ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ នៅក្នុងសុន្ទរកថាទទួលយកពានដ៏រំជើបរំជួលរបស់គាត់ បន្ទាប់ពីឈ្នះពានរង្វាន់តួរងឆ្នើមនៅឯកម្មវិធីប្រគល់ពានអូស្ការ លោក កេ ហ៊ុយ ក្វាន (Ke Huy Quan) បាននិយាយអំពីការធ្វើដំណើររបស់គាត់កាលពីក្មេងនៅលើទូកពីប្រទេសវៀតណាមតាមរយៈជំរំជនភៀសខ្លួននៅហុងកុងទៅកាន់រដ្ឋកាលីហ្វ័រញ៉ា។
គាត់បាននិយាយថា “ខ្ញុំបានចំណាយពេលមួយឆ្នាំនៅក្នុងជំរំជនភៀសខ្លួន ហើយចុងបញ្ចប់ខ្ញុំបាននៅលើឆាកដ៏ធំបំផុតរបស់ហូលីវូដ។ ពួកគេនិយាយថារឿងបែបនេះកើតឡើងតែនៅក្នុងខ្សែភាពយន្ត។ ខ្ញុំសឹងតែមិនជឿថាវាកើតឡើងចំពោះខ្ញុំ។ នេះជាសុបិនអាម៉េរិកាំង”។
គាត់គឺជាមនុស្សដំបូងគេដែលមានដើមកំណើតវៀតណាមដែលឈ្នះពានរង្វាន់អូស្ការ ហើយជាមនុស្សម្នាក់ក្នុងចំណោមពីរនាក់ដែលត្រូវបានតែងតាំងនៅឆ្នាំនេះ ដោយម្នាក់ទៀតគឺលោកស្រី ហ័ន ចាន់ (Hoan Chan) ក្នុងរឿង The Whale ដែលគ្រួសាររបស់លោកស្រីក៏បានភៀសខ្លួនពីប្រទេសវៀតណាមតាមទូកផងដែរ។
ប៉ុន្តែនៅក្នុងប្រទេសវៀតណាម ប្រតិកម្មជាផ្លូវការគឺសឹងតែគ្មាន។ របាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋស្ទើរតែទាំងអស់ បាននិយាយតិចតួចអំពីលោក កេ ហ៊ុយ ក្វានឬប្រវត្តិសាវតារបស់គាត់។
សារព័ត៌មានខ្លះបានសង្កត់ធ្ងន់អំពីដើមកំណើតជនជាតិចិនរបស់តារាសម្ដែងរូបនេះ ជាជាងដើមកំណើតវៀតណាម។ គាត់កើតនៅរដ្ឋធានីសៃហ្គនរបស់វៀតណាមខាងត្បូងក្នុងឆ្នាំ ១៩៧១ដោយគ្រួសាររបស់គាត់ជាផ្នែកនៃជនជាតិភាគតិចចិនដែលជោគជ័យខាងជំនួញ។ គ្មានសារព័ត៌មានណាមួយនិយាយអំពីដំណើររបស់គាត់ពីវៀតណាមក្នុងនាមជាជនភៀសខ្លួន ដែលចាកចេញទាំងហ្វូងៗតាមទូក នៅក្នុងអ្វីដែលគេហៅថា “ជនភៀសខ្លួនតាមទូក” នោះទេ។
កាសែតថាញ់នៀន( Thanh Nien) បានសរសេរតែថា “គាត់បានកើតក្នុងឆ្នាំ ១៩៧១ ក្នុងគ្រួសារជនជាតិចិននៅទីក្រុងហូជីមិញ [ឈ្មោះផ្លូវការរបស់សៃហ្គន] ហើយបន្ទាប់មកបានផ្លាស់ទៅរស់នៅសហរដ្ឋអាម៉េរិកនៅចុងទសវត្សរ៍ឆ្នាំ ១៩៧០”។
កាសែតតួចជែ( Tuoi Tre) បានសរសេរថា “ក្វាន កេ ហ៊ុយ កើតក្នុងឆ្នាំ ១៩៧១ ក្នុងប្រទេសវៀតណាមក្នុងគ្រួសារចិន ដែលមានម្តាយជាជនជាតិហុងកុង និងឪពុកជាជនជាតិចិនដីគោក”។
សារព័ត៌មានវ៉េអិន អិនស្ព្រេស( VN Express) បានសរសេរថា តារាសម្តែងនេះ “មានឪពុកម្តាយជាជនជាតិចិននៅតំបន់ចូឡុន (Cho Lon)” ជាសង្កាត់ពាណិជ្ជកម្មនៃទីក្រុងសៃហ្គន ដែលសម្បូរជនជាតិចិនរស់នៅ។
គ្មាននរណាម្នាក់នៅក្នុងរដ្ឋាភិបាលវៀតណាមនិយាយអ្វីនោះឡើយ ទោះបីជាវាប្រហែលជាមិនសូវភ្ញាក់ផ្អើលពីបក្សកុម្មុយនីស្តដែលតែងតែមានទម្លាប់តឹងតែងបែបនេះក៏ដោយ។ ហេតុអ្វីបានជាមានការស្ទាក់ស្ទើរក្នុងការទទួលស្គាល់តារាសម្តែងដែលទទួលបានជោគជ័យ និងឥឡូវមានការទទួលស្គាល់ជាសកល ដែលទទួលស្គាល់ខ្លួនគាត់ដោយបើកចំហថាមានដើមកំណើតវៀតណាម?
