឱ្យធ្លាក់និងបាត់បង់ដានដ្រូន MQ-9 ទាំងស្រុង”។
“ពិតណាស់ ទង្វើគ្មានសុវត្ថិភាពនិងគ្មានវិជ្ជាជីវៈរបស់រុស្ស៊ីប៊ិះតែបណ្តាលឱ្យយន្តហោះចម្បាំងទាំងពីរធ្លាក់ផងដែរ”។
ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ីបានបដិសេធថាយន្តហោះរបស់ខ្លួនមិនបានបើកប៉ះទេ។ ក្រសួងបាននិយាយថា ដ្រូនអាម៉េរិកធ្លាក់ចូលទឹកសមុទ្រដោយសារតែ “ការហោះហើរលឿនស្លេវបត់ខ្លាំងពេក” ហើយថា ដ្រូនបានហោះទាំងបិទឧបករណ៍បញ្ជូនសញ្ញារបស់វា។
ក្រសួងបាននិយាយថា “យន្តហោះចម្បាំងរុស្ស៊ីមិនបានប្រើអាវុធនៅលើយន្តហោះរបស់ខ្លួន មិនបានបើកប៉ះជាមួយដ្រូន ហើយបានត្រឡប់ទៅអាកាសយានដ្ឋានរបស់វាវិញដោយសុវត្ថិភាព”៕
យោងតាមពួកមន្ត្រីអាម៉េរិក ដ្រូនMQ-9ត្រូវបានយន្តហោះប្រយុទ្ធ Su-27រុស្ស៊ីពីរគ្រឿងស្ទាក់ផ្លូវ និងទម្លាក់ប្រេងលើវាមុនបណ្តាច់កង្ហាររបស់វាបណ្តាលអោយវាធ្លាក់