ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​នៅ​ថ្ងៃ​ពុធ​ទី​១៥​មីនា​នេះ​បាន​ប្រាប់​ទៅ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​អោយនៅ​ឆ្ងាយ​ពី​ដែនអាកាស​រុស្ស៊ី​បន្ទាប់​ពី​ដ្រូ​ន​អាម៉េរិក​មួយ​ត្រូវ​យន្តហោះ​​ប្រយុទ្ធ​រុស្ស៊ី​ស្ទាក់​ផ្លូវ​និង​ធ្លាក់​ចូល​សមុទ្រ​ខ្មៅ​កាល​ពី​មួយ​ថ្ងៃមុន​នេះ​។​

​យោធា​អាម៉េរិក​បាន​និយាយថា ឧបទ្ទវហេតុ​នេះ​បង្កឡើង​ដោយ​ការប៉ះទង្គិច​កណ្តាល​អាកាស​បន្ទាប់​ពី​យន្តហោះ​Su-27​ពីរ​គ្រឿង​របស់​រុស្ស៊ី​បាន​បើក​សំដៅ​ដ្រូ​ន MQ-9 Reaper​ដែល​កំពុង​ធ្វើ​ប្រតិបត្តិ​​ការ​ឈ្លបយកការណ៍​លើ​ដែនទឹក​អន្តរជាតិ​។​មន្ត្រី​អាម៉េរិក​បាន​ចោទប្រកាន់​ទៀត​ថា យន្តហោះ​រុស្ស៊ី​បាន​ទម្លាក់​ប្រេង​លើ​ដ្រូ​ន​របស់ខ្លួន​មុន​ពេល​បើកបុក​ផ្តាច់​កង្ហារ​មួយ​របស់​ដ្រូន ជាហេតុ​នាំ​អោយ​វា​ធ្លាក់​ចូល​ក្នុង​​សមុទ្រ​។​

​ទោះជា​យ៉ាងណា​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បាន​បដិសេធថា​យន្តហោះ​របស់​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ដូច​អាម៉េរិក​ចោទប្រកាន់​ទេ និង​ថា​ដ្រូននេះ​ធ្លាក់​មក​ពី​«​វាហោះ​កាច់​កេវ​លឿន​ពេក​»​និង​ថា​ដ្រូ​ន​អាម៉េរិកបាន​ហោះ​កៀក​នឹង​​ដែនអាកាស​រុស្ស៊ី​ថែម​ទាំង​បិទ​ឧបករណ៍​ទាក់ទង​ថែម​ទៀត​។​

​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់​ស្ថានទូត​រុស្ស៊ី​ប្រចាំ​អាម៉េរិក​កាលពីដើម​ថ្ងៃ​ពុធ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​លោក​អាណា​តូ​លី អាន់​តូ​ណូវ​(Anatoly Antonov)​បាន​និយាយថា ដ្រូ​ន​អាម៉េរិ​ក​បាន​ហោះ​សំដៅ​​ដែនអាកាស​រុស្ស៊ី​«​ដោយ​ចេតនា​និង​បែបបង្ករឿង​»​។​

«​សកម្មភាព​យោធា​អាម៉េរិក​មិន​អាច​ទទួលយកបាន​នៅក្បែរ​ព្រំដែន​របស់​យើង ជា​មូលហេតុ​នៃ​ការព្រួយបារម្ភ​។​ពួក​គេ​ប្រមូល​ព័ត៌មាន​ចារកម្ម ដែល​នៅ​ទីបំផុត​បញ្ជូន​វា​ទៅ​អោយ​រដ្ឋាភិបាល​ទីក្រុង​គៀវ​​ដើម្បី​វាយប្រហារ​កងកម្លាំង​និង​ទឹកដី​របស់​យើង​។​សុំ​សួរថា បើ​រុស្ស៊ី​បញ្ជូន​ដ្រូ​ន​ទៅ​ជិត​ទីក្រុង​ញូវយ៉ក​ឬ សាន់ ហ្វ្រា​ន​ស៊ី​ស្កូ តើ​កងទ័ពអាកាស​និង​កងទ័ពជើងទឹក​អាម៉េរិក​ប្រតិកម្ម​យ៉ាងដូចម្តេច​ដែរ​?»​។​

​លោក​ឯកអគ្គរដ្ឋទូត​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ឈប់​បង្ហោះ​ដ្រូ​ន​ទៅ​ក្បែរ​ព្រំដែន​រុស្ស៊ី​ទៀត​។​

