ដោយៈ តារារិទ្ធ / ភ្នំពេញ៖ សម្តេចអគ្តមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាៈ ការពង្រឹងវិស័យពិការភាព នាពេលនេះ គឺជាការរួមគ្នាបង្កើនក្តីសង្ឈឹមបន្ថែម ជូនជនមានពិការភាព ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ក្នុងសន្និសីទជនមានពិការភាព​ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៥ ឆ្នាំ ២០២៣ ដែលប្រារព្ធធ្វើឡើង​នៅ​សណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ បានបន្តថាៈ ការលើកកម្ពស់សិទ្ធិរស់រានមានជីវិត​របស់ជនមានពិការភាព គឺជាការចំបាច់ ដើម្បីធ្វើឱ្យជនមានពិការភាព ទទួលបានសិទ្ធិ ដូចប្រជាជនដែលគ្មាន ពិការភាព រួមមានសិទ្ធិទទួលបានការអប់រំ ការថែទាំសុខភាព សេវាយុត្តិធម៌ និងការចូល រួមក្នុងសកម្មភាពសង្គម សាសនា កីឡា សិល្បៈ នយោបាយ ដោយពេញលេញ និងស្មើភាព ។ ការកែលម្អ និងអភិវឌ្ឍនូវបរិស្ថានរូបវន្ត មធ្យោបាយដឹកជញ្ជូនសាធារណៈ ចំណេះដឹងព័ត៌មាន និងទំនាក់ទំនងក្នុងយុគឌីជីថល ក៏ជាកត្តាចាំបាច់ ក្នុងការជំរុញ ការចូលរួម ប្រកបដោយចីរភាពរបស់ជនមានពិការភាព ។

ដូច្នេះការពង្រឹងវិស័យពិការភាព នាពេលនេះ គឺជាការរួមគ្នាបង្កើនក្តីសង្ឈឹមបន្ថែម ជូនជនមានពិការភាព​នូវភាពអង់អាច និងលើកកម្ពស់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូររបស់ ជនមានពិការភាព ព្រមទាំងផ្លាស់ប្តូរ ឱ្យមានការគិតជាវិជ្ជមាន ប្រកបដោយគុណធម៌ សម្រាប់ជនមានពិការភាព ស្របតាមពាក្យស្លោករបស់ គោលដៅអភិវឌ្ឍ ប្រកបដោយ ចីរភាព “គ្មានជនណាម្នាក់ ត្រូវបានទុកចោលឡើយ” ៕ V / N