ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រជុំពិភាក្សា លម្អិត និងត្រៀមលក្ខណៈម៉ត់ចត់មួយ សម្រាប់ព្រឹត្តិការណ៍ហែ និងរក្សាភ្លើងគប់ ឬព្រះអគ្គិកីឡាស៊ីហ្គេម ឆ្លងកាត់ដងផ្លូវជាតិលេខ៦ និងលេខ៥ នាថ្ងៃទី២ និង ៣ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ពោលគឺ ដើម្បីត្រៀមចូលរួមអបអរសាទរ ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ នៃការប្រកួតកីឡា នៃប្រទេសប្រជាជាតិអាស៊ីភាគអគ្នេយ៍ (SEA GAMES) លើកទី៣២ ថ្ងៃទី០៥-១៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋាន មរតកតេជោ ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ជាលើកដំបូង ។

នៅខេត្តបន្ទាយមានជ័យ បានត្រៀមសមាសភាពចម្រុះ ប្រមាណ ២ ម៉ឺននាក់ ចូលរួម ឈរអបអរតាមដងផ្លូវ និងមានអ្នករត់ និងកងកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ រាប់ពាន់នាក់ទៀត។ នេះបើយោងស្មារតីកិច្ចប្រជុំមួយ របស់គណៈបញ្ជាការកងឯកភាព រដ្ឋបាល ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការដែលមន្ត្រីបានប្រាប់កាសែតរស្មីកម្ពុជានៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងកិច្ចប្រជុំនោះ រដ្ឋបាលខេត្ត បានណែនាំឱ្យអនុវត្ត នៅអំឡុងពេលហែ និងរក្សាភ្លើង គប់ ឬព្រះអគ្គិកីឡាស៊ីហ្គេម រួមមានៈ ១-ពលរដ្ឋនៅតាមដងផ្លូវជាតិលេខ៦ និងលេខ៥ នៃភូមិសាស្ត្រខេត្ត ចងទង់ជាតិ ។ ២- ពង្រាយ ចល័តកម្លាំងថែរក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តាមដងផ្លូវ​និងកន្លែងរក្សាភ្លើងគុប (១យប់ នៅវត្តគិរីជុំចម្ការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ) ។ ៣-នៅមុខសាលាខេត្ត ត្រូវប្រើកម្លាំងចម្រុះ កីឡាករ កីឡាការិនី មានស្នាដៃ ពានរង្វាន់ និស្សិត ក្រុមជិះកង់ ម៉ូតូ រថយន្តកីឡា ប្រមាណ ១.០០០ នាក់។ ៤- មន្ត្រីរាជការ កងកម្លាំង ពលរដ្ឋ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស មហាជន ឱ្យឈរអមសងខាងផ្លូវជាតិលេខ៦ លេខ៥ (តែកំណាត់ផ្លូវ ជាតិលេខ៥ ដែលជាផ្លូវភ្លោះ ៤គន្លង ឈរតែម្ខាង) ។ ៥- ពេលអត្តពលឹករត់ដង្ហែ ភ្លើងគុបកាត់ខេត្តនេះ ២ ថ្ងៃគឺ បិទ/ផ្អាកចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៥(អូរញរ-សិរីសោភ័ណ) ថ្ងៃទី២ ខែឧសភា និងបិទ/ផ្អាកចរាចរណ៍ លើផ្លូវជាតិលេខ៦(សិរីសោភ័ណ-ក្រឡាញ់) ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ។ ៦-ថ្ងៃទី៣ ខែឧសភា ធ្វើពិធីបួងសួង ព្រះសង្ឃជយន្តោ និងថ្លែងអបអរកីឡាស៊ីហ្គេម នៅមុខសាលាខេត្ត រួចដង្ហែបន្ត កាត់ក្រុងសិរីសោភ័ណ និងស្រុកព្រះនេត្រព្រះ ឆ្ពោះទៅខេត្តសៀមរាប ។
៧- ត្រៀមមនុស្ស ២ ម៉ឺននាក់ ឈរអម អបអរបណ្តោយផ្លូវ នៃកំណាត់ផ្លូវជាតិទាំង ២ ជាដើម ។ ក្នុងនោះ លោក ជាអភិបាលរងខេត្ត អភិបាលរងស្រុក ក្រុង ប្រធាន អនុប្រធានមន្ទីរ ស្នងការរង មេបញ្ជាការរង… បានលើកឡើង ពីសមត្ថកិច្ចរបស់ខ្លួន ក្នុងការត្រៀមចូលរួម អនុវត្តព្រឹត្តិការខាងលើ ។

