ដោយ:វ៉ៃកូ/ស្វាយរៀង: លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងលោក ម៉ែន វិបុល អភិបាលខេត្តនៅព្រឹកថ្ងៃទី១៥ខែមីនាឆ្នាំ២០២៣នេះបានដឹកនាំកម្លាំងចម្រុះចុះអនុវត្តស.ជ.ណ របស់រដ្ឋបាលខេត្តដែលធ្លាប់បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលបានចូលកាប់រាន.ឈូសឆាយ.ហ៊ុំព័ទ្ធរបងនិងដាំដំណាំអាស្រ័យផលលើដីរបស់ស្ថានីយផ្សព្វផ្សាយនិងស្ដារព្រៃឈើក្រសាំងស្ថិតក្នុងស្រុករមាសហែកខេត្តស្វាយរៀងដែលនាពេលកន្លងមក ទីតាំងដីព្រៃត្រូវបានប្រជាពលរដ្ឋចុះកាប់រុករាន ដាំចេក និងសង់តូបនៅលើដីព្រៃកូនឈើរបស់រដ្ឋ ព្រមទាំងបានមករារាំងគ្រឿងចក្ររបស់ក្រុមហ៊ុនក្នុងការឈូសឆាយព្រៃដាំកូនឈើឡើងវិញ ក្នុងភូមិសាស្ត្រខាងជើងភូមិបុស្សឃុំត្រស់និងឃុំអណ្តូងត្របែកស្រុករមាសហែក។

ក្នុងសកម្មភាពនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោក ឈៀវ អ៊ុិចគង់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត លោក ហម សារ៉ាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ លោកអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត លោកអភិបាល.អភិបាលរងស្រុក រួមនិងមន្ត្រីដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះលោក អភិបាលរងខេត្តស្វាយរៀងនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏បាន ធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាពព្យាយាមដោះស្រាយបញ្ហាដីធ្លីនេះជាលក្ខណ:ក្រៅប្រព័ន្ធតុលាការ។

ចំពោះថ្ងៃនេះក្នុងនាមរដ្ឋបាលខេត្តលោកសូមចុះអនុវត្តប្រកាសសេចក្តីសម្រេចលេខ០២៨/២៣ ស.ជ.ណ ចុះថ្ងៃទី២៤ខែកុម្ភ:ឆ្នាំ២០២៣ស្ដីពីការបញ្ឈប់ការកាប់រាន.ឈូសឆាយ.ហ៊ុំព័ទ្ធរបងនិងដាំដំណាំអាស្រ័យផលលើដីរបស់ស្ថានីយ៍ផ្សព្វផ្សាយនិងស្ដារព្រៃឈើក្រសាំងស្ថិតក្នុងស្រុករមាសហែកខេត្តស្វាយរៀងយោងសេចក្តីសម្រេចលេខ ០២៦ គជដពថ្ងៃទី ៨ ខែធ្នូឆ្នាំ ២០២១ របស់គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់លុបបំបាត់និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយនិងហ៊ុំព័ន្ធដីព្រៃឈើដើម្បីវាត​យកដីធ្វើជាកម្មសិទ្ធិនិងរបាយការណ៍លេខ ០១៦/២៣ របកចុះថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០២៣ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសូមជម្រាបបងប្អូនប្រជាពលរដ្ឋដែលបានចូលកាប់រៀនឈូសឆាយហ៊ុំព័ទ្ធរបងនិងដាំដំណាំអាស្រ័យផលលើដីរបស់ស្ថានីយផ្សព្វផ្សាយនិងស្ដារព្រៃឈើក្រសាំងស្ថិតក្នុងស្រុករមាសហែកជ្រាបថា:ទីតាំងដីស្ថានីយ៍ផ្សព្វផ្សាយនិងស្ដារព្រៃឈើក្រសាំងគឺជាដីសាធារណៈរបស់រដ្ឋស្ថិតក្រោមការគ្រប់គ្រងរបស់ខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀងចំពោះសកម្មភាពនៃការចូលកាប់រាន.ឈូសឆាយហ៊ុំព័ទ្ធរបងនិងដាំដំណាំអាស្រ័យផលលើដីខាងលើនេះគឺជាការចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ដែលអាចនឹងត្រូវទទួលទោសដូចមានចែងកំណត់នៅក្នុងច្បាប់ភូមិបាលច្បាប់ស្ដីពីព្រៃឈើនិងច្បាប់ជាធរមានផ្សេងៗទៀត។

