រថយន្ដ​ធុន​ធំបើក​បុក​បុរស​ម្នាក់ បណ្ដាល​ឲ្យ​បោក​ក្បាល​ស្លាប់​ភ្លាមៗ លើ​កំណាត់​ផ្លូវជាតិ​លេខ​១

1006
ចែករម្លែក

​ដោយ : ​ចាន់តូ​/ ​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ដេកស្លាប់​ភ្លាមៗ​យ៉ាង​អាណោច​អាធ​ម៍ ខណៈពេលដែល​កំពុង​ដើរ​ឆ្លងផ្លូវ ត្រូវ​រថយន្ដ​កុងតឺន័រ​មួយគ្រឿង បើក​បុក ហើយ​បន្ថែម​ល្បឿន​បើក​រត់គេច​បាត់ស្រមោល​។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១​និង​១០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៦ ខែ​កក្ដ​ដា ឆ្នាំ​២០១៨​នេះ នៅត្រង់ចំណុច​មុខផ្ទះ​លក់​សំបក​កង់​រថយន្ត​មួយកន្លែង តាម​កំណាត់​ផ្លូវជាតិ​លេខ​១ ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​(​សព​)​ឈ្មោះ ហ៊ុន ស្រស់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​ធ្វើ​សន្តិសុខ​យាម​នៅ​អគ្គីសនី​ច្បារអំពៅ ស្នាក់នៅ​កន្លែងធ្វើការ មាន​ស្រុកកំណើត​នៅ​ភូមិ​ឃ្នួ​ង ឃុំ​ខ្នារ​ឃ្នួ​ង ស្រុក​រំដួល ខេត្តស្វាយរៀង​

​ប្រភពព័ត៌មាន​ពី​អ្នកភូមិ​នៅ​កន្លែងកើតហេតុ​បាន​រៀបរាប់ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ​ដើរ​តាមផ្លូវ​ម្នាក់ឯង លុះដល់​វេលា​កើតហេតុ​ខាងលើ មិនដឹងថា​ជនរងគ្រោះ​មានបំណង​ដើរទៅ​ណា​ទេ ក៏បាន​ដើរ​ឆ្លងផ្លូវ ដោយ​មិនបាន​ប្រុងប្រយ័ត្ន ហើយ​ណាមួយ​ផ្លូវ​មាន​សភា​ពង​ងឹ​ង​ខ្លាំង​ផង ស្រាប់​តែមាន​រថយន្ដ​កុងតឺន័រ​ធុន​ធំ​មួយគ្រឿង ដែល​ប្រជាពលរដ្ឋ​អះអាងថា​ជា​រថយន្ត​កុងតឺន័រ (​តែ​មិន​ចាំ​ស្លាក​លេខ​ទេ​) ដែល​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន ទៅបុក​ចំ​ជនរងគ្រោះ​ខ្ទាត​ផ្លោង​បោក​ទៅលើ​ថ្នល់ បែកក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​កន្លែងកើតហេតុ​តែម្ដង​។ ក្រោយពី​បង្កហេតុ​ភ្លាម រថយន្ដ​បង្ក​បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​តែម្ដង​។

​សមត្ថកិច្ច​បាន​បន្ថែម​អោយដឹងថា នៅលើ​ខ្លួន​ជនរងគ្រោះ សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ ឃើញ​មាន​ទូរស័ព្ទ​មួយគ្រឿង ដែលជា​ការងាយស្រួល​ក្នុងការ​ទាក់ទង​ស្វែងរក​សាច់ញាតិ ។ ក្រោយមក​បាន​យក​ទូរស័ព្ទ​របស់​ជនរងគ្រោះ មករក​លេខ​ទាក់ទង​ទៅរក​សាច់ញាតិ​បាន​ហើយ រួច​រៀបរាប់​ប្រាប់​ពី​ដំណើររឿង ទើប​សាច់ញាតិ​ជនរងគ្រោះ ធ្វើដំណើរ​ចេញមក កន្លែងកើតហេតុ​។

​បច្ចុប្បន្ន​ក្រោយពេល​កើតហេតុ សម​ត្ថិ​កិច្ច​មូលដ្ឋាន​បាន​ចុះមក​កន្លែងកើតហេតុ រួច​អោយ​រថយន្ត​ដឹក​សព​រៀបចំ​ទុក​លើ​រថយន្ត​ដឹក​សព​បណ្ដោះអាសន្ន​សិន ដោយ​រងចាំ​សាច់ញាតិ​ជនរងគ្រោះ​មកដល់​កន្លែង​កើត ដើម្បី​ធ្វើ​របាយការណ៍​ប្រគល់​សព​បន្ត​អោយ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម