ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ប៉ូលីស​ប៉ា​គី​ស្ថាន​និង​ពួក​អ្នកគាំទ្រ​លោក​អ៊ី​ម​រ៉ា​ន់ ខាន់​(Imran Khan)​បាន​ប្រយុទ្ធ​គ្នា​នៅ​ក្រៅ​គេហដ្ឋាន​របស់​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​នៅ​ទីក្រុង​ឡាហ័​រ​( Lahore)​កាលពី​ថ្ងៃ​អង្គារ ដោយ​បណ្តាលអោយ​រងរបួស​ម​នុស្ស​រាប់សិប​នាក់​នៅ​ភាគី​ទាំងសងខាង ដោយសារ​តែ​ពួក​អ្នកគាំទ្រ​ប្រឆាំងនឹង​ការព្យាយាម​ចាប់ខ្លួន​មេដឹកនាំ​របស់​គេ​តាម​ដីកា​តុលាការ​។​

​សាក្សី​បាន​និយាយថា ប៉ូលីស​បាន​ប្រើ​ដំបង និង​គ្រាប់​បែកផ្សែង​លើ​អ្នកគាំទ្រ​លោក​ខាន់ នៅពេល​ឧទ្ធម្ភាគចក្រ​ហោះ​ពីលើ​គេហដ្ឋាន​ចំពេល​សេវា​អ៊ីនធឺណិត​នៅ​តំបន់​នោះ​ត្រូវបាន​កាត់ផ្តាច់​។​

​រដ្ឋមន្ត្រី​មហាផ្ទៃ រ៉ា​ណា សា​ណា​អ៊ុល​ឡា​(Rana Sanaullah)​បាន​និយាយថា​«​យើង​នឹង​ចាប់ខ្លួន អ៊ី​ម​រ៉ា​ន់ ខាន់​នៅថ្ងៃនេះ និង​នាំ​ជន​នោះ​ទៅ​តុលាការ​»​។​

​សូមបញ្ជាក់​ថា តុលាការ​ក្រុង​អ៊ី​ស្លា​ម៉ា​បាត​មួយ​បាន​ចេញ​ដីកាចាប់ខ្លួន​លោក​ខាន់​ចំពោះ​ការលក់​វត្ថុ​អំណោយ​រដ្ឋ​កាលពី​លោក​នៅ​កាន់អំណាច​ពី​ឆ្នាំ​២០១៨​ដល់​២០២២​។​តែ​ជំនួយការ​របស់​ខាន់​បាន​និយាយ​​ថា អតីត​មេដឹកនាំ​រូបនេះ​ត្រូវបាន​ធានា​«​ការ​នៅ​ក្រៅ​ឃុំ​»​ពី​តុលាការ​មួយ​ហើយ«​យើង​ដឹង​ថា ប៉ូលីស​មិន​អា​ចប់​ខ្លួន​គាត់​បានទេ​»​។​

​លោក​ខាន់​ចាប់តាំងពី​ត្រូវ​ក្រុមប្រឆាំង​បណ្តេញចេញ​ពី​អំណាច​កាលពីដើមឆ្នាំ​មក​បាន​ធ្វើ​យុទ្ធនាការ​កេណ្ឌ​អ្នកគាំទ្រ​ពាសពេញ​ប្រទេស​អោយធ្វើ​ការជួបជុំ​ទាមទារ​អោយមាន​ការបោះឆ្នោត​មុន​កាលកំណត់​​មួយ​តែ​វា​ត្រូវ​ជំទាស់​ដោយ​អ្នក​កាន់​តំណែង​បន្ត​ពី​លោក គឺ​នាយក​រដ្ឋមន្ត្រី សេ​បាស សារីហ្វ​(Shehbaz Sharif)​ដែល​បាន​និយាយថា ការបោះឆ្នោត​នឹង​ត្រូវ​ធ្វើឡើង​នៅ​ចុងឆ្នាំ​នេះ​ឯណោះ​។​

ក្នុងការដឹកនាំបាតុកម្មទាមទារជាបន្តបន្ទាប់ ​លោក​ខាន់​ត្រូវ​បាន​បាញ់​អោយ​របួស​ក្នុង​ការជួបជុំ​ទាមទារ​មួយ​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​និយាយថា «​អ្នកគាំទ្រ​របស់​ខាន់​បានចាប់ផ្តើម​អំពើហិង្សា​។​បើ​ខាន់​ឡើង​តុលាការ វា​ជា​ការល្អ​ដើម្បី​អោយ​ច្បាប់​ចាត់ការ​» តែ​លោក​ខាន់​បាន​អំពាវនាវ​អោយ​អ្នកគាំទ្រ​ងើប​​ឈរ​ប្រឆាំង​៕

​អ្នកនាំពាក្យរដ្ឋាភិបាល បាន​និយាយថា​អ្នកគាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​បានចាប់ផ្តើម​ចោល​ដុំថ្ម​និង​ដុំឥដ្ឋ​និង​បាញ់​ចំ​ពាម​កៅស៊ូដាក់​ប៉ូលីស ដែល​បាន​ឆ្លើយ​តប​ដោយ​ការបាញ់ទឹក ដំបង​និង​គ្រាប់​បែកផ្សែង​កាលពី​​ថ្ងៃ​អង្គារ​