ដោយៈ យោធិន / ភ្នំពេញៈ ឯកអគ្គរាជទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក Cherdkiat Atthakor បានវាយតម្លៃខ្ពស់ ពីកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិ បាលកម្ពុជា ដែលសម្រេចបានសមិទ្ធផល លើវិស័យការងារបោសសម្អាតមីន សម្រាប់រយៈពេល ៣០ ឆ្នាំ កន្លងទៅនេះ ព្រមទាំងបានគាំទ្រនូវចក្ខុវិស័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន (CMAA) ឆ្ពោះទៅរកកម្ពុជា គ្មានមីន នាឆ្នាំ២០២៥។

ការលើកឡើងរបស់ឯកអគ្គរាជទូតថៃ​ប្រចាំនៅព្រះរាជាណាចក្រកម្ពុជានេះ បានធ្វើឡើង ក្នុងឱកាសលោក​បានចូលជួបសម្តែងការគួរសម​និងពិភាក្សាការងា ​ស្តីពីកិច្ចសហ ប្រតិបត្តិការ បោសសម្អាតមីន ជាមួយលោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងរាជធានី ភ្នំពេញ។

ក្នុងជំនួបខាងលើនេះដែរ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើង អំពីកិច្ចខិតខំ ប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រយៈពេល ៣០ឆ្នាំ ដោយទទួលបាននូវ សមិទ្ធផលជាប្រវត្តិសាស្រ្ត។

អាជ្ញាធរមីន ដែលជាសេនាធិការឲ្យ រាជរដ្ឋាភិបាល បានដឹកនាំ សម្របសម្រួល រៀបចំផែនការ និងបែងចែកកម្លាំងបោស សម្អាត ទៅគ្រប់ប្រតិបត្តិករជាតិ-អន្តរជាតិ ព្រមទាំងមានរបបប្រជុំ ជាប្រចាំជាមួយ គ្រប់ដៃគូអភិវឌ្ឍន៍។ នេះបើតាមការបញ្ជាក់ បន្ថែមពី លោកទេសរដ្ឋមន្ត្រី លី ធុជ ។

អនុប្រធានទី១ អាជ្ញាធរមីន បានលើកបន្តថាៈ ជាមួយគ្នានេះ សម្តេចតេជោ បានដាក់​ចេញនូវចក្ខុវិស័យ យ៉ាងច្បាស់លាស់ ក្នុងការបញ្ចប់ការងារបោសសម្អាតមីន ឲ្យអស់ ត្រឹមឆ្នាំ២០២៥ និងមានបំណងចង់ប្រែក្លាយតំបន់ព្រំដែន ជាមួយប្រទេសជិតខាង ជាតំបន់សន្តិភាព ស្ថេរភាព សុវត្ថិភាព និងការអភិវឌ្ឍ៕ V / N