ដោយ: ពៅនិមល / ភ្នំពេញ៖ លោក ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាថាៈ នៅឆ្នាំ២០២៣នេះ នឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ចិន ឱ្យកើនឡើងលើស ១២ ពាន់លាន ដុល្លារអាម៉េរិក គ្រាដែលឆ្នាំ២០២២ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ សម្រេចបានជាង ១១.៦៨៦ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ៥% បើធៀបទៅនឹងឆ្នាំ២០២១។
នៅក្នុងវេទិកាផ្សព្វផ្សាយ ពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ កាលពីព្រឹក ថ្ងៃទី១៥ ខែមីនា លោករដ្ឋលេខាធិការ បានមានប្រសាសន៍ថាៈ មកដល់ពេលនេះ កម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាអស់រយៈពេល ៦៥ ឆ្នាំមកហើយ។
លោកបានបន្តថាៈ តាមរយៈទំនាក់ទំនងការទូតនេះ ភាគីទាំងពីរ បានបង្កើនចំណង មិត្តភាពទ្វេភាគីកាន់តែរឹងមាំ និងស៊ីជម្រៅពីមួយឆ្នាំ ទៅមួយឆ្នាំ និងបានក្លាយទៅជា មិត្តភាពដែកថែបមិន អាចកាត់ផ្តាច់បាន ក្នុងការរួមគ្នាកសាង វឌ្ឍនភាព វិបុលភាព និងការយល់ចិត្តថ្លើមគ្នា។ កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិ ការគ្រប់ជ្រុងជ្រោយ ចាប់តាំងពីឆ្នាំ២០១0 កន្លងមក។ ចំណងមិត្តភាពនេះ ចាប់ផ្តើម មានអានុភាពខ្លាំងឡើងទ្វេដង និងទទួលបានផលប្រយោជន៍ ទាំងសងខាង។ នេះជាការ លើកឡើងបន្ថែមរបស់លោក ឈួន ដារ៉ា ។
លោកបានលើកឡើងបន្តថាៈ តាមរយៈគោលនយោបាយនេះ រដ្ឋាភិបាលនៃប្រទេស យើងទាំងពីរ បានធ្វើកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រួមគ្នា លើវិស័យសំខាន់ៗ ដូចជា វិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការកសាងសមត្ថភាព តំបន់សេដ្ឋកិច្ចពិសេស វប្បធម៌ និងទេសចរណ៍ ហិរញ្ញវត្ថុ និងការការពារអេកូបរិស្ថាន ហើយថ្មីៗនេះ កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលធ្វើឱ្យទំហំពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ កាន់តែរីកចម្រើនមួយកម្រិតទៀត។
លោកបានបន្ថែមថាៈ ដោយឡែក ទោះស្ថិតក្នុងគ្រាលំបាក ដែលបណ្តាលមកពី ការកើតឡើង នូវជំងឺកូវីដ-១៩ ក្តី ក្នុងឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ចិន បានដាក់ទុន វិនិយោគនៅកម្ពុជា មានចំនួន ១៨៦ គម្រោង គិតជាទឹកប្រាក់សរុបចំនួន ប្រមាណ ៤.០០០ លានដុល្លារអាមេរិក។
លោក អ៊ូ គួកឈាន (WU Guoquan) ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បាននិយាយថាៈ ទំនាក់ទំនងចិន-កម្ពុជា បាននាំមកនូវឱកាសអភិវឌ្ឍន៍ ក្នុងប្រវត្តិសាស្ត្រថ្មីមួយទៀត ខណៈប្រមុខថ្នាក់ដឹកនាំប្រទេសទាំងពីរ បានព្រៀមព្រៀងគ្នា ដើម្បីកសាងសហគមន៍ ជោគវាសនាចិន-កម្ពុជា ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។
លោកបានបន្ថែមថាៈ តាមរយៈការរៀបចំពិព័រណ៍ចិន-អាស៊ាន យើងនឹងបង្កើតឱកាស អាជីវកម្មបន្ថែមទៀត សម្រាប់សហគ្រាសកម្ពុជា តាមរយៈការតំឡើងនូវកម្រិតទាំង ៤ ឲ្យបានគ្រប់ជ្រុងជ្រោយ មានដូចជា ទី១.ការតំឡើងយន្តការសន្ទនាកម្រិតខ្ពស់ ឲ្យបាន គ្រប់ជ្រុងជ្រោយ, ២.ការការតំឡើងប្រសិទ្ធភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មឲ្យគ្រប់ជ្រុង ជ្រោយ, ៣.ការតំឡើង”ច្រកទ្វាណាននីង” ឲ្យទូលំទូលាយ និងទី៤.គឺការតំឡើងវេទិកា កិច្ចសហប្រតិបត្តិការ ដែលគ្មានទីបញ្ចប់ឲ្យបានទូលំទូលាយ។
គិតត្រឹមបំណាច់ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានជាង ១១.៦៨៦ លានដុល្លារអាម៉េរិក មានការកើនឡើងប្រមាណ ៥% បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញពីកម្ពុជាទៅចិន មានដូចជា អង្ករ, ចេក, ស្វាយ, មៀនស្រស់, សម្លៀកបំពាក់, គ្រឿងស្ពាន់ និងបន្ទះសៀគ្វីបោះពុម្ពតម្លើងរួចជាដើម។
ដោយឡែក ការនាំចូលពីចិន មកកម្ពុជាវិញ មានដូចជា ក្រណាត់ចាក់, គ្រឿងចក្រ, ក្រណាត់ត្បាញពីកប្បាស, ក្រដាសនិងក្រដាសកាតុង, ម៉ាស៊ីនអេឡិចត្រូនិក, គ្រឿងបន្លាស់ទោចក្រយានយន្ត, រថយន្ត និងអំពូលអគ្គិសនី ជាដើម -ល-៕ V / N
រូបភាព៖ ពៅនិមល