ដោយ: ពៅនិមល / ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្វែងរកឱកាសការងារថ្មី របស់កម្មករ កម្មការិនីរោងចក្រ ដែលបានបាត់បង់ការងារ ឬត្រូវព្យួរកិច្ចសន្យាការងារ នាពេលកន្លងមកនេះ។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងរៀបចំនូវព្រឹត្តិការណ៍ ជ្រើសរើសកម្មករ និយោជិត ទ្រង់ទ្រាយធំ នៅក្នុងទីតាំង «បុរីកម្មករ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ» នៅថ្ងៃទី១៧ ខែមីនានេះ ដោយមានរោងចក្រ សហគ្រាសធំៗ ចំនួន៥ ចូលរួមជ្រើសរើសកម្មករ កម្មការិនី ចំនួន ៥.៤៥០ នាក់។
លោក បណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ
ក្រសួងការងារ និងបណ្តុះបណ្តុះវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នេះ បានឲ្យដឹងថាៈ ក្រុមហ៊ុនទាំង ៥ ដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្ម ជាច្រើន ពាន់នាក់នេះ រួមមាន ក្រុមហ៊ុនញូវ៉ាយដ៍ អឹភែរឹល ឯ.ក , ក្រុមហ៊ុន ហ្វអេវើ អេហ្វយូធីហ្គាម៉ិន ឯ.ក , ក្រុមហ៊ុន ទ្រីមែន (ខេមបូឌា) ឯ.ក , ក្រុមហ៊ុន អ៊ែជ្យាល៍ ស្វេតថឺ (ខេមបូឌា) និងក្រុមហ៊ុន អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ឯ.ក។
សូមបញ្ជាក់ថា ការរៀបចំវេទិកាការងារនេះ គឺជាអន្តរាគមន៍ដោះស្រាយការងារបន្ទាន់ មួយទៀតរបស់រាជរដ្ឋាភិបាល ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្តេច តេជោ នាយករដ្ឋមន្ត្រី និងលោក បណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដើម្បីជួយដល់បងប្អូនកម្មករ កម្មការិនី ឲ្យឆាប់ទទួលបានការងារថ្មីឡើងវិញ ដើម្បីរក្សាលំនឹងជីវភាព និងប្រាក់ចំណូលកម្មករ កម្មការិនី បន្ថែមពីលើ ការទទួលបាននូវការគាំពារ តាមរយៈការឧបត្ថម្ភសាច់ប្រាក់ ដូចអំឡុងពេលនៃការព្យួរ កិច្ចសន្យាការងារ ក្នុងពេលរីករាលដាលជំងឺកូវីដ។
ក្រសួងការងារ បញ្ជូនមន្ត្រីមជ្ឈមណ្ឌលការងារចល័ត ដើម្បីចុះទៅ ផ្សព្វផ្សាយព័ត៌មាន ការងារនៅខេត្តកំពង់ស្ពឺ (រូបភាព៖ ក្រសួងការងារ)
ព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតទ្រង់ទ្រាយធំនេះ នឹងត្រូវរៀបចំឡើងដោយទីភ្នាក់ ងារជាតិមុខរបរ និងការងារ ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ, មន្ទីរការងារខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋទូទៅ នៅក្នុងខេត្ត ពិសេសកម្មករ កម្មការិនី ដែលរស់នៅក្នុងខេត្តកំពង់ស្ពឺទាំងមូល។ បន្ថែមលើនេះ ទីភ្នាក់ងារជាតិមុខរបរនិងការងារ បានរៀបចំបញ្ជូនមន្ត្រីមជ្ឈមណ្ឌលការងារចល័ត ដើម្បីចុះទៅផ្សព្វផ្សាយផ្ទាល់ដល់មូល ដ្ឋាន ដែលកម្មករ កម្មការិនី កំពុងរស់នៅ ដើម្បីកៀរគរឲ្យមានការចូលរួមកាន់តែច្រើន
និងឆាប់ទទួលបានការងារថ្មី តាមរយៈព្រឹត្តិការណ៍នេះ។
ដូច្នេះ សូមបងប្អូនកម្មករ កម្មការិនី ដែលចង់បានការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ កុំភ្លេច ត្រៀមចូលរួម ឲ្យបានរួសរាន់ ដើម្បីដាក់ពាក្យស្វែងរកការងារធ្វើ ជាមួយបណ្តារោងចក្រ សហគ្រាស ដែលកំពុងមានតម្រូវការ ជ្រើសរើសកម្លាំងពលកម្ម ជាច្រើននាក់ នៅខេត្តកំពង់ស្ពឺ នាពេលខាងមុខនេះ៕/V
ក្រសួងការងារ បញ្ជូនមន្ត្រីមជ្ឈមណ្ឌលការងារចល័ត ដើម្បីចុះទៅ ផ្សព្វផ្សាយព័ត៌មាន ការងារនៅខេត្តកំពង់ស្ពឺ (រូបភាព៖ ក្រសួងការងារ)