ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្តមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាៈ “សង្រ្គាមមិនអាចបញ្ចប់ ដោយសង្រ្គាមបានឡើយ” ។

ថ្លែងបើកសន្និសីទជនមានពិការភាព​ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៥ ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើង​នៅ​សណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ថាៈ ចំពោះបញ្ហាសង្គ្រាម កម្ពុជាមានបទពិសោធន៍ជូរចត់គ្រប់គ្រាន់ ដែលអាចចងក្រងជាប្រវត្តិសាស្រ្ត ហើយជាការពិត “សង្រ្គាម មិនអាចបញ្ចប់ ដោយ សង្រ្គាមបានឡើយ” ។

ក្នុងន័យនេះ សម្តេចតេជោ បានបន្តថាៈ មានតែការដោះស្រាយជម្លោះ ដោយសន្តិវិធី តាមរយៈការសន្ទនា ការចរចា និងការពិគ្រោះយោបល់តែប៉ុណ្ណោះ ទើបអាចសម្រេចបាន នូវសុខសន្តិភាព ប្រកបដោយចីរភាព ។

សម្តេចតេជោ បានបន្តថាៈ ទន្ទឹមនេះ យើងទាំងអស់គ្នា ត្រូវទទួលស្គាល់ថា កត្តាសន្តិភាព ពិតជាមានសារៈសំខាន់ លើសអ្វីៗទាំងអស់ ពីព្រោះថា សន្តិភាព គឺជាបុរេលក្ខខណ្ឌ និងបានផ្តល់នូវកាលានុវត្តភាព សម្រាប់គ្រប់ការអភិវឌ្ឍ ប្រទេសជាតិ និងការលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេស ការការពារសិទ្ធិជនមានពិការភាព ស្រប តាមអនុសញ្ញា ស្តីពីសិទ្ធិជនមានពិការ របស់អង្គការសហប្រជាជាតិ និងទសវត្សរ៍ ជនមានពិការភាព ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក សំដៅធ្វើឱ្យគុណភាពជីវិតរបស់ ជនមានពិការភាព កាន់តែប្រសើរឡើង ព្រមទាំងបានចូលរួមពេញលេញ ស្មើសិទ្ធិ ស្មើភាព ក្នុងសង្គមប្រកបដោយ សេចក្តីថ្លៃថ្នូរ និងបរិយាប័ន្ន ៕ V / N