​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​នៃ​ប្រទេស​ម៉ាឡាវី​បាន​អំពាវនាវ​កាលពី​ថ្ងៃ​ពុធ​ទី​១៥​មីនា​សម្រាប់​ការគាំទ្រ​ជា​សកល​ដើម្បី​ដោះស្រាយ “​សោកនាដកម្ម​ជាតិ​”​បន្ទាប់​ពី​ព្យុះ​ស៊ី​ក្លូន​​ហ្វ្រេត​ឌី (Freddy) បាន​វាយប្រហារ​ប្រទេស​អាហ្វ្រិក​ភាគ​អាគ្នេយ៍​មួយ​នេះ ដែល​បណ្តាល​ឱ្យ​មាន​ទឹក​ជំនន់​និង​ការ​រអិល​បាក់​ដី​សម្លាប់​មនុស្ស​រាប់រយ​នាក់​។​

​ព្យុះ​នេះ​បាន​ត្រឡប់​មក​ឆ្នេរសមុទ្រ​អាហ្វ្រិក​វិញ​កាលពី​ចុង​សប្តាហ៍​ជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​តិចជាង​បី​សប្តាហ៍ ដោយ​បន្សល់ទុក​នូវ​ការស្លាប់​និង​ការបំផ្លិចបំផ្លាញ​ប៉ុន្តែ​វា​មិន​បាន​បង្ក​ការបំផ្លាញ​ដល់​​ម៉ាឡាវី​ទេ​ពេល​វាយប្រហារ​លើកទីមួយ​។​

​លោក​ប្រធានាធិបតី ឡា​ហ្សា​រ៉ាស់ ឆា​ក់វេ​រ៉ា (Lazarus Chakwera) បាន​និយាយ​នៅក្នុង​ការប្រកាស​កាន់ទុក្ខ​ជាតិ​រយៈពេល​ពីរ​សប្តាហ៍​ថា​”​កម្រិត​នៃ​ការបំផ្លិចបំផ្លាញ​ដែល​យើង​កំពុង​ដោះស្រាយ​​នៅទីនេះ​គឺ​ធំ​ជាង​ធនធាន​ដែល​យើង​មាន​នៅក្នុង​ដៃ​របស់​យើង​ទៅទៀត​”​។​

​រដ្ឋាភិបាល​បាន​សន្យាថា​នឹង​ផ្តល់​ជំនួយ​ចំនួន ១,៦ ពាន់​លាន​ក្វា​ឆា (kwacha)​ឬ ១,៥ លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ប្រជាជន​ម៉ាឡាវី​រាប់ម៉ឺន​នាក់​ដែល​រង​ផល​ប៉ះពាល់​ដោយ​ព្យុះ​នេះ​ដែល​អាជ្ញាធរ​​និយាយ​ថា​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ២២៥ នាក់​នៅក្នុង​ប្រទេស និង​រាប់រយ​នាក់​រងរបួស​។​

​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ព្យាយាម​ស្វែងរក​អ្នក​នៅ​រស់រាន​មានជីវិត​នៅ​ផ្នែក​ខាងត្បូង​នៃ​ប្រទេស​ម៉ាឡាវី ភាគច្រើន​គឺ​នៅ​ជុំវិញ​រដ្ឋធានី​ពាណិជ្ជកម្ម​ប្លង់​ធៀ (Blantyre)​បន្ទាប់​ពី​ព្យុះ​ហ្វ្រេត​ឌី​វាយ​​លុក​ចូល​ប្រទេស​នេះ​និង​ប្រទេស​ជិតខាង ម៉ូ​សំ​ប៊ិក ដែល​បង្ក​ឱ្យ​មាន​ទឹកជំនន់​និង​ការ​រអិល​បាក់​ដី សម្លាប់​មនុស្ស​ជិត ២៩០ នាក់​នៅក្នុង​ប្រទេស​ទាំង​ពីរ​។​

​ព្យុះ​ស៊ីក្លូន​នេះ​បាន​ចាប់ផ្តើម​ថមថយ​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ធ្វើ​ដំណើរ​ចម្ងាយ ៨.០០០ គីឡូម៉ែត្រ​កាត់​មហាសមុទ្រ​ឥណ្ឌា មុន​ពេល​វិល​បក​ក្រោយ​វិញ​លើ​មហាសមុទ្រ ហើយ​បន្ទាប់មក​ប្តូរ​ទិស​វាយប្រហារ​ទ្វីបអាហ្វ្រិក​ជា​លើក​ទី​ពីរ ដោយ​បង្កើត​បាន​កំណត់ត្រា​ក្រៅ​ផ្លូវការ​ជា​ព្យុះ​ត្រូពិច​យូរ​ជាង​គេ​លើ​ពិភពលោក​។​

​លោក​ឆា​ក់វេ​រ៉ា​និយាយថា ព្យុះ​ហ្វ្រេត​ឌី​គឺជា​ព្យុះ​ទី​៣ ដែល “​វាយលុក​” ប្រទេស​ម៉ាឡាវី​ក្នុង​រយៈពេល ១៣ ខែ ដោយ​ហៅ​វា​ថា “​ជា​សក្ខីភាព​នៃ​ការ​ពិត​នៃ​ការប្រែប្រួល​អាកាសធាតុ​”​។​

​បន្ទាប់​ពី​ចុះទៅ​មើល​តំបន់​រងគ្រោះ​មួយចំនួន លោក​បាន​និយាយថា ការខូចខាត​និង​ស្ថានភាព​លំបាក​របស់​ជន​រងគ្រោះ​គឺ “​អាក្រក់​ជាង​រូបភាព​និង​វីដេអូ​ដែល​យើង​បានឃើញ​”៕

ម៉ាឡាវី​អំពាវនាវ​សុំ​ជំនួយ​ពី​សកលលោក​សម្រាប់​ជនរងគ្រោះ​ដោយ​ព្យុះ