ការចាកចេញរបស់ប្រជាជនតាមទូកក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និង ៨០ គឺជាសម័យកាលដ៏ខ្មៅងងឹតបំផុតនៅក្នុងប្រវត្តិសាស្ត្រនាពេលថ្មីៗនេះរបស់វៀតណាម។ មនុស្សជាង ១,៥ លាននាក់បានចាកចេញ ភាគច្រើនជាជនជាតិចិន ដែលតែងជិះទូកពុកផុយឆ្លងកាត់សមុទ្រចិនខាងត្បូង។
យោងតាមអង្គការ UNHCR មនុស្សចន្លោះពី ២០០.០០០ ទៅ ៤០០.០០០ នាក់បានស្លាប់ ដោយខ្លះស្លាប់ក្រោមកណ្តាប់ដៃចោរសមុទ្រ។សម្រាប់គណបក្សកុម្មុយនីស្តដែលនៅពេលនោះទើបតែកម្ចាត់កម្លាំងយោធារបស់សហរដ្ឋអាម៉េរិក ការឈ្នះពាននេះគឺជារឿងដែលពួកគេចង់បំភ្លេចចោល។ ពានរង្វាន់អូស្ការរបស់លោក កេ ហ៊ុយ ក្វាន កំពុងនាំរឿងខ្មៅងងឹតនេះមកវិញ។
ដំណើរសោកនាដកម្មរបស់អ្នកជិះទូកក៏ជាការរំលឹកពីទំនាក់ទំនងដ៏ជូរចត់របស់វៀតណាមជាមួយប្រទេសជិតខាងចិនផងដែរ។រដ្ឋកុម្មុយនីស្តទាំងពីរមានភាពស្និទ្ធស្នាលគ្នាខ្លាំងណាស់នៅក្នុងបណ្តាឆ្នាំកកើតបក្សរបស់ពួកគេបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ដោយបរិមាណជំនួយដ៏ច្រើនសន្ធឹករបស់ចិនបានទៅកាន់វៀតណាមខាងជើងក្នុងអំឡុងការតស៊ូរបស់ពួកគេប្រឆាំងនឹងបារាំងនិងបន្ទាប់មកអាម៉ារិកាំង។
ប៉ុន្តែមុនគ្រានៃជ័យជម្នះរបស់វៀតណាមខាងជើងក្នុងខែមេសា ឆ្នាំ ១៩៧៥ និងការបង្រួបបង្រួមប្រទេសឡើងវិញ ទំនាក់ទំនងគឺកាន់តែតានតឹង។រឿងនេះបានកើតឡើងនៅពេលដែលថ្នាក់ដឹកនាំបក្សកុម្មុយនីស្តរបស់វៀតណាមបានចាប់ដៃជាមួយសហភាពសូវៀតជុំវិញជម្លោះរវាងចិន-សូវៀត និងការភ្ជាប់ទំនាក់ទំនងរបស់ចិនជាមួយសហរដ្ឋអាម៉េរិក។
ជនជាតិភាគតិចចិន ដែលភាគច្រើនរស់នៅក្នុងសង្កាត់ចូឡុន រួមទាំងគ្រួសាររបស់លោក កេ ហ៊ុយ ក្វាន បានជាប់ផុងក្នុងរឿងនេះ។ ពួកគេបានរងសម្ពាធរួចទៅហើយពីពួកកុម្មុយនីស្ត ដែលទទួលបានជ័យជម្នះ ក្នុងនាមពួកគេជាក្រុមមូលធននិយមដ៏សំខាន់នៅប្រទេសវៀតណាមខាងត្បូង ដែលគេសង្ស័យថាមានភក្តីភាពចំពោះរបបដែលចាញ់សង្គ្រាម។ជនជាតិចិនភាគតិចជាច្រើនត្រូវបានបញ្ជូនទៅជំរំអប់រំកែប្រែ។
