ដោយៈ សម្បត្តិ / ភ្នំពេញ៖​ ផ្ទះប្រជាពលរដ្ធជាច្រើនខ្នង បានឆាបឆេះដោយអណ្តាតភ្លើង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងអាជ្ញាធរមូលដ្ឋាន​ ព្រមទាំងមន្ត្រីជំនាញបង្ការ​សង្គ្រោះអគ្គិភ័យ ចុះមកជួយអន្តរាគមន៍ បាញ់ទឹកពន្លត់​ កាលពីវេលាម៉ោង​ ៦និង៣០នាទី ល្ងាច ថ្ងៃអង្គា​រ ទី១៤​ ខែមីនា ឆ្នាំ២០២៣ សិ្ថតក្នុង ភូមិឫស្សី​ (ក្រុម១៧​) សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅកន្លែងកេីតហេតុ បានឱ្យដឹងថាៈ​ មុនពេល កេីតហេតុ មានគេឮសម្លេងផ្ទុះចេញពីក្នុងផ្ទះ (មិនប្រាកដថាផ្ទះមួយណា​ នៃផ្ទះដែលត្រូវ ភ្លេីងឆេះ) ដោយអ្នកខ្លះ បង្ហេីបប្រាប់ថា សង្ស័យទុស្សេខ្សែភ្លេីង​ឯខ្លះទៀតថា មកពីផ្ទុះ កំប៉ុងហ្គាស​ រហូតមានអណ្ដាតភ្លេីង ឆាបឆេះបន្តិចម្ដងៗ ឡេីងសន្ធោសន្ធៅ​ ទេីបបង្កការភ្ញាក់ផ្អេីល ដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចមូលដ្ឋាន ចេញរថយន្តបង្ការ​ សង្គ្រោះអគ្គិភ័យ​ មកអន្តរាគមន៍បាញ់ទឹកពន្លត់ យ៉ាងញាប់ដៃជេីង​ ទេីបនៅវេលាម៉ោង​ ៧និង៤០នាទីយប់​នាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះ ត្រូវបានពន្លត់បានទាំងស្រុង​។

ជុំវិញករណីអគ្គិភ័យ ខាងលេីនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងតែធ្វេីការស្រាវជ្រាវ​ ក្នុងនោះ មិនបណ្ដាលឱ្យមនុស្សណាម្នាក់ រងរបួសនោះទេ​ ដោយអគ្គិភ័យ បានឆាបឆេះ ខូចខាតផ្ទះថ្ម ប្រក់ស័ង្កសី អស់​១ខ្នង និងផ្ទះឈេីលេ ីថ្មក្រោម ចំនួន​៤ខ្នង អស់ទាំងស្រុង​ ហេីយឆេះរាលដាលចំនួន​ ២ខ្នងទៀត ប្រហែល​ ៣០%​ ខណៈពេលសមត្ថកិច្ច ប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន​ ១៥គ្រឿង ប្រើប្រាស់ទឹក អស់ ៤៥ឡាន ស្មើនឹង ១៨០ម៉ែត្រគូប និងរថយន្តជំនួយ មកពីក្រសួងមហាផ្ទៃ​ ចំនួន​២គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ២ឡាន​ ស្មើនឹង​ ៨ម៉ែត្រគូប,​ រថយន្តក្រុមហ៊ុនស្រាបៀរ កម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប,​ រថយន្តរបស់ទី ក្រុងនរា​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​១ឡាន ស្មេីនឹង​ ៤ម៉ែត្រគូប,​ រថយន្តរបស់ កងពលតូចលេខ៧០​ ចំនួន ​៤គ្រឿង​និងរថយន្តរបស់ក្រុមហ៊ុន​ OCIC ជ្រោយចង្វារ​ ចំនួន ​​៦គ្រឿង​ពុំបានប្រេីប្រាស់ទឹក៕/V/r