ប្រែសម្រួល : កញ្ញាដាលីស (ស្ពុតនិក) ៖ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI)របស់អាហ្សង់ទីននឹងកើនឡើងប្រហែល ៦,២% បន្ទាប់ពីបានហក់ឡើង ៦% ក្នុងខែមករាដោយនាំមកនូវអត្រាអតិផរណាប្រចាំឆ្នាំសម្រាប់ប្រទេសដែលមានប្រជាជនជិត ៤៦ លាននាក់កើនលើសពីតួលេខ៣ខ្ទង់ជាលើកដំបូងចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០។
អាហ្សង់ទីន ដែលកំពុងប្រយុទ្ធនឹងតម្លៃកើនឡើងខ្ពស់អស់រយៈពេលជាច្រើនឆ្នាំ បានឃើញតម្លៃទំនិញប្រើប្រាស់កើនឡើងដល់ ១០២,៥% ក្នុងខែកុម្ភៈ ធៀបនឹងឆ្នាំមុនដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីចុងឆ្នាំ ១៩៩១។
សេចក្តីប្រកាសរបស់រដ្ឋាភិបាលអាហ្សង់ទីនកាលពីថ្ងៃអង្គារទី១៤មីនាបានកើតឡើង ខណៈរដ្ឋបាលរបស់បក្សភើរ៉ូនីស (Peronist)ឆ្វេងនិយមកំពុងសម្លឹងមើលការបោះឆ្នោតនៅខែតុលាខាងមុខ។ គណបក្សប្រឆាំងបែបអភិរក្សនិយមនៅក្នុងប្រទេសអាហ្សង់ទីនឥឡូវនេះកំពុងនាំមុខក្នុងការស្ទង់មតិ ខណៈប្រជាជនអាហ្សង់ទីនកំពុងធុញទ្រាន់នឹងអតិផរណា ដោយអ្នកខាងក្នុងបាននិយាយថា ពួកគេដាក់ការស្តីបន្ទោសលើរដ្ឋាភិបាលរបស់ប្រធានាធិបតី អាល់ប៊ែរតូ ហ្វែរណង់ដេស (Alberto Fernandez) ។
អាហ្សង់ទីនកំពុងមានអារម្មណ៍តានតឹងនៅក្នុងស្រុក ខណៈតម្លៃអាហារនិងឧស្ម័នឡើងខ្ពស់កំពុងធ្វើឱ្យអ្នកខ្លះពិបាកក្នុងការរស់រានមានជីវិត។អតិផរណាក៏បានបង្ខំធនាគារកណ្តាលរបស់ប្រទេសនេះឱ្យដំឡើងអត្រាការប្រាក់របស់ពួកគេរហូតដល់ ៧៥% គួរឱ្យព្រួយបារម្ភផងដែរ។
នាង ជីសែលឡា សាលូសហ្សូ (Gisella Saluzzo) ជាវេជ្ជបណ្ឌិតវ័យ៣០ឆ្នាំ បានប្រាប់កាសែតអង់គ្លេសមួយថា “ការពិតគឺខ្ញុំរស់ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំរកតម្លៃណាថោកៗ ពេលខ្ញុំទៅផ្សារ។យើងរកមើលកន្លែងដែលគេលក់សាច់ក្នុងតម្លៃថោក បន្លែថោកៗ ហើយស្វែងរកការផ្សព្វផ្សាយតាមអ៊ីនធឺណិតដើម្បីទទួលបានរបស់ថោក”។
អង់ដ្រេ មិនដូហ្សា (Andrea Mendoza) គ្រូបង្រៀនអាយុ ៥០ ឆ្នាំបានបន្ថែមថា “មានរបស់ខ្លះ ខ្ញុំឈប់ទិញ ព្រោះខ្ញុំអាចនិយាយបានថាទិញមិនកើតទេ វាមិនអាចទៅរួចទេដែលវាឡើងថ្លៃដូចនេះ។ ដូច្នេះខ្ញុំមិនទិញរបស់ខ្លះទេ ខ្ញុំផ្លាស់ប្តូរទម្លាប់ឬទិញតែរបស់បញ្ចុះតម្លៃ”។
រឿងរ៉ាវចុងក្រោយបំផុតនេះបានកើតឡើងខណៈអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)បានប្រកាសកាលពីថ្ងៃចន្ទថាពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអាហ្សង់ទីនលើកញ្ចប់ជំនួយដែលមានតួលេខប្រហែល ៥,៣ ពាន់លានដុល្លារ។ ប្រសិនបើកញ្ចប់នោះត្រូវបានអនុម័តក្នុងប៉ុន្មានសប្តាហ៍ខាងមុខចំនួនទឹកប្រាក់ជំនួយដែលអាហ្សង់ទីននឹងទទួលបានចាប់តាំងពីការចាប់ផ្តើមជំនួយរបស់ IMFក្នុងខែមីនាឆ្នាំមុននឹងឈានដល់ចំនួន ២៨,៨ ពាន់លានដុល្លារ៕
អតិផរណានៅអាហ្សង់ទីនកើនដល់ ១០២,៥% ក្នុងខែកុម្ភៈ ធៀបនឹងឆ្នាំមុន