ដោយៈសុផល/ភ្នំពេញ៖អ្នកជំនាញផលិតភាពយន្តល្បីៗកំពុងអំពាវឱ្យវិស័យឯកជនក្នុងស្រុកជួយដល់គំនិតផ្តួចផ្តើមផ្នែកអប់រំការផលិតភាពយន្តដើម្បីគាំទ្រអ្នកនិពន្ធជំនាន់ក្រោយក្នុងតំបន់ ទន្លេមេគង្គក្នុងគោលបំណងជួយផ្សព្វផ្សាយនិងអភិរក្សវប្បធម៌ដ៏ពិសេសរបស់តំបន់នេះតាមរយៈការជួយធ្វើឱ្យភាពយន្តក្នុងស្រុកកាន តែមានភាព ល្អប្រសើរ។
កម្មវិធីនេះដំណើរការដោយមានការគាំទ្រពីនាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា។គំនិតផ្តួចផ្តើម Write and Eat គឺជាកិច្ចប្រឹងប្រែងរួមគ្នារវាងសមាជិកស្ថាបនិកមួយចំនួនដូចជាលោកសុខ វិសាល ស្ថាបនិកផលិតកម្ម 802 Films របស់ប្រទេសកម្ពុជា លោក សៃសុងខាំ អ៊ីនឌួងចាន់ធី ( Xaisongkham INDUANGCHANTHY) មកពីប្រទេសឡាវ កញ្ញា អេបស៊ីន ហាន ( Epsin HOAN ) មកពីប្រទេសវៀតណាម និងលោក អេនឌី ហូ ( Andy HO) មកពីសិង្ហបុរីដើម្បីរៀបចំសិក្ខាសាលារយៈ ពេលមួយ ឆ្នាំ និងវគ្គបណ្តុះបណ្តាលបង្កើតបណ្តាញដែលរៀបចំឡើងដើម្បីលើកកម្ពស់ស្តង់ដារក្នុងតំបន់ និងការនិពន្ធក្នុងស្រុក។
អ្នកស្រី ណ័ ស្វី សាន ( Ng Swee San ) អ្នកនិពន្ធជនជាតិសិង្ហបុរី និងជាគ្រូបង្រៀនផ្នែកនិពន្ធ ដែលមានសញ្ញាបត្រអនុបណ្ឌិតផ្នែកសិល្បៈពីមហាវិទ្យាល័យសិល្បៈ Lasalle ក្នុងប្រទេសសិង្ហបុរី និងក៏ជាអតីតប្រធានសមាគមអ្នកនិពន្ធ (សិង្ហបុរី) ផងដែរនោះនឹងធ្វើជាគ្រូបង្គោលម្នាក់ក្នុងចំណោមគ្រូបង្គោលផ្សេងទៀត សម្រាប់វគ្គបណ្តុះបណ្តាលផ្លូវការនេះ ។
លោក សុខ វិសាល ស្ថាបនិកផលិតកម្ម 802 Films បានមានប្រសាសន៍ថា៖ «ប្រទេសកម្ពុជានិងបណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គមា ចក្ខុវិស័យពិសេស នៅពេលនិយាយអំពីភាពយន្ត។ សិក្ខាសាលាជាស៊េរីរយៈពេលមួយឆ្នាំនេះនឹងគាំទ្រផលិតករភាពយន្ត និងអ្នកនិពន្ធជំនាន់ក្រោយក្នុងតំបន់ ជាមួយនឹងសិក្ខាសាលាជាស៊េរី និងឱកាសបង្កើតបណ្តាញ»។
វគ្គបណ្តុះបណ្តាលនេះរួមមានសិក្ខាសាលាដែលរួមមានទាំងសិក្ខាសាលាបង្រៀនអំពីការនិទានរឿង ការបង្កើតតួអង្គ ការសរសេរកិច្ចសន្ទនាការបង្កើតរចនា សម្ព័ន្ធរឿង និងសមាសធាតុផ្សេងទៀតដែលចាំបាច់សម្រាប់ការនិពន្ធសាច់រឿង។ គំនិតផ្តួចផ្តើម Write and Eat កំពុងស្វែងរកសិក្ខាកាមចំនួន ១៥នាក់ដែលមានអាយុចន្លោះពី ២២ ទៅ ៣៥ឆ្នាំមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ ដើម្បីចូលរួមក្នុងកម្មវិធីអប់រំថ្នាក់តំបន់នេះ។
លោក វិសាល បានបន្ថែមថា «យើងកំពុងស្វែងរកអ្នកមកពីតំបន់នេះ ដែលមានចំណង់ចំណូលចិត្តផលិតភាពយន្ដនិងអ្នកដែលចង់ជួយអភិវឌ្ឍ ឧស្សាហកម្មភាពយន្តនៅក្នុងតំបន់។ ជាការពិតណាស់ ក្នុងនាមជាតួអង្គដ៏សំខាន់មួយ យើងរំពឹងថាវប្បធម៌ដ៏រឹងមាំនិងគំនិតច្នៃប្រឌិតរបស់ កម្ពុជានឹងដើរតួយ៉ាងសំខាន់នៅក្នុងគំនិតផ្តួចផ្តើមនេះ»។
ក្នុងនាមជាស្ថាបនិកមួយរូបនៃគំនិតផ្តួចផ្តើម Write and Eat លោក សុខ វិសាល បានប្ដេជ្ញាចិត្តលើកកម្ពស់វិស័យភាពយន្តកម្ពុជា។លោក វិសាល គឺជានាយកផ្នែកសិល្បៈនិងច្នៃប្រឌិត ជាផលិតករតន្ត្រី និងជាស្ថាបនិកនៃផលិតកម្ម KlapYaHandz។ លោក វិសាលក៏ជាផលិតករភាពយន្តនិងជាស្ថាបនិក ផលិតកម្ម 802 Films ផងដែរដែលឈ្មោះរបស់លោកមានបង្ហាញនៅក្នុងក្រេឌីតរបស់ខ្សែភាពយន្តចំនួន ៥រឿង ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។ លោក វិសាល ក៏រៀបចំព្រឹត្តិការណ៍កម្សាន្តធំៗនិងគាំទ្រផលិតកម្មភាពយន្តអន្តរជាតិជាច្រើនទៀតផងដែរ៕/PC