ដោយៈ ប.ខុន / ភ្នំពេញៈ ក្រុមការងារកិច្ចការបច្ចេកទេស អង្គភាពពាក់ព័ន្ធ នៃក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពទំនប់អាងទឹកបត់គគីរ ស្ថិតក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានសភាពទ្រុឌទ្រោម ដើម្បីលើកជាមតិយោបល់ ជូនថ្នាក់ដឹកនាំក្រសួង ធ្វើការជួសជុលស្តារឡើងវិញ ដើម្បីធានាសក្តានុពល ស្តុកទឹកបានច្រើនជាងមុន សម្រាប់បំពេញតម្រូវការទឹកប្រើប្រាស់ បានគ្រប់គ្រាន់ជូនដល់ បងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់នោះ។
ក្រុមការងារខាងលើ ដឹកនាំដោយលោកស្រី វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ និងលោក ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម
ដោយនៅក្នុងឱកាសខាងលើ ប្រធានក្រុមការងារ បានជម្រាបលោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរឧតុនិយមខេត្ត ឲ្យយកចិត្តទុកដាក់បន្ថែម លើការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងបរិមាណទឹក ដែលមាននៅក្នុងអាងទឹកនានា តាមបណ្តាក្រុង–ស្រុក ដើម្បីអាចឆ្លើយ តបទៅនឹងតម្រូវការទឹកប្រើប្រាស់ ក្នុងរដូវប្រាំងឆ្នាំនេះ។
លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៥ ខែមីនាថាៈ អាងទឹកបត់គគីរ ដែលមានផ្ទៃក្រឡា ប្រមាណជា ៦០ ហិកតា ជាទំនប់អាង ដែលបានកសាងឡើង នៅក្នុងរបប ប៉ុល ពតសម្រាប់យកទឹកប្រើប្រាស់ និងស្រោចស្រព។ សព្វថ្ងៃ អាងទំនប់ អាងមានសភាពទ្រុឌ ទ្រម និងផ្ទៃអាងគោរាក់។ អាងនេះ ជាប្រភពទឹកប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និង ឃុំអូរជ្រៅ ស្រុកព្រៃនប់។
ប្រធានមន្ទីរខាងលើ បានបញ្ជាក់ថាៈ អាងខាងលើ ជាប្រភពទឹក សម្រាប់បូមយកទៅ ផលិតទឹកស្អាត សម្រាប់ចែកចាយទៅដល់បណ្តាប្រជុំនានា ក្នុងស្រុកព្រៃនប់ និងទឹក សម្រាប់ស្រោចស្រពដំណាំរួមផ្សំ។ ក្រុមការងារដែលចុះមកពិនិត្យ ប្រមូលព័ត៍មាន ជូនថ្នាក់ដឹកនាំក្រសួង ដើម្បីលើកគម្រោងស្តារ និងជួសជុលនៅពេលខាងមុខ៕/V-PC