ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ បើតាមការគ្រោងទុក ក្រោយចប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ រួចរាល់ នៅ វត្តព្រះបារមីវង្គដ្ឋបូរី កបិលភ័ស្តុដែលមានទីតាំងក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែន សុខ នឹងមានកម្មវិធីបុណ្យដ៏ធំមួយ នោះគឺបុណ្យបញ្ចុះសីមាព្រះវិហារ នៅក្នុងទីអារាមនេះ ដែលពិធីបុណ្យនេះ ធ្វើឡើងក្រោមគំនិតផ្ដួចផ្ដើម ដោយសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
ដើម្បីឲ្យដំណើរការ នៃការរៀបចំពិធីបុណ្យដ៏ធំនេះ ដំណើរការទៅដោយរលូន និង សុខសុវត្ថិភាពនោះ នៅសៀលថ្ងៃទី១៥ ខែមីនាឆ្នាំ២០២៣ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ ក៏ដូចជា អាជ្ញាធរដែនដី ចុះពិនិត្យមើល ទីតាំងនៅក្នុងបរិវេណ វត្តព្រះបារមីវង្គដ្ឋបូរី កបិលភ័ស្តុនេះ ដើម្បីត្រៀមរៀបចំឲ្យបាន ប្រសើរឡើង ដោយគិតគូរ ទាំងសណ្តាប់ធ្នាប់របៀបរៀបរយ និងបរិស្ថាន ឱ្យបានល្អ ប្រសើរ ពេលកម្មវិធីបុណ្យចាប់ផ្តើម ដោយសារតែពិធីបុណ្យនេះ នឹងត្រូវធ្វើឡើង រយៈពេល៣ យប់ និង ៤ ថ្ងៃ មានទាំងការរៀបចំ សម្តែងសិល្បៈកំសាន្តផងដែរ។
បើទោះបីជាយ៉ាងណាក្តី ក្រុមការងារពាក់ព័ន្ធនឹងការងារនេះ បាននិងកំពុងចាប់ផ្ដើម ដំណើរការសំអាត លាបថ្នាំចេតិយ លាបព្រះវិហារ ចាស់ ក៏ដូចជាទីតាំងផ្សេងទៀត ជាបណ្តើរៗហើយ ទាំងទីតាំងធ្វើរោងសិល្បៈ ទីធ្លាចំណតយានយន្តជាដើម ពោលគឺពេលកម្មវិធីចាប់ផ្តើម អ្វីៗត្រូវបានត្រៀមរៀបចំ រួចជាស្រេច៕/V-PC