ទា​រលុយ​មិនបាន​បង្ក​ហិ​ង្សា​ដាក់ រង​បួស​ធ្ងន់​ម្នាក់ ឃាត់ខ្លួន​ចូល​ប៉ុស្តិ៍​៤​នាក់

1060
ចែករម្លែក

ដោយ : ចាន់តូ​/ ​ភ្នំពេញ ៖ ឆាកប្រយុទ្ធ​គ្នា​រវាង​ម្ចាស់បំណុល​និង​កូនបំណុល ដោយសារ​រឿង​ជំពាក់​លុយ ឈានដល់​បង្ក​ហឹ​ង្សា ស្ត្រី​ម្នាក់​ហូរឈាម​ខៀវ​ភ្នែក មនុស្ស​៤​នាក់ ស្រី​២​នាក់ ប្រុស​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ហៅ​នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ព្រលប់ ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុងភូមិ​ប៉​ប្រ៉​ក​ត្បូង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ករណី​ហិង្សា​​ខាងលើ ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់ ឈ្មោះ ម៉ៅ ស្រី​ណុ​ច អាយុ​៣៨​ឆ្នាំ ស្នាក់នៅ​ផ្ទះកើតហេតុ មាន​ស្រុកកំណើត ខេត្តកំពង់ស្ពឺ ។ ចំណែក​ជនបង្ក​២​នាក់​ប្តី​ប្រពន្ធ ឈ្មោះ ណាត អាយុ​៣៤​ឆ្នាំ មុខរបរ​លក់ដូរ ប្តី ឈ្មោះ សល់ អាយុ​៣៥​ឆ្នាំ មុខរបរ រត់​ម៉ូតូ​កង់​បី រស់នៅ ក្នុងភូមិ កើតហេតុ​ខាងលើ​ជាមួយ​ស្ត្រី​រងគ្រោះ​ដែរ ។ ដោយឡែក​២​នាក់​ទៀត ប្រុស​ម្នាក់​និង​ស្រី​ម្នាក់ ត្រូវជា​សាច់ញាតិ​ខាង​ជនបង្ក មិន​ស្គាល់ឈ្មោះ ។​

តាម​ប្រភព​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ភាគី​ខាង​បង្ក មាន​ស្ត្រី​ឈ្មោះ ណាត បាន​ទៅ​ទារលុយ​ជនរងគ្រោះ តែ​ត្រូវបាន ស្ត្រី​រងគ្រោះ ជេរ​ជ្រះ​ឆ្អេះ ក៏​កើតជា​ទំនាស់​សម្តី ហើយ​ត្រូវបាន​ជនរងគ្រោះ ទាញ​កាំបិត​យកមក គម្រាម​កាប់ ទៅលើ​ភាគី​បង្ក តែ​ត្រូវបាន​តដៃ​វិញ បណ្តាល​ឲ្យ​ហូរឈាម ជាំមុខ ហើម​ភ្នែក ទើប​ផ្អើលឆោឡោ ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ ហើយ​ត្រូវបាន​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍ ហៅ​ភាគី​ម្ចាស់បំណុល​ទៅ​សាកសួរ នៅ​ប៉ុស្តិ៍​កា​កាប​១ ។​

​តាម​ប្រភព​អ្នកឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា បើ​គ្រាន់​ត្រឹម​តែមួយ​នឹង​មួយ ខាង​រងគ្រោះ​មិន​ខ្លាចញញើត​ឡើយ បុ័ងតោ​ដេញ​កាប់​ស្លាប់​រេល​ឥឡូវ តែ​នេះ​ដោយសារ​សាច់ញាតិ​ខាង​ក្រុម​បង្ក គ្នាច្រើន​ចូល​ជួយ​ចាប់ ទើប​ជនរងគ្រោះ​ប៉ោង​ភ្នែក​ដូច​ក្តាម ។​

​តាម​សម្តី ស្ត្រី​ដៃដល់​វិញ​បាន​ឲ្យ​ដឹងថា ជ​ម្ពា​ក់លុយ​គេ ដល់​ទៅ​ទារ​វិញ បែ​ជា​ចេញមក​រករឿង ប្រដាប់​ដោយ​កាំបិត​បុ័ងតោ មក​គម្រាម​កាប់ ទើប​តដៃ​វិញ ដោយ​គ្មាន​សាច់ញាតិ​ណា​ជួយ​ចាប់​ឲ្យ​វ៉ៃ​ឡើយ ។ ​ភាពចម្រូង​ចម្រាស់​គ្នា រវាង​ម្ចាស់បំណុល​និង​កូនបំណុល បង្ក​ឲ្យ​មាន​របួសស្នាម ក្រោយពី​បញ្ជូន​ស្ត្រី​ម្នាក់​របួស​ខៀវ ជាំភ្នែក​ប៉ោង​ដូច​ក្តាម ទៅ​ពេទ្យ មនុស្ស​៤​នាក់ ជា​ភាគី​ខាង​ទៀត ត្រូវបាន​នគរបាល​នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​កា​កាប​១ ។

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​ហឹ​ង្សា​ខាងលើ ក្រោយពី​ហៅ​មនុស្ស​៤​នាក់​ទៅ​សាកសួរ រួច​សមត្ថកិច្ច សម្រេច​ឃាត់ខ្លួន​មនុស្ស​៤​នាក់ ស្រី​២​នាក់ និង​ប្រុស​ម្នាក់ ដើម្បី​អនុវត្តន៍​បន្ត​តាម​នីតិវិធី ៕​B