​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ វិមាន​ក្រឹម​ឡាំង​បាន​និយាយថា ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នឹង​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​ស៊ី​រី​លោក បា​សា អាល់​អាសាដ (Bashar al-Assad) ក្នុង​ទីក្រុង​មូ​ស្គូ​នៅ​ថ្ងៃ​ពុធ​ទី​១៥​មីនា​នេះ ខណៈ​ទំនាក់ទំនង​រវាង​រដ្ឋ​មជ្ឈិមបូព៌ា​នេះ​កំពុង​ដំណើរការ​ឡើងវិញ​។​

​រុស្ស៊ី​គឺជា​សម្ពន្ធមិត្ត​មួយ​ក្នុងចំណោម​សម្ពន្ធមិត្ត​តិចតួច​របស់​ស៊ី​រី​ក្នុងអំឡុង​សង្គ្រាម​ជាច្រើន​ឆ្នាំ​របស់​ខ្លួន​និង​ភាព​ឯកោ​ផ្នែក​នយោបាយ​។​

​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា “​បញ្ហា​ប្រធានបទ​នៃ​ការអភិវឌ្ឍ​បន្ថែមទៀត​លើ​កិច្ចសហប្រតិបត្តិការ​រុស្ស៊ី​-​ស៊ី​រី​ក្នុង​វិស័យ​នយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​មនុស្សធម៌ ក៏ដូចជា​ការរំពឹង​ទុក​សម្រាប់​ការដោះស្រាយ​គ្រប់​ជ្រុងជ្រោយ​នៃ​ស្ថានភាព​នៅក្នុង​និង​ជុំវិញ​ប្រទេស​ស៊ី​រី នឹង​ត្រូវ​យកមក​ពិភាក្សា​”​។

​មន្ត្រី​ការិយាល័យ​របស់​លោក​អាសាដ​បាន​និយាយថា លោក​បាន​មក​ដល់​ទីក្រុង​មូ​ស្គូ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ ដែល​ក្នុង​អំឡុងពេល​នោះ​លោក​នឹង​ជួប​ជាមួយ​លោកពូ​ទីន​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ មន្ត្រី​ការិយាល័យ​និយាយថា ប្រធានាធិបតី​ស៊ី​រី​ត្រូវបាន​ស្វាគមន៍​នៅ​ពេល​មកដល់​ដោយ​អ្នកតំណាង​ពិសេស​របស់​លោក​ពូ​ទីន លោក មី​ខា​អ៊ី​ល បុក​ដា​នូវ (Mikhail Bogdanov) និង​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​ទីក្រុង​ដា​ម៉ាស លោក អា​ឡិច​សាន់​ឌឺ យេ​ហ្វី​ម៉ូវ (Alexander Yefimov)​។​

​សេចក្តីថ្លែងការណ៍​របស់​ប្រធានាធិបតី​ស៊ីរី​បាន​និយាយថា លោក​អាសាដ​ត្រូវបាន​អមដំណើរ​ដោយ “​គណៈប្រតិភូ​រដ្ឋមន្ត្រី​ដ៏​ធំ​មួយ​”​។​

​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​គឺជា​សម្ពន្ធមិត្ត​ដ៏​រឹងមាំ​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ដែល​បាន​ធ្វើ​អន្តរាគមន៍​ក្នុង​ជម្លោះ​ស៊ី​រី​ក្នុង​ឆ្នាំ ២០១៥ ដោយ​បើក​ការវាយប្រហារ​តាម​អាកាស ដើម្បី​គាំទ្រ​ដល់​កងកម្លាំង​តស៊ូ​របស់​រដ្ឋាភិបាល​។​

​ជាមួយ​នឹង​ការគាំទ្រ​នេះ​ក៏​ដូចជា​ពី​ប្រទេស​អ៊ីរ៉ង់ រដ្ឋាភិបាល​ក្រុង​ដា​ម៉ា​សបាន​ដណ្តើម​បាន​វិញ​នូវ​ទឹកដី​ជាច្រើន ដែល​ខ្លួន​បាន​បាត់បង់​ក្នុង​ដំណាក់កាល​ដំបូង​នៃ​សង្គ្រាម​៕

​លោក​អាសាដ (​ស្តាំ​) មក​ដល់​ទីក្រុង​មូ​ស្គូ