ដេាយ ៖ គឹម សុវណ្ណដានី អ្នកសម្របសម្រួលគម្រោង «ការលើកកម្ពស់សិទ្ធ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»
នៅវេលាម៉ោង៦ព្រឹក ថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារនៃគម្រោង «ការលើកកម្ពស់សិទ្ធ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ចេញដំណើរពីមជ្ឈមណ្ឌលឯកសារកម្ពុជា ឆ្ពោះទៅឃុំផុង ដោយចំណាយពេលប្រមាណ៣ម៉ោង។ ពេលក្រុមការងារទៅដល់ឃុំផុង អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពចំនួន ២៦នាក់ បានមកជួបជុំនៅក្នុងបរិវេណវត្តអង្គរមាស ដោយមានការរៀបចំទុកជាមុនពីក្រុមអ្នកស្ម័គ្រចិត្តកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។
ក្រុមការងារចាប់ផ្តើមរៀបចំឧបករណ៍ពិនិត្យសុខភាពបឋម ដែលមានដូចជា ឧបករណ៍ពិនិត្យសម្ពាធឈាម, ឧបករណ៍ពិនិត្យមើលកម្រិតជាតិស្ករក្នុងឈាម ឧបករណ៍ពិនិត្យមើលខ្លាញ់ក្នុងឈាម និងឧបករណ៍ពិនិត្យចង្វាក់បេះដូង (ECG)។ ក្នុងដំណើរការពិនិត្យសុខភាពជូនអ្នកដែលមានពិការភាព វេជ្ជបណ្ឌិត ដេមី រៃយ៍ ជនជាតិហ្វីលីពីន បានរកឃើញថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានជំងឺលើសឈាម ជំងឺបេះដូង និងជំងឺសន្លាក់ មានរហូតដល់ ៩០ភាគរយ។ នៅពេលដែលក្រុមការងារសាកសួរអ្នកមកចូលរួមដែលមកពិនិត្យចង្វាក់បេះដូង អ្នកទាំងនោះប្រាប់ថា ពួកគាត់មិនដែលបានពិនិត្យដោយឧបករណ៍បែបនេះទេពីមុនមក។ មានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៤នាក់ មិនអាចកម្រើកមួយចំហៀងខ្លួនបានដោយសារជំងឺលើសឈាមដែលគាត់មិនបានដឹងកន្លងមក។ បន្ទាប់ពីសកម្មភាពពិនិត្យសុខភាពរួចរាល់ ក្រុមការងារបានរៀបចំអាហារថ្ងៃត្រង់សម្រាប់អ្នកចូលរួមហូបជុំគ្នា និងសំណេះសំណាលសាកសួរសុខទុក្ខគ្នាទៅវិញទៅមក ធ្វើឲ្យគាត់អាចបន្ធូរអារម្មណ៍តានតឹង និងលំហែរខួរក្បាល។ ជាក់ស្តែង នៅពេលកំពុងរង់ចាំពិនិត្យសុខភាព អ៊ំ ពូ មីង យាយ តា បានសួរសុខទុក្ខ និងពិគ្រោះយោបល់គ្នាពីបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់គាត់ ពីបញ្ហាក្រុមគ្រួសារ ពីផលវិបាកនៃជំងឺ និងពិការភាពរបស់គាត់។
គួរកត់សម្គាល់ថា អ្នកចូលរួមទាំង ២៦នាក់ គឺមានអាយុចាប់ពី ៥០ឆ្នាំ ដល់ ៧៧ឆ្នាំ ដែលធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម ដែលជារបបមួយមិនមានអាហាររូបត្ថម្ភគ្រប់គ្រាន់ ធ្វើការងារលើសកម្លាំង សម្រាកមិនគ្រប់គ្រាន់ ជាដើមហេតុបណ្តាលឲ្យរងប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងសុខភាពទូទៅរបស់ប្រជាជនដែលមានវ័យចាស់ក្នុងប្រទេសកម្ពុជា។ ប្រជាជននៅឃុំផុង ដែលមានជីវភាពខ្វះខាត តែងតែទៅពិនិត្យសុខភាព និងព្យាបាលជំងឺនៅមណ្ឌលសុខភាពដែលស្ថិតនៅក្បែរផ្ទះ និងមានចម្ងាយប្រហែល២គីឡូម៉ែត្រ ពីសាលាឃុំផុង។ ទោះបីយ៉ាងណាប្រជាជននៅជួបការលំបាកក្នុងការស្វែងរកមធ្យោបាយធ្វើដំណើរទៅព្យាបាលនៅមន្ទីរពេទ្យ ពេលដែលត្រូវការសង្គ្រោះបន្ទាន់ ជាពិសេសគឺនៅពេលយប់។
ក្រោយកម្មវិធីបានចប់សព្វគ្រប់ហើយ អ្នកចូលរួមមានភាពសប្បាយរីករាយ ដោយអ្នកខ្លះបានប្រាប់មកក្រុមការងារថា ប្រសិនជាគាត់បានធូរស្បើយក្រោយពីការពិនិត្យសុខភាពដោយវេជ្ជបណ្ឌិតជំនាញ គាត់ពិតជាត្រេកអរ ព្រោះគាត់ធ្លាប់ទៅព្យាបាលច្រើនកន្លែងហើយ មិនមានការធូរស្បើយសោះ ហើយពេលខ្លះគាត់មិនដឹងបណ្តាលមកពីមូលហេតុអ្វីទៀត។​ សរន

នៅវេលាម៉ោង៦ព្រឹក ថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារនៃគម្រោង «ការលើកកម្ពស់សិទ្ធ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ពិនិត្យសុខភាពបឋមជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពចំនួន ២៦នាក់ នៅឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)