​ប្រែ​សម្រួលៈ​បំណង​(​ស្ពុ​ត​និច​)៖ ដ្រូ​ន​MQ-9​របស់​អាម៉េរិក​បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ខ្មៅ​កាលពី​ថ្ងៃ​អង្គារ​ដោយសារតែ​ការហោះ​កាច់​កេវ​ដោយ​ខ្លួនឯង រីឯ​យន្តហោះ​ប្រយុទ្ធ​រុស្ស៊ី​មិន​បាន​ប៉ះពាល់​វា​ទេ​និង​​ក៏​មិន​បាន​ប្រើ​សព្វាវុធ​ណា​ដើម្បី​ទម្លាក់​យន្តហោះ​ឈ្លបយកការណ៍​របស់​អាម៉េរិក​នេះដែរ នេះ​បើ​តាម​ការបញ្ជាក់​ពី​ក្រសួង​ការពារជាតិ​រុស្ស៊ី​។​

​ក្រសួង​បាន​និយាយថា​«​ជា​លទ្ធផល​នៃ​ការហោះ​បត់​ឆែវ​និង​លឿន​ពេក​នៅ​ប្រមាណ​ម៉ោង​០៩:៣០ ព្រឹក ដ្រូ​ន MQ-9 បាន​ស្ថិតក្នុង​ស្ថានភាព​ហោះ​លែង​អាច​គ្រប់គ្រង​បាន​និង​ធ្លាក់​រយៈ​កំពស់​ហើយ​បុក​​ផ្ទៃ​ទឹក​។​យន្តហោះ​យោធា​រុស្ស៊ី​មិនបាន​ប្រើ​សព្វាវុធ​ណា​ទេ មិន​បាន​ប៉ះ​យាន​គ្មាន​មនុស្ស​បើកនេះ​និង​បាន​វិល​មក​កាន់​មូលដ្ឋាន​វិញ​ដោយ​សុវត្ថិភាព​»​។​

​ក្រសួង​បាន​បន្ថែមថា នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៤​មីនា ក្រុម​ត្រួតពិនិត្យ​ដែនអាកាស​រុស្ស៊ី​បាន​សង្កេត​ឃើញ​យាន​MQ-9​ហោះ​លើ​សមុទ្រ​ខ្មៅ​នៅ​ក្នុង​តំបន់​ឧបទ្វីប​គ្រី​ម៉េ​ក្នុង​ទិស​ដី​តម្រង់​មកកាន់​ព្រំដែន​រុស្ស៊ី​។​«​ដ្រូ​ន​បាន​ហោះ​ក្នុងស្ថានភាព​បិទ​ឧបករណ៍​ទាក់ទង រំលោភ​ព្រំដែន​នៃ​តំបន់​បណ្តោះអាសន្នក្នុង​គោលបំណង​បង្កើត​ប្រតិបត្តិការ​យោធា​ពិសេស​មួយ …​។​យន្តហោះ​ប្រដេញ​រុស្ស៊ី​ទៅ​ពី​កងកម្លាំង​អាកាស​​បាន​ចេញ​ទៅ​ស្ទាក់និងពិនិត្យមើល​ដើម្បី​អោយ​ដឹង​អត្ត​សញ្ញាញ​យាន​ជ្រៀតចូល​នេះ »​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា​MQ-9​របស់​អាម៉េរិក​បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ខ្មៅ​ដោយសារតែ​ហោះ​បង់​ឆែវ​លឿន​ពេក​ហើយ​យន្តហោះ​ប្រយុទ្ធ​រុស្ស៊ី​មិនបាន​ពាក់ព័ន្ធ​នឹង​ការធ្លាក់​នេះ​ទេ​

MQ-9 Reaper​ត្រូវបាន​គេ​ផ្តល់​រហស្សនាម​ថា យាន​ស៊ើបការណ៍​ពិឃាត​ដោយសារ​វា​អាច​បំពាក់​កាំជ្រួច​បញ្ជា​វាយប្រហារ​គោលដៅ​ពី​ក្រុម​អ្នកត្រួតពិនិត្យ​និង​បញ្ជា​ពី​ចម្ងាយ តែ​យាន​ដែល​ធ្លាក់​កាលពី​​ថ្ងៃ​អង្គារ​មិនដឹង​ថា​បំពាក់​សព្វាវុធ​ដែរ​ឬ​អត់​ទេ​។​

​ក្នុងពេល​ជាមួយគ្នា ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​សហរដ្ឋ​អាម៉េរិក លោក អាណា​តូ​លី អាន់​តូ​ណូវ (Anatoly Antonov)​បាន​និយាយថា រុស្ស៊ី​មិន​ស្វះស្វែង​រក​ការប្រឈមមុខ​ជា​មួយ​អាម៉េរិក​ទេ​ក្រោយ​​ពី​មន្ត្រី​អាម៉េរិក​ចោទប្រកាន់ថា យន្តហោះ​រុស្ស៊ី​បាន​ធ្វើ​អោយ​ធ្លាក់ដ្រូន​របស់​ខ្លួន​នៅ​សមុទ្រ​ខ្មៅ​។​

​លោក​អាន់​តូ​ណូវ បាន​និយាយថា​« យើង​មិន​ចង់​បាន​ការ​ប្រឈម​ណាមួយ​ជាមួយ​អាម៉េរិក​ទេ​។​រុស្ស៊ី​គិតថា ឧបទ្ទវហេតុ​នៅ​សមុទ្រ​ខ្មៅ​ជាការ​បង្ករឿង​មួយ​របស់​អាម៉េរិក​។​យើង​មាន​ការប្រយ័ត្នប្រយែង​ណាស់​​អំពី​សកម្មភាព​របស់​យើង ដោយសារ​តែ​អ្វី​ដែល​កំពុង​កើត​នៅ​ផ្នែក​នៃ​អឺរុប​ខាងកើត​…»​។​

​មុន​នេះ​បន្តិច​លោក អាន់​តូ​ណូវ ត្រូវបាន​ក្រសួងការបរទេស​អាម៉េរិក​កោះហៅ​ទៅ​ស្តាប់​ការប្រឆាំង​តវ៉ា​ចំពោះ​ហេតុការណ៍​នៅ​សមុទ្រ​ខ្មៅ​៕

​លោក​អាណា​តូ​លី អាន់​តូ​ណូវ ត្រូវបាន​ក្រសួងការបរទេស​អាម៉េរិក​កោះហៅ​ទៅ​ស្តាប់​ការតវ៉ា ចំពោះ​ឧបទ្ទវហេតុ​នៅ​សមុទ្រ​ខ្មៅ​