ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ដោយសាររឿងគំនុំ ក្មេងពាលមួយក្រុម មានគ្នា ប្រាំមួយនាក់ បានជិះម៉ូតូ បីគ្រឿង ចេញដេញកាប់លើគូគំនុំជម្លោះ ពីរនាក់ ជិះម៉ូតូមួយ គ្រឿង បណ្ដាលឱ្យជនរងគ្រោះម្នាក់ រងរបួសធ្ងន់ នៅកន្លែងកើតហេតុ រីឯពួកក្មេងពាល បាននាំគ្នាជិះម៉ូតូ គេចខ្លួនបាត់អស់។ ក្នុងចំណោមក្មេងពាលទាំងនោះ នគរបាលខេត្ត បានឃាត់ខ្លួនក្មេងពាល ពីរនាក់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងបានកំបុងស្រាវជ្រាវ តាមចាប់ បួននាក់ទៀត ដែលកំពុងតែគេចខ្លួន។
អំពើល្មើសបំផ្លាញផែនការភូមិ ឃុំ មានសុវត្ថិភាពនេះ បានកើតឡើង នៅវេលាម៉ោង ១២ រំលងអធ្រាត្រ ឈានចូលថ្ងៃ១៥ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ៦ ស្ថិតក្នុងភូមិ កំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
យោងសមត្ថកិច្ចបានឲ្យដឹង នៅថ្ងៃទី១៦ ខែមីនាថាៈ មុនពេលកើតហេតុ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១២ ឈានចូលថ្ងៃទី១៥ ជនសង្ស័យទាំង ពីរនាក់ និងបក្ខពួក បួននាក់ទៀត បានជិះម៉ូតូ បីគ្រឿង កាន់កាំបិតកែច្នៃ និងប៉័ងតោ ជិះម៉ូតូមក ដល់ចំណុចគ្លីនិក បានសុខ នៅផ្លូវជាតិលេខ៥៦ ភូមិកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានដេញកាប់ជនរងគ្រោះចំនួន ពីរនាក់ មានៈ ១-ឈ្មោះនី វណ្ណថៃ អ្នកបើកម៉ូតូ និង២-ឈ្មោះអុន ម៉ានី អ្នករួមដំណើរ ដែលកំពុងបើកម៉ូតូ ទៅទិញបាយហូប នៅវេទិកា ឬសួនមានជ័យ ។ ក្មេងទំនើងទាំងប្រាំមួយនាក់ ក៏តាមដេញកាប់ទាំងកម្រោល ទៅលើជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះ រងរបួសធ្ងន់ មួយនាក់។ នៅព្រឹកបន្ទាប់ មក ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនគរបាល។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានចេញ បទបញ្ជាឲ្យលោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យព្រហ្មទណ្ឌកម្រិត ស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងជំនាញ ចុះស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនបានជនសង្ស័យចំនួន ពីរនាក់ គឺម្នាក់កាន់ប៉័ងតោ និងម្នាក់ទៀត កាន់កាំបិទកែច្នៃ ។ ចំណែកបក្ខពួកចំនួន បួននាក់ទៀត កំពុងតែគេចខ្លួន។
សមត្ថកិច្ច បានឃាត់ជនសង្ស័យ ១-ឈ្មោះលី ដូច អាយុ ១៩ឆ្នាំ មុខរបរ កម្មករ និង ២.ឈ្មោះ រី សាវ៉ាត់ អាយុ១៨ឆ្នាំ ទាំងពីរនាក់ ជាជនដៃដល់ កាប់ជនរងគ្រោះ និងរស់នៅ ភូមិពង្រ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យ បានប្រាប់សមត្ថកិច្ចថាៈ រឿងនេះ ជាការជម្រះបញ្ជីរឿងគំនុំរបស់ពួកខ្លួន៕ V / N