សេដ្ឋកិច្ចរបស់វៀតណាមបានស្ថិតក្នុងស្ថានភាពដុនដាបអស់ជាច្រើនឆ្នាំបន្ទាប់ពីសង្គ្រាម ដោយរងទុក្ខវេនទាពីការខូចខាតដ៏ធំធេងដែលខ្លួនបានទទួលរង ភាពឯកោអន្តរជាតិរបស់ខ្លួននិងដោយគោលនយោបាយសង្គមនិយមមិនចេះបត់បែននៃរបបថ្មី។ ដោយសារពួកគេតែងមានលុយសូកប៉ាន់មន្ត្រីនិងជួលទូក ជនជាតិចិនបានចាប់ផ្តើមចាកចេញទ្រង់ទ្រាយធំក្នុងខែកញ្ញា ឆ្នាំ១៩៧៨។
ការសម្រុកចាកចេញនេះមានសម្ទុះខ្លាំង បន្ទាប់ពីការវាយប្រហាររបស់ចិនលើវៀតណាមក្នុងខែកុម្ភៈ ឆ្នាំ ១៩៧៩ ជាពេលដែលអារម្មណ៍ស្អប់ចិនកើនឡើងដល់កំពូល។អារម្មណ៍ស្អប់នេះបានបន្តអស់រយៈពេលជាងមួយទសវត្សរ៍។
ទំនាក់ទំនងដែលមានបញ្ហាជាមួយចិននៅតែបន្តរហូតដល់បច្ចុប្បន្ន ប៉ុន្តែមិនមានបញ្ហាជាមួយជនជាតិចិនភាគតិចទេ។ ពួកវៀតគៀវ ដែលគេសំដៅលើជនភៀសខ្លួនត្រូវបានហៅឱ្យត្រឡប់មកវៀតណាមវិញ និងរស់នៅរកស៊ីមានបានគ្រប់គ្នា។
ប៉ុន្តែការអាក់អន់ចិត្តចំពោះគោលនយោបាយវាទទីរបស់ចិនលើកោះជម្លោះនៅសមុទ្រចិនខាងត្បូងនិងការកើនឡើងនៃឥទ្ធិពលសេដ្ឋកិច្ចរបស់ចិន បានជំរុញឱ្យមានអារម្មណ៍ប្រឆាំងចិនយ៉ាងខ្លាំងក្លាក្នុងចំណោមប្រជាជនវៀតណាម។
មនុស្សម្នាក់បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ BBC Vietnam ថា “គាត់ [កេ ហ៊ុយ ក្វាន] មិនមែនជាជនជាតិវៀតណាមទេ គាត់គ្រាន់តែជាជនជាតិចិន-វៀតណាម ហើយកើតនៅប្រទេសវៀតណាម។ យើងត្រូវតែបញ្ជាក់គ្នាឱ្យច្បាស់រឿងនេះ”។
ម្នាក់ទៀតសរសេរថា “គេគួរតែសរសេរឱ្យច្បាស់ថាគាត់ជាជនជាតិចិនអាម៉េរិកាំង ដែលគាត់ធ្លាប់មានសញ្ជាតិវៀតណាម! ខ្ញុំមិនមើលឃើញជា “ដើមកំណើតវៀតណាម” នៅទីនេះទេ!”។
ប៉ុន្តែម្នាក់ទៀតសរសេរថា “យើងគួរនិយាយថា គាត់ជាជនជាតិវៀតណាម ព្រោះគាត់កើតនៅវៀតណាម ហើយមានដើមកំណើតចិន”៕
លោក កេ ហ៊ុយ ក្វាន ឈ្នះពានអូស្ការ ហើយអះអាងថាគាត់ជាជនជាតិវៀតណាម ត្បិតប្រជាជនវៀតណាមិនទទួលស្គាល់គាត់ក្តី