ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ក៏ដូចជាជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើន ព្រមទាំងចៀសវាងគ្រោះ ថ្នាក់ផ្សេងៗ នៅក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពីធីបុណ្យចូលឆ្នាំ ប្រពៃណី ជាតិខ្មែរ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំចំនួន ៤ ចំណុច ដល់គ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន។

សេចក្តីណែនាំទាំងនេះ មានដូចខាងក្រោម៖
១- បង្កលក្ខណៈឱ្យប្អូនៗកុមារ សិស្សានុសិស្ស និងយុវជនយើង លេងល្បែង និងរបាំ ប្រជាប្រិយខ្មែរនៅមុន និង ក្នុង ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដូចជារបាំរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិ ។ល។ និងល្បែងប្រជាប្រិយ ខ្មែរមួយចំនួន ដូចជាល្បែង បោះអង្គញ់ ចោលឈូង ដណ្តើមស្លឹកឈើ ទាញព្រ័ត្រជាដើម។

២- ណែនាំដល់ លោកគ្រូអ្នកគ្រូ ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ជួយជំរុញលើកទឹក ចិត្ត និងសម្របសម្រួល ឱ្យប្អូនៗកុមារ សិស្សានុសិស្ស និងយុវជន លេងល្បែង និងរបាំ ប្រជាប្រិយខ្មែរទាំងឡាយ ដូចក្នុងចំណុចទីមួយ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

៣- ហាមឃាត់ និងទប់ស្កាត់រាល់ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំ ប្រជាប្រិយខ្មែរ និងល្បែងមួយ ចំនួនដែលប្រឈមនឹងហានិភ័យ អសុវត្ថិភាព និងគ្រោះ ថ្នាក់ ដូចជាដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាបម្សៅ ។ល។

៤- សហការជិតស្និទ្ធជាមួយមាតាបិតា ឬអាណាព្យាបាលសិស្ស សហគមន៍ អជ្ញាធរដែនដី ដើម្បីផ្ដល់ និងទទួលព័ត៌មាន ស្តីពីការលេងល្បែងអសុវត្ថិភាពទាំងឡាយ ទាំងក្នុង និងក្រៅគ្រឹះស្ថានសិក្សា ដើម្បីរួមគ្នាទប់ស្កាត់ និងដោះស្រាយបញ្ហា ទាន់ពេលវេលា៕ V / N