​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កងទ័ព​ជើង​ទឹក​ទៅ​ពី​ចិន រុស្ស៊ី​និង​អ៊ីរ៉ង់ កំពុង​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅក្នុង​ឈូង​សមុទ្រ​អូ​ម៉ង់ នេះ​បើ​តាម​ការប្រកាស​របស់​ក្រសួង​ការពារ​ជាតិចិន​កាលពី​​ថ្ងៃ​ពុធ​។​

​ក្រសួង​បាន​បន្ថែមថា ប្រទេស​មួយចំនួន​ទៀត ក៏​កំពុង​ចូលរួម​សមយុទ្ធ​Security Bond-2023 ដើម្បី​«ពង្រឹង​កិច្ច​សហការ​អនុវត្ត​ជាក់ស្តែង​រវាង​កងទ័ព​ជើង​ទឹក​នៃ​ប្រទេស​ចូលរួម​​និង​ចាក់​បញ្ចូល​ថាមពល​វិជ្ជមាន​ទៅក្នុង​សន្តិភាព​និង​ស្ថិរភាព​តំបន់​»​។​

​សមយុទ្ធ​ចាប់ពី​ថ្ងៃ​ពុធ​ដល់​ថ្ងៃអាទិត្យ​នេះ​ត្រូវបាន​រៀបចំ​ធ្វើឡើង​ចំ​ពេល​ភាព​តានតឹង​កើន​ឡើង​រវាង​អាម៉េរិក​និង​ចិន​លើ​បញ្ហា​មួយចំនួន​ធំ​ចាប់ពី​តៃវ៉ាន់ សមុទ្រ​ចិន​ខាងត្បូង ​សិទ្ធិមនុស្ស ពាណិជ្ជកម្ម​​រហូត​ដល់​សង្គ្រាម​អ៊ុ​យក្រែន​។​

​អ៊ីរ៉ង​និង​អាម៉េរិក​ក៏​ជា​គូសត្រូវ​នឹង​គ្នា​ចាប់តាំងពី​ការបង្កើត​សាធារណរដ្ឋ​អ៊ីស្លាម​នៅ​ឆ្នាំ​១៩៧៩ និង​ការចាប់​អ្នកការទូត​អាម៉េរិក​ធ្វើជា​ចំណាប់ខ្មាំង​។​

​ចិន​បាន​បញ្ជូន​នាវា​ពិឃាត​ណាន​នី​ញ​(Nanning)​បំពាក់​កាំជ្រួច​បញ្ជា​នាំ​ផ្លូវ ទៅ​ចូលរួម​សមយុទ្ធ​ដែល​ផ្តោត​លើ​ការងារ​ស្វែងរក​និង​ជួយ​សង្គ្រោះ​នៅ​សមុទ្រ​ព្រមទាំង​បេសកកម្ម​មិន​ប្រយុទ្ធ​ដទៃទៀត​៕

​ចិន​​បញ្ជូន​នាវា​ពិឃាត​Nanning​បំពាក់​កាំជ្រួច​បញ្ជា​នាំ​ផ្លូវ ទៅ​ចូលរួម​សមយុទ្ធ​នេះ​