ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក ងិន សុខបញ្ញា អគ្គលេខា ធិការ សហព័ន្ធកីឡា ទ្រីយ៉ាត្លុងកម្ពុជា បានគូសបញ្ជាក់ថាៈ គិតត្រឹមថ្ងៃនេះ មានប្រទេសចំនួន៧ ហើយ ដែលបានចុះបញ្ជីចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ក្នុង ៧ ប្រទេសនោះ មានគ្រូបង្វឹក ២២ នាក់ ប្រតិភូ ៧នាក់ និងកីឡាករ កីឡាការិនី ៨៨ នាក់ មកពី ៧ ប្រទេស រួមមាន ម្ចាស់ផ្ទះកម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី សឹង្ហបុរី ឥណ្ឌូណេស៊ី និងហ្វីលីពីន។
ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតជាផ្លូវការ មានចំនួន ៧ រួមមាន៖ វិញ្ញាសាទ្រីយ៉ាត្លុង បុរស–នារី មានវិញ្ញាសាហែលទឹក ៧៥០ម៉ែត្រ ជិះកង់ ២០ គីឡូម៉ែត្រ រត់ប្រណាំង ៥ គីឡូម៉ែត្រ។ ឌូយ៉ាត្លុង បុរស–នារី មានរត់ប្រណាំង ៥គីឡូម៉ែត្រ បូកជិះកង់ ២០ គីឡូម៉ែត្របូករត់ប្រណាំង ២,៥ គីឡូម៉ែត្រ។ អាគ័តត្លុង បុរស–នារី មានហែលទឹក ៥០០ ម៉ែត្រ រត់ប្រណាំង ២,៥ គីឡូម៉ែត្រ និងវិញ្ញាសា អាគ័ត្លុងបណ្តាក់ចម្រុះ (Aquathlon Mixed Relay) ហែលទឹក ៥០០ ម៉ែត្រ រត់ប្រណាំង ២,៥ គីឡូម៉ែត្រ។ សម្រាប់កម្មវិធីប្រកួត នឹងចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តកែប ។
លោកអគ្គលេខាធិការ បានបន្តថាៈ ដើម្បីត្រៀមទទួលរៀបចំការប្រកួតកីឡាអូឡាំពិក ដ៏ពេញនិយមមួយនេះ ឲ្យដំណើរការដោយរលូន ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាស៊ីហ្គេមជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា គឺគណៈកម្មការរៀបចំ ចែកចេញជាពីរ ផ្នែកធំៗគឺ គណៈកម្មការអន្តរជាតិ (ITO) ចំនួន ១៥នាក់ និងមន្ត្រីគណៈកម្មការជាតិ (NTO) ៦០នាក់ ហើយយុវជនស្ម័គ្រចិត្ត ដែលចូលរួមគាំទ្រ ដល់ប្រភេទកីឡា ទ្រីយ៉ាត្លុង នៅខេត្តកែបនេះ មានចំនួន ៥០ នាក់ ផ្សេងទៀត៕/V-PC