​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ សារព័ត៌មាន​ប៊ី​ប៊ី​ស៊ីបាន​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៥​មីនា​ថា ធនាគារជាតិ​អង់គ្លេស​បាន​រក្សា​ការទាក់ទង​ជាមួយ​អាជ្ញាធ​រស្វី​ស​និង​ធនាគារ Credit Suisse ជុំវិញ​វិបត្តិ​នៅ​ធនាគារ​ផ្តល់​ប្រាក់​កម្ចី​មួយ​នេះ​។​

​និយតក​រស្វី​ស​បាន​និយាយថា ពួកគេ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ជួយ​ដល់​ធនាគារ​យក្ស​ដែល​កំពុង​មាន​បញ្ហា​នេះ ប្រសិនបើ​ចាំបាច់​។​

​វិនិយោគិន ដែល​កំពុង​ភ័យ​រួច​ទៅ​ហើយ​ដោយ​បរាជ័យ​របស់​ធនាគារ​អាម៉េរិក មាន​ការព្រួយបារម្ភ​អំពី​ស្ថានភាព​របស់​ធនាគារ Credit Suisse​។​

​ភាគហ៊ុន​នៅក្នុង​ធនាគារ​បាន​ធ្លាក់ចុះ ២៤% ដល់​កម្រិត​ទាប​បំផុត បន្ទាប់​ពី​ធនាគារ​និយាយថា​ខ្លួន​បាន​រកឃើញ “​ភាពទន់ខ្សោយ​” នៅក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ខ្លួន​។​

​ការព្រួយបារម្ភ​នេះ​បាន​រីក​រាលដាល​ពាស​ពេញទី​ផ្សារ​ភាគហ៊ុន ដោយ​ស​ន្ទ​ស្សន៍សំខាន់ៗ​ទាំងអស់​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​កាលពី​ថ្ងៃ​ពុធ​។​

​ធនាគារ​ជាតិ​ស្វីស (SNB) និង​អាជ្ញាធរ​ត្រួតពិនិត្យ​ទីផ្សារ​ហិរញ្ញវត្ថុ​ស្វីស​បាន​ស្វែងរក​ការរំងាប់​ការភ័យខ្លា​ចទាំង​នោះ ដោយ​និយាយថា ពួកគេ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ជួយ​ធនាគារ Credit Suisse ប្រសិនបើ​ចាំបាច់​។​

​ពួកគេ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ថា​”​មិន​មាន​ការចង្អុលបង្ហាញ​អំពី​ហានិភ័យ​ផ្ទាល់​រាលដាល​ដល់​ស្ថាប័ន​ស្វីស​ដោយសារ​តែ​ភាពចលាច​ល​នាពេល​បច្ចុប្បន្ន​នៅក្នុង​ទីផ្សារ​ធនាគារ​របស់​​សហរដ្ឋ​អាម៉េរិក​នោះទេ​”​។​

​និយតករ​បាន​និយាយថា ច្បាប់​តឹងរ៉ឹង​នឹង​អនុវត្ត​ចំពោះ​ស្ថាប័ន​ហិរញ្ញវត្ថុ​ស្វីស​ដើម្បី “​ធានា​ស្ថិរភាព​របស់​ពួកគេ​” ហើយ​ធនាគារ Credit Suisse ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ធនាគារ​នានា ដែល​គេ​ចាត់ទុកថា​មាន​សារៈសំខាន់​ជា​ប្រព័ន្ធ​”​។​

​ពួកគេ​បាន​បន្ថែមថា “​ប្រសិនបើ​ចាំបាច់ SNB នឹង​ផ្តល់​សាច់ប្រាក់​ងាយស្រួល​ដល់​ធនាគារ Credit Suisse”​។​

​ប៊ី​ប៊ីស៊ី​និយាយថា ធនាគារជាតិ​អង់គ្លេស​បាន​ទាក់ទង​ជាមួយ​ធនាគារ Credit Suisse និង​អាជ្ញាធរ​ស្វីស ដើម្បី​តាមដាន​ស្ថានការណ៍​។​

​មុននេះ ការភ័យខ្លាច​អំពី​ភាពទន់ខ្សោយ​របស់​តួអង្គ​ធនាគារ​អន្តរជាតិ​ដ៏​ធំ​បែប​នេះ​បានដាក់​សម្ពាធ​លើ​ភាគហ៊ុន​ធនាគារ​នៅ​ជុំវិញ​ពិភពលោក ដោយ​ស​ន្ទ​ស្សន៍​ភាគហ៊ុន​ធនាគារ Stoxx Europe ធ្លាក់ចុះ ៧% ។​

​នៅ​ចក្រភព​អង់គ្លេស ស​ន្ទ​ស្សន៍ FTSE 100 បាន​ធ្លាក់ចុះ ៣,៨% ឬ ២៩៣ ពិន្ទុ ដែល​ជា​ការធ្លាក់​ចុះ​ធំ​បំផុត​ក្នុងពេល​តែ​មួយ​ថ្ងៃ ចាប់តាំងពី​ថ្ងៃ​ដំបូង​នៃ​ជំងឺ​រាតត្បាត​ក្នុង​ឆ្នាំ ២០២០​។​

​ស​ន្ទ​ស្សន៍ Dax របស់​អាល្លឺម៉ង់​បាន​ធ្លាក់ចុះ​ជា​ង ៣% ហើយ​ស​ន្ទ​ស្សន៍ Cac 40 របស់​បារាំង​បាន​ធ្លាក់ចុះ​ប្រហែល ៣,៥% ។ នៅ​ប្រទេស​អេ​ស្ប៉ា​ញ Ibex 35 បាន​ធ្លាក់ចុះ​ជាង ៤% ។​

​នៅ​សហរដ្ឋ​អាម៉េរិក ភាគហ៊ុន​ទាំង​នៅក្នុង​ធនាគារ​តូច​និង​ធំ​ត្រូវបាន​វាយ​សំពង ដោយ​ទាញ​ទម្លាក់​ស​ន្ទ​ស្សន៍ Dow ធ្លាក់ចុះ ០,៩% ខណៈ S&P 500 បាន​ធ្លាក់ចុះ ០,៧% ។ Nasdaq បាន​រក្សា​កម្រិត​ថេរ​ពេញ​មួយ​ថ្ងៃ​។​

​លោក អាន់​ឌ្រូ កេន​នីង​ហាម (Andrew Kenningham) មកពី Capital Economics បានសរសេរថា “​បញ្ហា​នៅក្នុង​ធនាគារ Credit Suisse ជាថ្មី​ម្តងទៀត​បាន​ចោទ​ជា​សំណួរ​ថា​តើ​នេះ​ជា​ការចាប់ផ្តើម​នៃ​វិបត្តិ​សកល​ឬ​គ្រាន់តែ​ជា​ករណី​ដួលរលំ​ទ្រព្យសម្បត្តិ​បុគ្គល​មួយ​ផ្សេងទៀត​”៕

​ធនាគារ Credit Suisse កំពុង​ស្វែងរក​ការសង្គ្រោះ​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ស្វីស