ដោយៈសុផល/ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចាស្ទីន ខេវិន វីយ៉ាត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលី ចូលជួបសម្តែងការគួរសម នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានសូមស្វាគមន៍ និងអបអរសាទរ ចំពោះ លោក ចាស្ទីន ខេវិន វីយ៉ាត ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ រដ្ឋសភាកម្ពុជា គំាទ្រចំពោះបេសកកម្មការទូតរបស់ លោកនឹងបន្តកិច្ចសហការពេញលេញ ដើម្បីឱ្យបេសកកម្មការទូតរបស់ ឯកឧត្តម នៅកម្ពុជា ទទួលបានជោគជ័យ។

លោក ចាស្ទីន ខេវិន វីយ៉ាត បានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា និងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។ លោកក៏បានអបអរសាទររដ្ឋសភាកម្ពុជា នៅក្នុងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នាពេលកន្លងមក។ ជាពិសេសដំណេីរទស្សនកិច្ចរបស់សម្តេច ទៅកាន់ប្រទេសអូស្រា្តលីកាលពីឆ្នាំ២០២០ ក្នុងការចូលរួមវេទិកាសភា APPF។

លោកឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចប្រធានថា អូស្រ្តាលី នឹងបន្តការគាំទ្រ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅលើវិស័យជាច្រើនទៀត មានវិស័យសុខាភិបាល សេដ្ឋកិច្ច សន្តិសុខ ការប្រយុទ្ធប្រឆំាងអំពើភេរវកម្ម សិទ្ធិមនុស្ស និងដំណើរការលទ្ធិប្រជាធិបតេយ្យជាដើម។

កម្ពុជា-អូស្រ្តាលី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា ជាយូរយារណាស់មកហើយ គឺតាំងពីឆ្នាំ១៩៥២។ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កាន់តែត្រូវបានលើកកម្ពស់យ៉ាងជិតស្និទ្ធ និងរីកចម្រើនស្ទើរគ្រប់វិស័យ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា បេសកកម្មការទូតរបស់ លោកនៅកម្ពុជា ពិតជាមានសារៈសំខាន់ ដែលនឹងរួមចំណែកបន្ថែមទៀត ដល់ការបន្តរឹតចំណង នៃទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-អូស្រ្តាលី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនខ្លាំងក្លាថែមទៀត។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ដំណើរការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ អូស្រ្តាលីបានជួយឧបត្ថម្ភវ៉ាក់សាំង និងបរិក្ខាពេទ្យជាច្រើន ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ យ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ រដ្ឋសភាកម្ពុជា និងសភាអូស្រ្តាលី ក៏មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នា ការផ្លាស់ប្តូរទស្សនកិច្ច ចែករំលែកបទពិសោធន៍ និងតែងតែគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភានានា ក្នុងតំបន់ និងសកលោក។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលី ដែលបានរួមចំណែក ក្នុងការស្វែងរក សន្តិភាព និងបន្តជួយក្នុងដំណើរការអភិវឌ្ឍ ប្រទេសកម្ពុជា លើវិស័យជាច្រើន រួមមាន កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការដោះមីនជាដើម។

សម្តេចបានស្នើដល់ភាគីអូស្រ្តាលី បន្តជួយគាំទ្រកម្ពុជា តាមរយៈការជំរុញពាណិជ្ជកម្ម ទ្វេភាគី វិនិយោគ ទេសចរណ៍ និងជួយអភិវឌ្ឍន៍សមត្ថភាព ធនធានមនុស្ស ដោយបង្កើនការផ្តល់អាហារូបករណ៍បន្ថែមទៀត ដល់និស្សិតកម្ពុជា បន្តការសិក្សានៅប្រទេសអូស្ត្រាលី៕សរន / N