សូមបញ្ជាក់ថា ការរត់ព្រះអគ្គិកីឡា ឬភ្លើងគប់ ត្រូវចេញពីពហុកីឡដ្ឋានមរតកតេជោសែន ព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី៣០​ ខែមេសា រួចឆ្លងកាត់បណ្តាខេត្ត នៅជុំវិញបឹង ទន្លេសាប ដែលនឹងត្រូវប្រព្រឹត្តិទៅ នៅខែឧសភា ឆ្នាំ២០២៣ ដែលត្រូវឆ្លងកាត់ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ និងចុងក្រោយ ខេត្តកំពង់ចាម រួចវិលចូលពហុកីឡដ្ឋានវិញ ជាពេលចាប់ ផ្តើមប្រកួតតែម្តង ។

សូមបញ្ជាក់ដែរថា ក្រុមកីឡាជិះកង់ និងក្រុមម៉ូតូរបស់កងរាជអាវុធហត្ថ និងកងនគរបាល ជិះអមការមកដល់របស់ព្រះអគ្គិកីឡា ដែលនឹងត្រូវទទួលបន្ត ពីខេត្តបាត់ដំបង នៅត្រង់ ចំណុចអូរញរ មកដល់ស្រុកមង្គលបូរី កាត់តាមមុខសាលាខេត្តបន្ទាយមានជ័យ រួចត្រូវយកព្រះអគ្គិកីឡា ទៅរក្សាទុក នៅក្នុងវត្តចំការខ្នុរ ។ រង់ចាំថ្ងៃបន្ទាប់ ប្រគល់ជូន អ្នករត់ កាន់ព្រះអគ្គិកីឡា បន្តចេញពីក្រុងសិរីសោភ័ណ ឆ្ពោះទៅស្រុកព្រះនេត្រព្រះ នៅក្នុងថ្ងៃទី ៣ ខែឧសភា មុននឹងប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ទទួលបន្ត។ នៅក្នុងការទទួល និងស្វាគមន៍នេះផងដែរ គឺ តម្រូវឱ្យមានពាក់ឯកសណ្ឋានស៊ីរហូម ឱ្យបានគ្រប់គ្នា។

ដោយឡែក ការរៀបចំវេទិកាទំហំ (៦ម.គុណ ១២ម. ទទួលកំណត់ យកទីតាំងមុខ សាលាខេត្តផ្ទាល់ ដែលត្រូវប្រារព្ធ រយៈពេលមួយថ្ងៃ និងធ្វើសេចក្តីថ្លែងការណ៍របស់​សាលាខេត្ត និងរបស់ថ្នាក់ជាតិ ក្នុងអង្គពិធីវេទិកានេះផងដែរ ទាមទារឱ្យមានការចូល រួមឱ្យបានច្រើនកុះករ អំពីសំណាក់មហាជន មន្ត្រីរាជការ សិស្ស និស្សិត និងប្រជាពលរដ្ឋ ទាំងអស់នៅក្នុងខេត្ត។

សូមរំលឹកដែរថា យោងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMSOC) បានកំណត់យកថ្ងៃចេញដំណើរ នៃពិធីដង្ហែភ្លើងគុបស៊ីហ្គេម ឬព្រះអគ្គិកីឡា ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។ ភ្លើងគប់ នឹងចាប់ផ្តើមហែចេញ ពីខេត្តសៀមរាប ឆ្លងតាមខេត្ត ជាប់ដងទន្លេសាប និងប្រទេសតំបន់អាស៊ាន ១០ ផ្សេងទៀត មុនត្រឡប់មកកម្ពុជាវិញ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា នឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសុំភ្លើង «ព្រះអគ្គិកីឡា» ដើម្បីរៀបចំធ្វើជាភ្លើងគប់ រត់នៅខេត្តសៀមរាប នៅថ្ងៃទី២១ ខែមីនា ៕ V / N