ដោយ: ភ្នំខៀវ / បាត់ដំបង÷នៅព្រលឹមស្រាងៗថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៣ ឋិតនៅត្រង់ចំណុចក្រុមទី ១៧ ក្នុងឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មាន ករណីអគ្គិភ័យឆាបឆេះកសិដ្ឋានរាលឆ្លងដល់ទ្រុងជ្រូកបណ្តាលឲ្យងាប់សត្វជ្រូកចិញ្ចឹមចំនួន ៣៣ក្បាល។

នគរបាលជំនាញបានប្រាប់ឲ្យដឹងថា ទ្រុងចិញ្ចឹមជ្រូកខាងលើពេលកើតហេតុបានឆាបឆេះឡើងយ៉ាងឆាប់រហ័សដោយសារទ្រុងធ្វើពីឈើ គួបផ្សំមានស្លឹកឈើជ្រុះច្រើនទើរនៅលើដំបូលទ្រុង។ ទ្រុងដែលឆេះនេះដែរមានទំហំ ៤០x ២០ម៉ែត្រ ហើយនៅក្នុងទ្រុង ឬរោងចិញ្ចឹមនេះមានសត្វជ្រូកទាំងអស់ចំនួន ៧០ក្បាល ដោយមួយចំនួនធំបានរត់បោលបុកទ្រុងធ្លាយហើយរត់ចេញក្រៅទាន់ រីឯមួយចំនួនទៀតគេចចេញមិនទាន់ត្រូវភ្លើងឆេះងាប់តែម្តង។

មន្ត្រីនគរបាលបានសន្និដ្ឋានថា ករណីគ្រោះអគ្គីភ័យដែលកើតឡើងលើកសិដ្ឋាននេះអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនីទើបឆាបជាអណ្តាតភ្លើង និងឆេះឡើង៕/R