ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្រុមហ៊ុនសែលកាត (Cellcard) បានក្លាយជា ដៃគូទូគមនាគមន៍ផ្លូវការ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម –អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC) និងក្រុមហ៊ុនសែលកាត(Cellcard) បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ក្នុងភាពជាដៃគូចលនូបត្ថម្ភផ្ដាច់មុខ លើទូរគមនាគមន៍ នៅថ្ងៃទី១៤ មីនាម្សិលមិញនេះ។
ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា (NOCC) ក្រោមវត្តមានរបស់លោក វ៉ាត់ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាស៊ីហ្គេម –អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣(CAMSOC-CAMAPGOC) និងនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Simon Perkins។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ថាៈ ក្នុងនាម NOCC លោកមានមោទនភាពណាស់ ដែលមានក្រុមហ៊ុនសែលកាត ក្លាយជាអ្នក ឧបត្ថម្ភកម្រិតទី១ ដល់កម្ពុជាឆ្នាំ២០២៣ (CAMBODIA2023)។ ការគាំទ្ររបស់ សែលកាត នឹងផ្តល់នូវការតភ្ជាប់ សម្រាប់ទីកន្លែងព្រឹត្តិការណ៍ទាំងអស់ ដល់អត្តពលិក និងភ្ញៀវរបស់យើង។ កម្មវិធីនេះ កំពុងដំណើរការយ៉ាងល្អហើយនឹងក្លាយជាព្រឹត្តិការណ៍ ដ៏មានកិត្យានុភាព ដោយមានការចូលរួមពី ប្រមុខរដ្ឋជាច្រើន នៅទូទាំងតំបន់។ សកម្មភាពជាច្រើនកំពុងត្រូវបានគ្រោងទុក ហើយយើងពិតជារំភើប ក្នុងការចាប់ផ្តើមធ្វើ ការរួមគ្នា ជាមួយសែលកាត ក្នុងនាមជាដៃគូទូរគមនាគមន៍ផ្តាច់មុខ នៃស៊ីហ្គេម– អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕/V-PC