​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ បុគ្គលិក​រាប់សែន​នាក់​ធ្វើ​កូដកម្ម​នៅ​ទិវា​ថវិកា​ក្នុង​អ្វីដែល​គំរាម​ក្លាយ​ជា​ការ​ដើរចេញ​ពី​ការងារ​ធំ​បំផុត ចាប់តាំងពី​ពេល​ផ្ទុះ​រលក​កូដកម្ម​ការងា​រ​បច្ចុប្បន្ន​​បាន​ចាប់ផ្តើម​កាលពី​ឆ្នាំមុន​។​

​សមាជិក​នៃ​សហជីព​ជាច្រើន​នឹង​ចាត់វិធានការ​កៀរគរ​កម្មករនិយោជិត​ពី​កន្លែង​ការងារ​សំខាន់ៗ​រាប់រយ​នៅ​ទូទាំង​ប្រទេស ចំ​ពេល​មាន​ការ​ខឹងសម្បា​ជា​បន្តបន្ទាប់​ជុំវិញ​បញ្ហា​នានា រួម​ទាំង​ប្រាក់​ឈ្នួល ការងារ ប្រាក់​សោធន​និវត្តន៍ និង​លក្ខខណ្ឌ​ផ្សេងៗ​។​

​អ្នក​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ពុធ​នេះ​រួម​មាន​គ្រូបង្រៀន សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ មន្ត្រីរាជការ វេជ្ជបណ្ឌិត​វ័យក្មេង អ្នកបើកបរ​ក្រោម​ដី​ក្នុង​ទីក្រុង​ឡុង​ដ៍ និង​អ្នកកាសែត BBC​។​

​ទោះបីជា​មាន​ការពិភាក្សា​គ្នា​រវាង​សហជីព​និង​រដ្ឋាភិបាល​ក៏​ដោយ ក៏​កូដកម្ម​ក្នុង​វិស័យ​សាធារណៈ​នៅតែ​បន្ត​ជាប់គាំង​។​

​កូដកម្ម​មួយចំនួន ដូច​ជា​ការតវ៉ា​ដោយ​គ្រូបង្រៀន នឹង​ត្រូវ​ធ្វើ​ឡើង​តែ​ក្នុង​ប្រទេស​អង់គ្លេស​ប៉ុណ្ណោះ ដោយសារ​វឌ្ឍនភាព​ត្រូវបាន​ធ្វើឡើង​ក្នុងប្រទេស​វែល​និង​ស្កុត​ឡែន​។​

​អគ្គលេខាធិការ​សហជីព​សេវា​សាធារណៈ​និង​ពាណិជ្ជកម្ម លោក ម៉ាក សឺ​វ៉ូត​កា (Mark Serwotka) បាន​ព្រមាន​ថា សកម្មភាព​នេះ​គ្រាន់តែ​ជា​ការចាប់ផ្តើម​នៃ​កូដកម្ម​ប៉ុណ្ណោះ​ដែល​អាច​បន្លាយ​​ពេល​រហូត​ដល់​ចុង​ឆ្នាំ​។​

​លោក​បាន​និយាយថា “​នៅ​ទិវា​ថវិកា យើង​កំពុង​ស្នើសុំ​រដ្ឋមន្ត្រី​ហិញ្ញ​វត្ថុ ជេ​រ៉េមី ហា​ន់ (Jeremy Hunt) ផ្តល់​ឱ្យ​សមាជិក​ដែល​ខិតខំ​ប្រឹងប្រែង​ធ្វើការ​របស់​យើង​នូវ​ការដំឡើង​ប្រាក់ខែ​សមរម្យ​”​។​

“​យើង​ត្រូវ​បាន​ដំឡើង​ប្រាក់ខែ​២% នៅពេល​អតិផរណា​អាហារ​មាន​១៦%​កាលពី​សប្តាហ៍​មុន​។ មន្ត្រីរាជការ ៤០.០០០ នាក់​ប្រើប្រាស់​ធនាគារ​អាហារ និង​៤៥.០០០ ទាមទារ​អត្ថប្រយោជន៍​ការងារ ដោយសារតែ​ពួកគេ​ក្រីក្រ​។​រដ្ឋាភិបាល​អាច​បញ្ឈប់​កូដកម្ម​ទាំងនេះ​នៅថ្ងៃនេះ ដោយ​ដាក់​លុយ​លើ​តុ​សម្រាប់​សមាជិក​របស់​យើង​”៕

​អ្នក​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ពុធ​នេះ​រួម​មាន​គ្រូបង្រៀន សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ មន្ត្រីរាជការ វេជ្ជបណ្ឌិត​វ័យក្មេង អ្នកបើកបរ​ក្រោម​ដី​ក្នុង​ទីក្រុង​ឡុង​ដ៍ និង​អ្នកកាសែត BBC