ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្តមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ ដល់សហគមន៍ជាតិ និងអន្តរជាតិ សូមបន្តរួមគ្នាអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ស្តីពីជនមានពិការភាព អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព របស់អង្គការសហប្រជាជាតិ និងយុទ្ធសាស្រ្តទីក្រុង អ៊ីនឈុន ដើម្បីផ្តល់សិទ្ធិ ពិតប្រាកដ ដល់ជនមានពិការភាព ។
សម្តេចតេជោ បានមានប្រសាសន៍ ក្នុងពិធីបើកសន្និសីទជនមានពិការភាពប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក លើកទី៥ ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើ នៅសណ្ឋាគារសុខា ភ្នំពេញ។
សម្តេចតេជោ បានបន្តថាៈ ជាក់ស្តែង ដោយបានគិតគូរល្អិតល្អន់ នូវសុខុមាលភាព របស់ជនពិការភាព រាជរដ្ឋាភិបាលកម្ពុជា បានកំណត់កូតា រហូតដល់ចំនួន ២ ភាគរយ សម្រាប់ជ្រើសរើសជនមានពិការភាព ឱ្យបម្រើការងារ នៅក្រសួងស្ថាប័នរដ្ឋ សម្របតាមច្បាប់ ស្តីពីកិច្ចការពារ និងការលើកកម្ពស់ជនពិការ ។ បន្ថែមពីលើនេះ វិស័យឯកជន ត្រូវបានលើកទឹកចិត្តជាពិសេស ឱ្យទទួលយកជនមានពិការភាព បម្រើការងារ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងផ្តល់ឱកាសជនមានពិការភាព ក្នុងការរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យបានកាន់តែទូលំទូលាយ៕ V / N