​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ម្ចាស់ Facebook គឺ​ក្រុមហ៊ុន Meta បានប្រកាស​កាត់បន្ថយ​ការងារ​កាលពី​ថ្ងៃ​អង្គារ​ទី​១៤​មីនា ជា​ផ្នែក​នៃ​អ្វីដែល​នាយក​ប្រតិបត្តិ ម៉ាក ហ្សាក់​ឃើ​បឺក ហៅថា “​ឆ្នាំ​នៃ​ប្រសិទ្ធភាព​” របស់​ក្រុមហ៊ុន ខណៈ​វិស័យ​បច្ចេកវិជ្ជា​របស់​សហរដ្ឋអាម៉េរិក​បន្តដាំ​ក្បាលចុះ​។​

​នៅក្នុង​អ៊ីមែល​ទៅកាន់​បុគ្គលិក លោក​ហ្សាក់​ឃើ​បឺ​ក​បាន​និយាយថា ក្រុមហ៊ុន Meta​នឹង​កាត់បន្ថយ​ការងារ​ចំនួន ១០.០០០ ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ ដោយ​ផ្តោត​លើ​ផ្នែក​គ្រប់គ្រង​កម្រិត​មធ្យម​ហើយ​មុខ​​នាទី ៥.០០០ ផ្សេង​ទៀត​អាច​នឹង​ទុក​ឱ្យ​ទំនេរ​ចោល​។​

​ការកាត់បន្ថយ​នេះ​ធ្វើឡើង​បន្ទាប់​ពី​ការកាត់បន្ថយ​តំណែង​ចំនួន ១១.០០០ ដែល​ក្រុមហ៊ុន​បាន​ប្រកាស​ក្នុង​ខែវិច្ឆិកា ដែលនាំឱ្យ​មាន​ការចាប់​ផ្តើម​កាត់បន្ថយ​ការងារ​ស្រដៀង​គ្នា​នៅ​ទូទាំង​បណ្តា​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ធំៗ​រួមមាន Amazon, Google និង Microsoft ប៉ុន្តែ​មិនមែន Apple ទេ​។​

​ជាមួយនឹង​ការប្រកាស​លើក​ទី​ពីរ​នេះ ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​នេះ​នឹង​ដក​កម្លាំង​ពលកម្ម​ប្រហែល ២៥ ភាគរយ​ក្នុង​រយៈពេល​ត្រឹមតែ ៤ ខែ​ប៉ុណ្ណោះ​។​

​លោក​ហ្សាក់​ឃើ​បឺ​ក​បាន​និយាយថា “​វា​នឹង​មាន​ការលំបាក ហើយ​គ្មាន​វិធី​ដោះស្រាយ​រឿង​នេះ​ទេ​។ វា​នឹង​មានន័យថា​ត្រូវ​និយាយ​លាគ្នា​ទៅកាន់​មិត្ត​រួម​ការងារ​ដែល​មាន​ទេពកោសល្យ​និង​ចំណង់​ដែលជា​ផ្នែក​​មួយ​នៃ​ភាពជោគជ័យ​របស់​យើង​”​។​

​ជនរងគ្រោះ​ដំបូង​នឹង​ធ្លាក់​ទៅលើ​ផ្នែក​ជ្រើសរើស​បុគ្គលិក​របស់​ក្រុមហ៊ុន Meta ខណៈ​ក្រុមហ៊ុន​បាន​បញ្ឈប់​ជា​ផ្លូវការ​នូវ​ការជួល​បុគ្គល​ប៉ាតណាប៉ាតណី ដែល​បាន​កើតឡើង​នៅ​ពេល​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​នេះ​បង្កើន​ប្រតិបត្តិការ​ដើម្បី​បំពេញ​តម្រូវការ​ខ្ពស់​ក្នុងអំឡុង​ជំងឺ​រាតត្បាត​។​

​លោក​ហ្សាក់​ឃើ​បឺ​ក​បាន​និយាយថា ក្នុង​ប៉ុន្មាន​ខែ​ទៀត នាយកដ្ឋាន​បច្ចេកវិជ្ជា​និង​អាជីវកម្ម​ក៏​នឹងរង​ផលប៉ះពាល់​ផងដែរ ហើយ “​ក្នុងករណី​មួយចំនួន​តូច វា​អាច​ចំណាយ​ពេល​រហូតដល់​ចុង​ឆ្នាំ​ដើម្បី​បញ្ចប់​ការផ្លាស់ប្តូរ​ទាំង​នេះ​”៕

​ក្រុមហ៊ុន Meta នឹង​ជម្រុះ​បុគ្គលិក​ថែម​១០.០០០​នាក់​ទៀត​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