ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​និង​អាម៉េរិក​បាន​ជួប​សន្ទនា​គា្ន​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ពុធ​ជុំវិញ​ការ​ធ្លាក់ដ្រូន​អាម៉េរិក​ក្នុង​សមុទ្រ​ខ្មៅ​កាលពី​ថ្ងៃ​អង្គារ​។​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​​លោក សឺ​ហ្គេ សយ​ហ្គូ បាន​ប្រាប់​សម​ភាគី​អាម៉េរិក ឡយ អូ​ស្ទីន ថាការ​បង្ហោះ​ដ្រូ​ន​នៅក្បែរ​ឧបទ្វីប​គ្រី​ម៉េជា​ការបង្ក​រឿងនិង​អាច​នាំ​ដល់​ការ​ធ្វើ​អោយ​សភាពការណ៍​កាន់តែ​អាក្រក់​ឡើង​។​

​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​​លោក សឺ​ហ្គេ សយ​ហ្គូ

​លោក​សយ​ហ្គូ បាន​ប្រាប់​លោក​អូ​ស្ទីន​ថា «​គួរ​អោយ​កត់សំគាល់ថា ការ​បង្ហោះ​ដ្រូ​ន​យុទ្ធសាស្ត្រ​អាម៉េរិក​ម​កក្បែរ​ឆ្នេរ​គ្រី​ម៉េ​មាន​ចរិត​បង្ក​រឿង​និង​នាំអោយ​សភាពការណ៍​កាន់តែ​អាក្រក់​ឡើង​នៅ​តំបន់ស​មុ​​ទ្រ​ខ្មៅ​» នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​រុស្ស៊ី​។​

​សេចក្តីថ្លែងការណ៍​បន្ត​ថា​« រុស្ស៊ី​មិន​ចាប់អារម្មណ៍​នឹង​ដំណើរ​វិវត្តន៍​ដូច្នេះ​ទេ តែ​នៅពេល​ខាងមុខ​នឹង​ប្រតិកម្ម​ក្នុង​លក្ខណៈ​សមស្រប​»​។​

​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​បាន​និយាយថា ការ​បង្ហោះ​ដ្រូ​ន​មក​កៀក​ទឹកដី​រុស្ស៊ី​បែបនេះ​បង្ហាញ​ថា​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ចូលរួម​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ក្នុង​ការប្រយុទ្ធ​និង​បាន​បន្ថែមថា រដ្ឋាភិបាល​​ទីក្រុង​មូ​ស្គូ នឹង​ព្យាយាម​ស្រង់​ខ្មោច​ដ្រូ​ន​អាម៉េរិក​ចេញពី​សមុទ្រ​ខ្មៅ​។​

​ក្នុងពេល​ជាមួយគ្នា មន្ត្រី​អាម៉េរិក​បាន​និយាយថា ឧបទ្ទវហេតុ​នេះ​បាន​បង្ហាញ​ភាព​គឃ្លើន​របស់​រុស្ស៊ី​និង​ឥរិយាបទ​ដ៏​គ្រោះថ្នាក់ ហើយ​ប្តេជ្ញា​បន្ត​ធ្វើការ​ឈ្លបយកការណ៍​បន្តទៀត​។​

​សូមបញ្ជាក់​ថា រុស្ស៊ី​បាន​តវ៉ា​ជា​យូរ​មក​ហើយ​អំពី​ការហោះ​យកការណ៍​នៅក្បែរ​ព្រំដែន​របស់​ខ្លួន តែ​ឧបទ្ទវហេតុ​កាលពី​ថ្ងៃ​អង្គារ​បង្ហាញថា រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​កាន់តែ​បង្កើន​ការត្រៀមខ្លួន​ប្រឈមមុខ​នៅ​​ពេល​ភាព​តានតឹង​កើន​ឡើង​រវាង​មហាអំណាច​នុយគ្លេអ៊ែរ​ទាំងពីរ​៕

​លោក​ឡយ អូ​ស្ទីន ដែល​បាន​និយាយថា ឧបទ្ទវហេតុ​នេះ​ជា​ផ្នែក​នៃ​«​អំពើ​គឃ្លើន បង្ក​គ្រោះថ្នាក់​និង​មិន​មាន​សុវត្ថិភាព​»​ដោយ​អាកាសយានិក​រុស្ស៊ី នៅក្នុង​ដែនអាកាស​អន្តរជាតិ បាន​និយាយ​ទៅកាន់​សម​​ភាគី​រុស្ស៊ី សយ​ហ្គូ កាលពី​ថ្ងៃ​ពុធ​ជា​លើកដំបូង​ក្នុង​រយៈពេល​ប្រាំ​ខែ​មកនេះ​