ដោយៈទេពកង្រី/កំពង់ឆ្នាំង៖ សមណនិស្សិត និស្សិតនៃសាខាពុទ្ធិក សាកល វិទ្យាល័យព្រះសីហនុរាជសាខាខេត្តកំពង់ឆ្នាំង ជំនាន់ទី១១ ចំនួន១០៧អង្គ នាក់ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ បានឡើងការពារសារណា បញ្ចប់ ថ្នាក់បរិញ្ញាបត្រ បន្ទាប់ពីបានសិក្សាដោយជោគជ័យអស់រយៈពេលបួន ឆ្នាំតាមគោលការណ៍របស់សាលា ។

ពិធីការពារសារណានេះបានធ្វើឡើងក្រោមអធិបតីភាពព្រះចរណវិជ្ជា ចេម ធីរៈ ព្រះសាកលវិទ្យាការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និង ព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្ត និង ជាព្រះប្រធានសាខាសាកល វិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង និង លោកស្រី ប៊ន សុភី អភិបាល រង ខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីលោកសាស្រ្តាចារ្យ និង សមណនិស្សិត និងនិស្សិតផងដែរ ។

ព្រះសរណៈមង្គលប៉ុណ្យ ប៊ុនជីង ជាព្រះអនុប្រធានសាខាពុទ្ធិក សាកល វិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា សាខាពុទ្ធិក សាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមដំណើរ ការនៅឆ្នាំ២០០៨ ដែលជាសាកលវិទ្យាល័យ រដ្ឋតែមួយគត់នៅខេត្ត កំពង់ឆ្នាំង ។

ពុទ្ធិកសាកលវិទ្យាល័ព្រះសីហនុរាជខេត្តកំពង់ឆ្នាំង មកដល់នឹងពេលនេះ បានដំណើរការ ការពារបញ្ចប់សារណារបស់ខ្លួនបានចំនួន១០ ជំនាន់ ស្មើនឹង៥ឯកទេស ដែលមានសមណនិស្សិត និង និស្សិត ៩៨៨ អង្គនិង នាក់ ។ សម្រាប់ឆ្នាំសិក្សា២០២២ -២០២៣នេះ មានសមណនិស្សិត និស្សិត ជំនាន់ទី១១នេះ មានចំនួន១០៧អង្គនាក់ ដែលត្រូវបញ្ចប់ការពារសារណា របស់ខ្លួន ក្នុងឆ្នាំ២០២៣នេះ ៕សរន / N