ដើម្បីចៀសវាងការប្រឈមទោសទណ្ឌតាមផ្លូវច្បាប់និងដើម្បីចូលរួមថែរក្សាការពារដីរដ្ឋសម្រាប់បម្រើផលប្រយោជន៍សាធារណៈរដ្ឋបាលខេត្តស្វាយរៀងសូមឲ្យបងប្អូនប្រជាពលរដ្ឋបញ្ឈប់សកម្មភាពទាំងឡាយដោយត្រូវធ្វើការរុះរើរបងនិងចាកចេញពីទីតាំងដីខាងលើក្នុងរយៈពេល ៧ ថ្ងៃចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណីផុតថ្ងៃកំណត់បងប្អូនមិនទាន់រើរបងនិងចាកចេញពីទីតាំងដីខាងលើរដ្ឋបាលខេត្តនិងចាត់វិធានការរដ្ឋបាលចុះធ្វើការរុះរើដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនឡើយ។

សូមបញ្ជាក់ផងដែរថាតាមការចុះពិនិត្យលើសំណុំរឿងនេះជាញឹកញាប់យើងរកឃើញ មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋ នៅភូមិត្រពាំងស្មាច់ឃុំអណ្ដូងត្របែកភូមិបុស្សឃុំត្រស់បាននាំគ្នាទៅកាប់ឆ្ការដាំដុះដំឡូងកៅស៊ូចាប់យកដីចម្ការព្រៃឈើរបស់រដ្ឋដែលគ្រប់គ្រងដោយក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនៅឃុំត្រស់ឃុំអណ្ដូងត្របែកបែបអាណាធិបតេយ្យនេះគឺបណ្តាលមកពីប្រជាពលរដ្ឋជឿលើការញុះញង់របស់មេខ្យល់ដែលលើកយករឿងចាស់របស់ប្រជាពលរដ្ឋ ៧៨គ្រួសារពាក់ព័ន្ធទៅនឹង ដី ៤៧៦ ហិកតាដែលបានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលក្នុងឆ្នាំ ២០១១ ប៉ុន្តែដីជាក់ស្ដែងមានតែ ១១៧ ហិកតាតែប៉ុណ្ណោះ។

តាមបទបញ្ជា(០១បប)បានឆ្វៀលចេញរួចហើយ ក្រុមនិស្សិតស្ម័គ្រចិត្តក៏បានចុះវាស់វែងនិងបានចេញប័ណ្ណកម្មសិទ្ធិរួចហើយដែរគឺ ៧៨ គ្រួសារបានទទួលដីក្នុងមួយគ្រួសារ១ហិកតាកន្លះស្មើនិង១១៧ហិកតា។ ចំពោះ ដីដែលនៅសល់គឺប៉ះចំដីចម្ការឈើដាំក្នុងឆ្នាំ ២០០៥. ២០០៦. ២០១៩ .២០១១ និងនៅមានប៉ះពាល់ដីស្នើសុំជាសហគមន៍ក្រសាំងហើយក្នុងនោះដីនេះក៏ត្រូវតំណាងប្រជាពលរដ្ឋបានលក់ទៅឲ្យឈ្មោះសោម គង់ មានទីលំនៅនៅភ្នំពេញអស់១០០ហិកតារួចហើយផងដែរ។ផ្ទៃដីដែលត្រូវបែងចែកជូនប្រជាពលរដ្ឋ ៧៨ គ្រួសារគឺចែកតែដីនៅសល់ក្រៅពីទំនាស់តែប៉ុណ្ណោះ។

ចំណែកឯទំហំដី ១៦៣ ហិកតារដ្ឋាភិបាលស្នើសុំអនុបយោគឱ្យទៅជាដីសម្បទានសង្គមកិច្ចសាងសង់ផ្ទះជូននិវត្តន៍ជនពលីនិងគ្រួសារកងទ័ពអស់ហើយ។ បច្ចុប្បន្នមិនមានដីសម្រាប់ប្រគល់ជូនពួកគាត់បានទៀតទេ។ នាពេលកន្លងទៅថ្មីៗនេះ ក្រុមការងារទាំងមូលក៏ធ្លាប់បានបញ្ជាក់ប្រាប់តំណាងប្រជាពលរដ្ឋ ទាំង៧៨គ្រួសារឲ្យបញ្ឈប់ការទាមទារនិងចូលរុករានទន្ទ្រានដីសាធារណ:របស់រដ្ឋទៀត៕សរន/R