​សូមបញ្ជាក់​ថា អាម៉េរិក​បាន​ធ្វើ​ការហោះ​ហើរ​យក​ការណ៍​នៅ​ក្នុង​ដែនអាកាស​អន្តរជាតិ​នៅក្នុង​តំបន់​នេះ​ជា​ប្រចាំ​។​អាម៉េរិក​បាន​ផ្តល់​ជំនួយ​យោធា​រាប់​ពាន់​លាន​ដុល្លារ​ដល់​អ៊ុ​យក្រែន និង​ថា​ខ្លួន​ផ្តល់​ព័ត៌​​មាន​ចារកម្ម​ដល់​កងកម្លាំង​អ៊ុយ​ក្រែន​សំរាប់​វាយប្រហារ​លើ​ក​ងក​ម្លាំង​រុស្ស៊ី​ផងដែរ តែមិនចូលពាក់ព័ន្ធដោយផ្ទាល់ទេ។​

​អេ​លីហ្សា​បេ​ត ប្រាវ​(Elisabeth Braw)​ធ្វើការ​នៅ​វិទ្យស្ថាន​សហគ្រាស​អាម៉េរិក​នៅវ៉ា​ស៊ីន​តោន បាន​និយាយថា វា​ជា​«​ដំណាក់កាលរ​សើប​ខ្លាំង​មួយនៅក្នុង​ជម្លោះ​នេះ ដោយសារ​តែ​វា​ជា​ការប៉ះពាល់​ផ្ទាល់​​លើកដំបូង​រវាង​លោក​ខាងលិច​និង​រុស្ស៊ី​»​។​

​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ រំពឹង​ថា​អាម៉េរិក​ឈប់​បញ្ជូន​យន្ត​ហោះ​មក​ក្បែរ​ព្រំដែន​រុស្ស៊ី​ទៀត​ក្រោយ​ការ​ធ្លាក់ដ្រូន​មួយ​ក្នុង​សមុទ្រ​ខ្មៅ​

​ក្នុង​ហេតុការណ៍​ដាច់ដោយឡែក យន្តហោះ​ប្រដេញ​អង់គ្លេស​និង​អាល្លឺម៉ង់ បាន​ស្ទាក់​ផ្លូវ​យន្តហោះ​យោធោ​រុស្ស៊ី​ចំនួន​ពីរ​គ្រឿង​ដែល​ហោះ​កៀក​នឹង​ប្រទេស​អេ​ស្តូ​នី ក្នុង​បេស​កម្មណា​តូ​រួមគ្នា​មួយ​កាលពី​ថ្ងៃ​​អង្គារ នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ដ្រូ​ន​អាម៉េរិក​ធ្លាក់​នៅ​សមុទ្រ​ខ្មៅ ចំ​ពេល​មាន​ការព្រួយបារម្ភ​អំពី​ការផ្ទុះ​សង្គ្រាម​នៅ​ក្នុង​តំបន់​។​

​យន្តហោះ​ប្រដេញ​អង់គ្លេស​និង​អាល្លឺម៉ង់ បាន​ហោះ​ស្ទាក់​យន្តហោះ​ចាក់​ប្រេង​រុស្ស៊ី ក្រោយ​វា​មិន​បាន​ទាក់ទង​ទៅ​ក្រុម​ត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវអាកាស​របស់អេ​ស្តូ​នី​នៅ​សមុទ្រ​បាល់​ទិច​( Baltic)​ហើយ​​ហោះ​ឆ្ពោះទៅកាន់​ដែនអាកាស​ណា​តូ​។​ក្រោយមក យន្តហោះ​ណា​តូ​ក៏​បាន​ស្ទាក់​ផ្លូវ​យន្តហោះ​ដឹកជញ្ជូន​យោធា​រុស្ស៊ី Antonov 148​ដែល​ក៏បាន​ហោះ​ចូក​កៀក​នឹង​ដែន​អាកាសអេ​ស្តូ​នី​៕

​យន្តហោះ​ប្រយុទ្ធ​អង់គ្លេស​និង​អាល្លឺម៉ង់​ហោះ​ស្ទាក់​យន្តហោះ​រុស្ស៊ី​ដែល​ហោះ​កៀក​នឹង​ដែន​អាកាសអេ​ស្តូ​នី​កាលពី​ថ្ងៃ​អង្គារ​