ដោយ: ពៅនិមល / ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមីនា នេះ សហការជាមួយគណៈកម្មការពិព័រណ៍ ចិន-អាស៊ាន នៃទីក្រុងណាននីង បានរៀបចំ វេទិកាផ្សព្វផ្សាយពិព័រណ៍ ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅក្រោម អធិបតីភាពលោក ឈួន ដារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម, លោកស្រី បណ្ឌិត វៃ ចាវហ៊ុយ (Wei Zhaohui) អគ្គលេខាធិការ នៃគណៈកម្មការពិព័រណ៍ ចិន-អាស៊ាន និងលោក អ៊ូ គួកឈាន (Mr. WU Guoquan) ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ចកម្ម អមស្ថានទូតចិនប្រចាំនៅ កម្ពុជា និងមានការចូលរួមពីតំណាងក្រុមហ៊ុន សហគ្រាសកម្ពុជា និងពាណិជ្ជករ និងអាជីវករ ប្រមាណ ១០០ នាក់ ។

នៅក្នុងពិធីផ្សព្វផ្សាយនេះ លោក ឈួន ដារ៉ា បានរម្លឹកពីការចូលរួមពិព័រណ៍របស់ភាគី កម្ពុជា ដោយក្រសួងពាណិជ្ជកម្មកម្ពុជា បានធ្វើជាដៃគូសហការរៀបចំចូលរួមពិព័រណ៍ ចិន-អាស៊ាន ជាលើកដំបូង​នៅឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ន មានចំនួន ២០ លើកហើយ (គិតក្នុងឆ្នាំ២០២៣នេះ) និងបានធ្វើជាប្រទេសកិត្តិយស ចំនួន ២ លើក។ លោកបានបន្តថាៈ ការចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍ចិន-អាស៊ាន ពីមួយឆ្នាំទៅមួយឆ្នាំ បានធ្វើឲ្យមានការកើនឡើង ទាំងចំនួនក្រុមហ៊ុន ទាំងពាណិជ្ជករ ហើយក្នុងការចូលរួម មួយលើកៗ កម្ពុជា បានទទួលពានរង្វាន់ ជាហូរហែរ តាមប្រភេទនីមួយៗ ពីគណៈកម្មការ CAEXPO ដូចជា ពានរង្វាន់ Best Visitor Organizer, Best City of Cham Pavilion Preparation, Best Promotion on Investment Cooperation ជាដើម។

ទាក់ទងនឹងព្រឹត្តិការណ៍នេះ លោក បានឲ្យដឹងទៀតថាៈ ក្រសួងពាណិជ្ជកម្ម បានត្រៀម លក្ខណៈចូលរួមព្រឹត្តិការណ៍ ខាងមុខនេះ និងបានត្រៀមខ្លួន រួមសហការជាមួយ លេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំពិព័រណ៍ ចិន-អាស៊ាន និងក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំវេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍ ក្នុងអំឡុងពេលពិព័រណ៍ ដើម្បីកៀគរ អ្នកទេសចរណ៍ និងវិនិយោគិនចិន ចូលមកទស្សនា និងវិនិយោគ នៅកម្ពុជា។

លោក អ៊ូ គួកឈាន បានលើកឡើងថាៈ ក្នុងរយៈពេល ១៩ ឆ្នាំ កន្លងមកនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នា គោលបំណងនៃពិព័រណ៍ ចិន-អាស៊ាន គឺដើម្បីបម្រើដល់ ការកសាងតំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាន ដោយបានជំរុញយ៉ាងសកម្ម នូវកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដ៏ស៊ីជម្រៅ និងរឹងមាំ រវាងចិន និង អាស៊ាន ហើយបានក្លាយទៅជាវេទិកា សម្រាប់ផលិតផលសាធារណៈ និងកិច្ចសហ ប្រតិបត្តិការអន្តរជាតិ ដ៏ពេញនិយម ក្នុងតំបន់។

លោកបានឲ្យដឹងថាៈ អស់រយៈពេល ១៩ ឆ្នាំ ជាប់ៗគ្នា កន្លងមកនេះ គណៈប្រតិភូដែល ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ឬថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា បានចូលរួមពិព័រណ៍ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមពិព័រណ៍ ចំនួន ១៤ ដង។

លោក អ៊ូ គួកឈាន បានបញ្ជាក់ថាៈ កម្ពុជាបានប្រើប្រាស់យ៉ាងសកម្មនូវមុខងារវេទិកា នៃពិព័រណ៍ចិន-អាស៊ាន ដើម្បីបង្កើនកម្រិត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាមួយប្រទេសចិន និងប្រទេសអាស៊ាន ដទៃទៀត។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម ពិព័រណ៍ចិន-អាស៊ាន បានជំរុញការនាំ ចូលអង្ករក្រអូប គ្រាប់ស្វាយចន្ទី ម្រេច ស្រាបៀរ និងផលិតផលផ្សេងទៀតរបស់កម្ពុជា ចូលទៅក្នុងទីផ្សារប្រទេសចិន ដោយជោគជ័យ ហើយនៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្ម ទ្វេភាគី រវាងចិន និងកម្ពុជា បានកើនឡើងលើស ១៦ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៧,៥%។

សូមជម្រាបជូនថា ពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។ វេទិកាផ្សព្វផ្សាយនេះ មានគោលបំណងកៀរគរ ក្រុមហ៊ុន សហគ្រាស និងពាណិជ្ជករកម្ពុជា ទៅចូលរួមពិព័រណ៍ចិន-អាស៊ាន ដោយផ្ទាល់ឡើងវិញ ដូចមុនកើត មានវិបត្តិកូវីដ-១៩ ហើយក្រសួងពាណិជ្ជកម្ម ក្នុងនាមប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ នឹងជ្រើស រើសខេត្តស្រស់ប្រិមប្រីយរបស់កម្ពុជា សម្រាប់រៀបចំសាងសង់ជាពន្លាជាតិ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ ខាងលើ សម្រាប់ជូនភ្ញៀវទស្សនា ដើម្បីទាក់ទាញការចាប់ អារម្មណ៍របស់អ្នកទស្សនាអន្តរជាតិ៕/V/R